
បង្កើតមកដើម្បីធ្វើការល្អ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 12, 2025
«ហើយត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សម្រាប់បំពេញកិច្ចដែលខ្វះខាត ដើម្បីកុំឲ្យគេនៅតែឥតផលប្រយោជន៍នោះឡើយ» (ទីតុស ៣:១៤)។
អ្នកមានវត្តមាននៅលើផែនដីនេះ មិនមែនដោយចៃដន្យនោះទេ ប៉ុន្តែជាជម្រើសរបស់ព្រះអម្ចាស់។ អ្នកមិនច្នៃបង្កើតខ្លួនឯង ឬមានផ្នែកណាមួយនៃរូបកាយ ដែលបានបង្កើតដោយខ្លួនឯងទេ។ ព្រះអង្គបានផ្សំគ្រឿងទាំងអស់នៃរូបកាយអ្នកចូលគ្នាក្នុងផ្ទៃម្តាយរបស់អ្នកយ៉ាងផ្ចិតផ្ចង់ (ទំនុកតម្កើង ១៣៩:១៣)។ ព្រះហស្តរបស់ព្រះបានសូនរូបអ្នកឲ្យធ្វើជាមនុស្សម្នាក់ដែលមានអត្តសញ្ញាណ។ ព្រះអង្គបង្កើតអ្នកចំពេលដែលព្រះអង្គសព្វព្រះទ័យនឹងបង្កើតអ្នក ហើយព្រះអង្គដាក់អ្នកក្នុងចំណុចនេះក្នុងប្រវត្តិសាស្ត្រ ដើម្បីឲ្យអ្នកអាចធ្វើការល្អ ដែលព្រះអង្គមានផែនការឲ្យអ្នកធ្វើដោយព្រះគុណតាមរយៈសេចក្តីជំនឿ (អេភេសូរ ២:១០)។
ម្យ៉ាងទៀត អ្នកបានទទួលព្រះគុណថែមពីលើព្រះគុណ ដើម្បីឲ្យអ្នកបានធ្វើការល្អ។ ការបង្រៀនអំពី «ការធ្វើការល្អ» ប្រហែលមិនមែនជាអ្វីដែលយើងគិតមុនគេ នៅពេលដែលយើងពិចារណាអំពីការផ្លាស់ប្ដូរដែលព្រះគុណរបស់ព្រះមានមកលើជីវិតយើងឡើយ ប៉ុន្តែវាជាចំណុចចម្បងគេ ដែលសាវ័ក ប៉ុល បានផ្ដោតទៅលើ។ ក្នុងសំបុត្រដែលគាត់សរសេរផ្ញើទៅលោក ទីតុស គាត់បានបង្រៀនថា «ទ្រង់បានថ្វាយព្រះអង្គទ្រង់ជំនួសយើងរាល់គ្នា ដើម្បីនឹងលោះយើងឲ្យរួចពីគ្រប់ទាំងសេចក្ដីទទឹងច្បាប់ ហើយនឹងសម្អាតមនុស្ស១ពួក ទុកដាច់ជារាស្ត្ររបស់ផងទ្រង់ ដែលឧស្សាហ៍ធ្វើការល្អ» (ទីតុស ២:១៤)។ សាវ័ក ប៉ុល បាននិយាយសង្កត់ធ្ងន់ដូចនេះជាច្រើនដង ក្នុងសំបុត្រនេះ ហើយនិយាយសង្កត់ធ្ងន់ខ្លាំងបំផុតនៅក្នុងការលើកទឹកចិត្តចុងក្រោយរបស់គាត់ យ៉ាងដូចនេះថា «ត្រូវឲ្យពួកយើងហាត់ធ្វើការល្អឲ្យអស់ពីចិត្ត សម្រាប់បំពេញកិច្ចដែលខ្វះខាត» (៣:១៤)។
ភាពឆេះឆួលរបស់សាវ័ក ប៉ុល ក្នុងការធ្វើការល្អ ដែលគាត់បានលើកយកនិយាយនេះ គឺផ្ទុយស្រឡះនឹងវប្បធម៌របស់គាត់ទាំងស្រុង ទាំងក្នុងសម័យគាត់ក៏ដូចជាសម័យរបស់យើង។ យើងរស់នៅក្នុងលោកីយ៍ ដែលមានពេញទៅដោយការជំរុញចិត្តឲ្យដេញតាមការរស់នៅ ចូលចិត្តការសម្រាកលំហែបែបអាត្មានិយម។ ដូចនេះ តើធ្វើដូចម្ដេចឲ្យយើងអាចយកតម្រាប់តាមសាវ័ក ប៉ុល ហើយពូកែខាងធ្វើការល្អ?
