
ការដឹងគុណព្រះអម្ចាស់
ដោយLisa Samra
October 13, 2025
១របាក្សត្រ ១៦:៨-១៤,១៩-២៤
ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច។ ១របាក្សត្រ ១៦:៣៤
ប្រទេសកាណាដា និងកោះសន្តលូសៀ តែងតែប្រារព្ធទិវាដឹងគុណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ។ ប្រទេសលីបេរៀ បានញែកពេលមួយថ្ងៃ សម្រាប់ប្រារព្ធទិវាដឹងគុណ នៅដើមខែវិច្ឆិកា ខណៈពេលដែលសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី បានប្រារព្ធទិវានេះជាពិធីបុណ្យជាតិប្រចាំឆ្នាំ នៅចុងខែនេះ។ ប្រទេសផ្សេងទៀត ដូចជាចក្រភពអង់គ្លេស ប្រេស៊ីល រ៉ូវ៉ាន់ដា និងភីលីពីន បានប្រារព្ធទិវានេះ នៅថ្ងៃផ្សេងគ្នា ក្នុងលក្ខណៈមិនផ្លូវការណ៍ ដើម្បីលើកកម្ពស់ការដឹងគុណ។
ការរួបរួមគ្នាក្នុងជាតិសាសន៍មួយ ដើម្បីបង្ហាញចេញនូវការដឹងគុណ គឺពិតជាមានន័យជ្រៅ និងមានសារៈសំខាន់។ រឿងនេះក៏បានធ្វើឲ្យយើងនឹកចាំ អំពីពេលដែលស្តេចដាវីឌប្រមូលផ្តុំប្រជាជនអ៊ីស្រាអែល ឲ្យអរព្រះគុណព្រះ សម្រាប់ការប្រទានព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យារបស់ព្រះអង្គដល់ពួកគេ។ ការអបអរនេះ បានប្រារព្ធឡើង នៅពេលដែលគេសែង “ហិបរបស់ព្រះ” ត្រឡប់មកវិញ(១របាក្សត្រ ១៦:១)។ ពួកបណ្តាជនបានអរសប្បាយនឹងហិបសញ្ញាក្នុងទីក្រុងយេរូសាឡិម ជានិមិត្តរូបនៃព្រះវត្តមានរបស់ព្រះអង្គ ក្នុងចំណោមពួកគេ។ នៅពេលដែលស្តេចដាវីឌ ដឹកនាំពួកអ៊ីស្រាអែលសរសើរដំកើងព្រះ ទ្រង់ក៏បានរំឭកពួកគេ អំពីការពាររបស់ព្រះអម្ចាស់ ខណៈពេលដែលប្រជាជាតិរបស់ពួកគេបានចូលកាន់កាប់ទឹកដីកាណាន(ខ.១៨-២២) ហើយអបអរសេចក្តីស្មោះត្រង់របស់ទ្រង់ ក្នុងការសម្រេចព្រះបន្ទូលសន្យារបស់ព្រះអង្គ(ខ.១៥)។
បើអ្នកចង់អបអរទិវាដឹងគុណ ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ សូមជួបជុំគ្នា ដើម្បីអរព្រះគុណព្រះ និងជញ្ជឹងគិតទាំងអស់គ្នា អំពីព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យា ដែលអ្នកបានដកពិសោធជាមួយ ក្នុងពេលមួយឆ្នាំនេះ។ ទោះយើងកំពុងរស់នៅក្នុងប្រទេសដែលប្រារព្ធពិធីនេះជាផ្លូវការឬអត់ យើងម្នាក់ៗអាចចំណាយពេលអរព្រះគុណព្រះអម្ចាស់ ដ្បិតទ្រង់ល្អ ពីព្រោះសេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច(ខ.៣៤)។—Lisa M. Samra
តើអ្នកបានដកពិសោធន៍នឹងព្រះវត្តមាន ការការពារ និងព្រះបន្ទូលសន្យារបស់ព្រះអង្គ
ដូចម្តេចខ្លះ? តើអ្នកអាចបង្ហាញចេញការដឹងគុណដល់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមានវិញ្ញាណនៃការដឹងគុណ
ខណៈពេលដែលទូលបង្គំនឹកចាំអ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤១-៤២ និង ១ថែស្សាឡូនិច ១