
ឥរិយាបថនៃការអធិស្ឋាន
ដោយTom Felten
October 18, 2025
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៣-៥៥ និង ២ថែស្សាឡូនិច ១
២របាក្សត្រ ២០:៥-១២
នោះយ៉ូសាផាតទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ... ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ។ ២របាក្សត្រ ២០:១៨
ការតយុទ្ធនឹងជំងឺប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំ បានធ្វើឲ្យជីមមី(Jimmy) មានការហត់នឿយយ៉ាងខ្លាំង។ ទោះគាត់មានចិត្តចង់ចំណាយពេលជាមួយព្រះ រៀងរាល់ពេលព្រឹក ដោយអធិស្ឋានទៅកាន់ព្រះអង្គ និងជញ្ជឹងគិតព្រះបន្ទូលក្តី គាត់មានការពិបាកក្នុងការអង្គុយនៅលើកៅអី ដោយមិនដឹងថា ត្រូវអង្គុយដូចម្តេចកុំឲ្យមានការឈឺចាប់។ គាត់បានត្រឡប់ខ្លួនចុះឡើងៗនៅលើកៅអី នៅតែមិនអាចមានអារម្មណ៍ធូរស្បើយ។ ទីបំផុត គាត់ក៏បានលត់ជង្គង់ចុះ ដោយអស់សង្ឃឹម។ ខណៈពេលដែលគាត់លត់ជង្គង់ចុះ ឥរិយាបថនៃការអធិស្ឋានដូចនេះបានកាត់បន្ថយការឈឺចុកចាប់នោះ។ នៅពេលព្រឹក នៅថ្ងៃក្រោយៗទៀត ជីមមីក៏បានចំណាយពេលជាមួយព្រះ ដោយការលត់ជង្គង់អធិស្ឋាន ដោយទទួលបានការកម្សាន្តចិត្ត ខណៈពេលដែលគាត់ស្រែករកព្រះអង្គ ដោយការអធិស្ឋាន។
ស្តេចយ៉ូសាផាត ជាស្តេចនគរយូដា ទ្រង់ក៏ប្រឈមមុខដាក់សង្គ្រាមផងដែរ គឺមិនមែនជាការតយុទ្ធនឹងការឈឺចាប់ផ្លូវកាយទេ តែជាការប្រឈមមុខដាក់ការគំរាមកំហែងរបស់សត្រូវ(២របាក្សត្រ ២០:១-២)។ ទ្រង់“ភ័យខ្លាច ហើយតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ា”(ខ.៣)។ ប្រជាជនក្នុងនគរយូដា “ក៏មូលគ្នាមករកទីពឹងដល់ព្រះយេហូវ៉ា”(ខ.៤)។ ព្រះអម្ចាស់ក៏បានឮការអធិស្ឋានរបស់ពួកគេ ហើយព្រះវិញ្ញាណរបស់ព្រះអង្គ ក៏បានគង់សណ្ឋិតនៅលើពួកលេវីម្នាក់ ឈ្មោះ យ៉ាហាសៀល ដែលបាននាំព្រះរាជសារនៃការកម្សាន្តចិត្តពីព្រះអង្គ ទៅប្រកាសដល់ស្តេចថា “កុំឲ្យភ័យខ្លាចអ្វីឡើយ ក៏កុំឲ្យស្រយុតចិត្ត ដោយព្រោះពួកធំទាំងម្ល៉េះនេះដែរ ... ពីព្រោះព្រះយេហូវ៉ាទ្រង់គង់នៅជាមួយនឹងអ្នករាល់គ្នាហើយ”(ខ.១៥,១៧)។ ស្តេចយ៉ូសាផាត “ទ្រង់ក្រាបព្រះភក្ត្រចុះដល់ដី ហើយពួកយូដា នឹងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នា ក៏ក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាដែរ”(ខ.១៨)។
ក្នុងពេលដ៏ឈឺចាប់ និងមានបញ្ហាប្រឈម ជាញឹកញាប់ យើងអាចដកពិសោធន៍ជាមួយនឹងព្រះវត្តមានរបស់ព្រះគង់នៅក្បែរយើង តាមរបៀបដ៏មានអំណាច។ យើងអាចស្វែងរកការកម្សាន្តចិត្ត និងសន្តិភាពក្នុងព្រះអង្គ ខណៈពេលដែលព្រះអង្គជួយយើង ឲ្យចុះចូលបំណងព្រះទ័យរបស់ព្រះអង្គ និងរស់នៅដោយឥរិយាបថនៃការអធិស្ឋាន និងការពឹងផ្អែកលើជំនួយរបស់ព្រះអង្គ ក្នុងចិត្តយើង។—Tom Felten
តើព្រះទ្រង់បានកម្សាន្តចិត្តអ្នកទេ នៅពេលដែលអ្នកអធិស្ឋានទៅរកព្រះអង្គ?
តើមានរឿងដ៏ឈឺចាប់អ្វីខ្លះ ដែលអ្នកអាចថ្វាយដល់ព្រះអង្គនៅថ្ងៃនេះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានបំពេញតម្រូវការ
និងកម្សាន្តចិត្តទូលបង្គំ នៅពេលដែលទូលបង្គំអធិស្ឋានទៅរកព្រះអង្គ។