ទីមួយ យើងចាំបាច់ត្រូវដឹងច្បាស់ថា ការខិតខំធ្វើការល្អ មិននាំឲ្យយើងទទួលបានសេចក្តីសង្គ្រោះព្រះនោះទេ។ យើងធ្វើការល្អ មិនមែនដើម្បីឲ្យបានសង្គ្រោះនោះទេ។ បើគ្មានព្រះគុណព្រះធ្វើជាគ្រឹះទេ ការត្រាស់ហៅឲ្យរស់នៅដោយការប្រព្រឹត្តល្អ គឺជាការផ្លាស់ប្ដូរតែសម្បកក្រៅប៉ុណ្ណោះ ហើយវានឹងធ្វើឲ្យយើងខ្សោះអស់កម្លាំង ឬធ្វើឲ្យយើងអួតបំប៉ោង។ ទីពីរ យើងចាំបាច់ត្រូវចាំថា ការខិតខំធ្វើការល្អ មិននាំឲ្យព្រះសប្បាយព្រះទ័យទេ ព្រោះយើងរស់នៅ «មិនមែនដូចជាចង់ផ្គាប់ដល់ចិត្តមនុស្សទេ គឺផ្គាប់ដល់ព្រះហឫទ័យនៃព្រះវិញ ដែលទ្រង់ល្បងលចិត្តរបស់យើងខ្ញុំ» (១ថែស្សាឡូនីច ២:៤)។ ដូចនេះ យើងត្រូវមានចរិតលក្ខណៈដែលថ្វាយព្រះកិត្តិនាមដល់ព្រះ ជាសេចក្តីល្អដែលលើកតម្កើងព្រះគ្រីស្ទ ធ្វើជាទីបន្ទាល់រស់ នៃសេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់យើង។
សាវ័ក ប៉ុល ក៏បានមានប្រសាសន៍ផងដែរថា សមត្ថភាពរបស់យើងក្នុងការធ្វើអំពើល្អ កើតចេញពីការរៀន។ ព្រះអង្គបានត្រាស់ហៅយើងឲ្យ «ហាត់ធ្វើការល្អ» ឲ្យអស់ពីចិត្ត។ ការប្រព្រឹត្តរបស់យើង មិនត្រូវផ្តេកផ្ដួលតាមអារម្មណ៍របស់យើងឡើយ។ ផ្ទុយទៅវិញ យើងត្រូវព្យាយាមស្វែងរកឱកាសជារៀងរាល់ថ្ងៃ ដើម្បីធ្វើការថ្វាយនគររបស់ព្រះ ដែលព្រះអង្គមានផែនការឲ្យយើងម្នាក់ៗធ្វើ ហើយត្រូវធ្វើស្ម័គ្រពីចិត្ត និងធ្វើជាទម្លាប់។ ហើយយើងត្រូវមើលទៅអ្នកដែលពេញវ័យខាងវិញ្ញាណ មានជំនឿរឹងមាំជាងយើង ដែលបានរស់នៅយ៉ាងដូចនេះ ហើយរៀនសូត្រពីពួកគេផងដែរ។
ក្នុងព្រះគ្រីស្ទ ថ្ងៃទាំងអស់ និងការប្រព្រឹត្តទាំងអស់របស់អ្នក អាចល្អសម្រាប់នរណាម្នាក់ និងសម្រាប់អ្វីមួយ។ ចូរយើងរៀនចាប់ផ្តើមថ្ងៃថ្មី ដោយទូលសូមព្រះអង្គជួយយើងធ្វើការល្អចំពោះអ្នកដទៃ ជាការឆ្លើយតបចំពោះព្រះគុណរបស់ព្រះអង្គ ដោយទុកចិត្តថា ព្រះអង្គនឹងជួយអ្នក ដោយព្រះគុណរបស់ព្រះអង្គឲ្យអ្នកមានការប្រព្រឹត្តធ្វើជាភស្តុតាងនៃជំនឿរបស់អ្នក។
ខគម្ពីរសញ្ជឹងគិត៖ យ៉ាកុប ១:២៧-២:១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ បទចម្រៀងសាឡូម៉ូន ៦-៨ និងអេភេសូរ ២