នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

គ្រូ​ដ៏​អត់​ធ្មត់​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

គ្រូ​ដ៏​អត់​ធ្មត់​របស់​យើង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 17, 2025

«តែ​អ្នក​ទាំង​នោះ​មិន​បាន​យល់​សេចក្ដី​នោះ​ទេ ក៏​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ទ្រង់​ផង» (ម៉ាកុស ៩:៣២)។
សូម​ស្រមៃ​ថា មាន​សិស្ស​ម្នាក់​កំពុង​អង្គុយ​មើល​រូប​មន្ត​នៅ​លើ​ក្តារ​ខៀន​ក្នុង​ថ្នាក់​រៀន។ នាង​មើល​មិន​យល់​និមិត្ត​សញ្ញា​ក្នុង​រូប​មន្ត​នោះ​សោះ តែ​នាង​ខ្លាច​មិន​ហ៊ាន​លើក​ដៃ​សួរ​គ្រូ។ មនុស្ស​ជា​ច្រើន​ទំនង​ជា​ធ្លាប់​ឆ្លង​កាត់​ស្ថានភាព​ស្រដៀង​នេះ​ដែរ ដោយ​ការ​ស្ទាក់​ស្ទើរ ព្រោះ​យើង​ខ្លាច​ខ្មាស​គេ ឬ​ខ្លាច​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ទាប់​ពី​យើង​ទទួល​បាន​ចម្លើយ​ហើយ តែ​ម្យ៉ាង​ទៀត​យើង​ក៏​ដឹង​ដែរ​ថា យើង​នឹង​ជាប់​គាំង​ទៅ​មុខ​មិន​រួច បើ​យើង​មិន​សួរ​ទេ​នោះ។ 
ទោះ​ពួក​សាវ័ក​បាន​រស់​នៅ​ជា​មួយ​ព្រះ​យេស៊ូវ និង​ដើរ​តាម​ព្រះ​អង្គ​ដោយ​បាន​ស្តាប់​ការ​បង្រៀន និង​ទទួល​ការ​ណែនាំ​ពី​ព្រះ​អង្គ ហើយ​បាន​ឃើញ​ព្រះអង្គ​ធ្វើ​ការ​អស្ចារ្យ​ជា​ប្រចាំ ក៏​ពួក​គេ​នៅ​តែ​ពិបាក​យល់​ផែនការ​ទាំង​មូល​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ។ មាន​ពេល​ជា​ច្រើន​ដង​ហើយ​ដែល​ព្រះ​យេស៊ូវ​មាន​បន្ទូល​យ៉ាង​ច្បាស់​ទៅ​កាន់​ពួក​គេ អំពី​រឿង​ទាំង​អស់​ដែល​ព្រះ​អង្គ​នឹង​ប្រឈម​មុខ​ដែល​មាន​ដូច​ជា ការ​ក្បត់​របស់​យូដាស ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​អង្គ។ ប៉ុន្តែ ពួក​គេ​បាន​ប្រឈម​មុខ​ដាក់​ការ​ទាល់​គំនិត​អាក្រក់​បំផុត ដោយ​ពួក​គេ​មិន​យល់​ព្រះ​បន្ទូល​ព្រះ​អង្គ ហើយ​ខ្លាច​មិន​ហ៊ាន​ទូល​សួរ​ព្រះ​អង្គ​ផង។ 
សាវ័ក ពេត្រុស យ៉ាកុប និង​យ៉ូហាន ទើប​តែ​បាន​ឃើញ​ព្រះ​យេស៊ូវ​ប្រែ​ព្រះភក្ត្រ (ម៉ាកុស ៩:២-៨)។ ពួក​គេ​ដឹង​ថា ព្រះ​អង្គ​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ។ ប៉ុន្តែ ភាព​ស្មោះ​ត្រង់​របស់​ពួក​សាវ័ក​ក្នុង​ការ​ជឿ​ថា ព្រះ​យេស៊ូវ​ជា​ព្រះ​មេស្ស៊ី មិន​សក្តិ​សម​នឹង​ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​លក្ខណសម្បត្តិ​របស់​ព្រះ​មេស្ស៊ី​ឡើយ។ ការ​យល់​ដឹង​របស់​ពួក​គេ​អំពី​ព្រះ​មេស្ស៊ី​មាន​ភាព​ស្រពេចស្រពិល និង​មិន​គ្រប់​ជ្រុង​ជ្រោយ បណ្ដាល​ឲ្យ​មាន​ការ​ភាន់​ច្រលំ និង​ការ​ភ័យ​ខ្លាច។ ពួក​គេ​មិន​បាន​សូម​ព្រះ​យេស៊ូវ​ពន្យល់​បន្ថែម​ទៀត ប្រហែល​មក​ពី​ពួកគេ​មិន​ចង់​ទទួល​ស្គាល់​ភាព​ល្ងង់​ខ្លៅ​របស់​ខ្លួន ឬ​ប្រហែល​មក​ពី​ពួក​គេ​មិន​ចង់​ប្រឈម​មុខ​ដាក់​រឿង​ដែល​ព្រះ​អង្គ​កំពុង​ប្រាប់​ពួក​គេ គឺ​រឿង​ដែល​ព្រះ​អង្គ​ត្រូវ​ជួប (ខ.៣០-៣១)  និង​រឿង​ដែល​ពួក​គេ​ត្រូវ​ធ្វើ (៨:៣៤-៣៥)។
សូម្បី​តែ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ សិស្ស​ពីរ​នាក់​ដែល​កំពុង​ដើរ​តាម​ផ្លូវ​ទៅ​ភូមិ​អេម៉ោស ក៏​ត្រូវ​ការ​ឲ្យ​ព្រះ​អង្គ​ពន្យល់​បទ​គម្ពីរ​សញ្ញា​ចាស់ ដើម្បី​ឲ្យ​ពួក​គេ​អាច​យល់​អំពី​ការ​រង​ទុក្ខ ហើយ​យល់​សាច់​រឿង​ទាំង​មូល (លូកា ២៤:២៦-២៧)។ មុន​ពេល​ព្រះ​អង្គ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ពួក​សាវ័ក​នៅ​តែ​មិន​ទាន់​យល់​ច្បាស់​អំពី​លក្ខណៈ​នៃ​នគរ​របស់​ព្រះ​គ្រីស្ទ​នៅ​ឡើយ។ តែ​លើក​នេះ ពួក​គេ​បាន​សួរ​ព្រះ​អង្គ ហើយ​ព្រះ​អង្គ​មិន​បាន​មាន​បន្ទូល​ថា «ហេតុ​អ្វី​អ្នក​សួរ​សំណួរ​ដដែល? តើ​អ្នក​នឹង​សួរ​សំណួរ​ដដែល​ប៉ុន្មាន​ដង​ទៀត?» នោះ​ទេ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ពន្យល់​ដោយ​ព្រះ​គុណ​របស់​ព្រះ​អង្គ​ថា នគរ​ព្រះ​នឹង​មក​ដល់ មិន​មែន​តាម​រយៈ​ការ​សាងសង់​ព្រះ​វិហារ​នៅ​ទីក្រុង​យេរូសាឡឹម​ឡើង​វិញ តែ​តាម​រយៈ​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ពួក​សាវ័ក​ម្នាក់ៗ (កិច្ចការ ១:៨)។ 
អ្នក​ប្រហែល​ជា​រក​ឃើញ​ថា ខ្លួន​អ្នក​មិន​ខុស​ពី​ពួក​សាវ័ក​ទេ ព្រោះ​អ្នក​ក៏​ពិបាក​យល់​ព្រះ​បន្ទូល​ឲ្យ​អស់ ឬ​មិន​ច្បាស់​ថា អ្នក​ពិត​ជា​ចង់​ប្រឈម​មុខ​ដាក់​ការ​អនុវត្ត​តាម​ការ​អ្វី​ដែល​អ្នក​បាន​យល់​ហើយ​ឬ​អត់​ទេ។ ប៉ុន្តែ ស្ថានភាព​របស់​អ្នក​មិន​ចាំបាច់​ត្រូវ​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច​នោះ​ទេ។ ពីព្រោះ​ព្រះ​យេស៊ូវ​គឺ​ជា​គ្រូ​ដែល​មាន​ចិត្ត​សប្បុរស និង​អត់​ធ្មត់​យ៉ាង​ខ្លាំង ចំពោះ​ពួក​សាវ័ក​ក៏​ដូច​ជា​ចំពោះ​យើង​រាល់​គ្នា​ដែរ។ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក៏​គង់​នៅ​ក្នុង​អ្នក ដោយ​ជួយ​អ្នក​ឲ្យ​អាច​ធ្វើ​ការ​គ្រប់​យ៉ាង ដែល​ព្រះ​អង្គ​បាន​ត្រាស់​ហៅ​ឲ្យ​អ្នក​ធ្វើ (អេសេគាល ៣៦:២៦-២៧, កាឡាទី ៥:១៦)។ ថ្ងៃ​នេះ បើ​អ្នក​ដឹង​ថា ខ្លួន​ឯង​ខ្វះ​ប្រាជ្ញា និង​ការ​យល់​ដឹង ចូរ​ទូល​សូម​ព្រះ​អង្គ​ដែល «ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ឥត​បន្ទោស​ផង» (យ៉ាកុប ១:៥)។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ១កូរិនថូស ២:១-១៦
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ១សាំយ៉ូអែល ១៣-១៤ និង​អេភេសូរ ៦

ប្រភេទ