
ត្រៀមខ្លួនសម្រាប់ឆ្លើយតប(សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 18, 2025
«ដូច្នេះ ចូរក្រវាត់គំនិតអ្នករាល់គ្នាឲ្យមាំមួនចុះ ទាំងដឹងខ្លួន ហើយឲ្យមានសេចក្ដីសង្ឃឹមគ្រប់ជំពូក ដល់ព្រះគុណដែលត្រូវផ្ដល់មកដល់អ្នករាល់គ្នា ក្នុងកាលដែលព្រះយេស៊ូវគ្រីស្ទទ្រង់លេចមកផង» (១ពេត្រុស ១:១៣)។
ការហ្វឹកហាត់ ដើម្បីក្លាយជាអ្នកបើកយន្តហោះ តម្រូវឲ្យមានការរៀបចំដ៏តឹងរ៉ឹងអស់រយៈពេលជាច្រើនម៉ោង។ ការហ្វឹកហាត់មួយចំនួនប្រព្រឹត្តទៅក្នុងបន្ទប់កុំព្យូទ័រដែលធ្វើឲ្យគេមានអារម្មណ៍ដូចនៅក្នុងយន្តហោះពិត ដោយបង្កើតឲ្យមានភាពតានតឹងក្នុងកម្រិតខ្ពស់ល្មមនឹងធ្វើឲ្យមានការបែកញើស និងសម្ពាធ។ ហេតុអ្វីអ្នកបើកយន្តហោះត្រូវឆ្លងកាត់ការហ្វឹកហាត់តឹងរ៉ឹងដូចនេះ? គឺដើម្បីឲ្យពួកគេអាចរៀនធ្វើការសម្រេចចិត្តបានត្រឹមត្រូវនៅក្នុងពេលដ៏សំខាន់ដែរ។
នៅក្នុងបញ្ហានៃសេចក្តីបរិសុទ្ធ មនុស្សច្រើនតែធ្លាក់ចូលក្នុងអំពើបាបដោយសារពួកគេព្យាយាមធ្វើការសម្រេចចិត្តសំខាន់ៗក្នុងពេលដែលតានតឹងខ្លាំង។ ការធ្វើដូចនេះនឹងបរាជ័យ។ បើយើងចង់រក្សាសេចក្តីបរិសុទ្ធ យើងចាំបាច់ត្រូវធ្វើការសម្រេចចិត្តទុកជាមុន និងផ្អែកទៅលើព្រះបន្ទូលព្រះ។ ហេតុនេះហើយ សាវ័ក ពេត្រុស បានប្រាប់យើងឲ្យរៀបចំគំនិតឲ្យមាំមួនទាំងដឹងខ្លួន។ អាចនិយាយម្យ៉ាងទៀតថា យើងចាំបាច់ត្រូវគ្រប់គ្រងគំនិតរបស់យើង ដោយតាមដានដំណើរការនៃការគិតរបស់យើង ដើម្បីឲ្យយើងអាចដេញតាមការអ្វីដែលល្អ ហើយរត់គេចការអ្វីដែលអាក្រក់។
បើយើងមិនបានហ្វឹកហាត់ការគិតទុកជាមុន នោះយើងនឹងងាយចាញ់ការល្បួង និងជួបការខកចិត្ត។ យើងនឹងច្រើនតែធ្វើការសម្រេចចិត្តដែលពិបាកដែលធ្វើឲ្យមានការផ្លាស់ប្ដូរក្នុងជីវិត ក្នុងពេលដែលតានតឹងបំផុត ពេលណាអារម្មណ៍របស់យើងកញ្ជ្រោលឡើង ហើយហេតុផលរបស់យើងពេញដោយភាពស្រពេចស្រពិល។ ប៉ុន្តែ ជីវិតដែលបរិសុទ្ធមិនកើតមានដោយចៃដន្យទេ តែវាមានការប្ដេជ្ញាចិត្តដាច់ខាត ដែលជំរុញដោយព្រះវិញ្ញាណនៃព្រះ និងទទួលការដឹកនាំពីព្រះបន្ទូលព្រះអង្គ ហើយអាចធ្វើបានដោយព្រះចេស្ដារបស់ព្រះអង្គ។
យើងចាំបាច់ត្រូវធ្វើការប្ដេជ្ញាចិត្តចំពោះសេចក្តីបរិសុទ្ធ គឺដូចដែលអ្នកនិពន្ធបទគម្ពីរទំនុកតម្កើងបានប្រកាសថា «ទូលបង្គំបានស្បថហើយ ក៏នឹងសំរេចតាមថា ទូលបង្គំនឹងកាន់តាមបញ្ញត្តដ៏សុចរិតរបស់ទ្រង់» (ទំនុកតម្កើង ១១៩:១០៦)។ ចូរធ្វើការប្ដេជ្ញាចិត្តជាមុនសិន ដើម្បីកុំឲ្យយឺតពេល។
ហើយការប្ដេជ្ញាចិត្តដែលយើងត្រូវមាននោះគឺ ត្រូវប្ដេជ្ញាចិត្តរស់នៅកណ្ដាលផ្លូវចង្អៀត មិនមែនរស់នៅលើចិញ្ចើមផ្លូវជាប់មាត់ជ្រោះនោះទេ។ បុរសវ័យក្មេងក្នុងបទគម្ពីរសុភាសិតជំពូក៧ ដែលបានធ្លាក់ចូលក្នុងការល្បួងរបស់ស្ត្រីរកស៊ីផ្លូវភេទ កំពុងរស់នៅលើចិញ្ចើមផ្លូវជាប់មាត់ជ្រោះ ដោយគាត់ «កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ ក៏ដំរង់ទៅឯផ្ទះនាង» (សុភាសិត ៧:៥, ៨-៩)។
ព្រះគម្ពីរបានបង្រៀនយ៉ាងច្បាស់ថា យើងមិនត្រូវទៅកន្លែងមិនត្រូវទៅ នៅពេលដែលមិនត្រូវទៅនោះទេ។ នៅក្នុងដំណើរនៃសេចក្តីបរិសុទ្ធ យើងនឹងមិនទទួលបានអ្វីឡើយ ពីការរស់នៅលើចិញ្ចើមផ្លូវជាប់មាត់ជ្រោះ។ ចូរធ្វើការប្ដេជ្ញាចិត្តមុនពេលអ្នកជួបការល្បួង ដើម្បីពេលណាថ្ងៃអាក្រក់មកដល់ អ្នកនឹងបានត្រៀមខ្លួនជាស្រេច ដើម្បីនិយាយថា «ទេ! ខ្ញុំបានធ្វើការសម្រេចចិត្តរួចជាស្រេចហើយ»។ ចូរឲ្យជីវិតរបស់អ្នកនៅតែបន្តដំណើរជាប់នៅលើកណ្ដាលផ្លូវចង្អៀត ហើយប្ដេជ្ញាចិត្តថា អ្នកនឹងមិនរេរាទៅស្តាំ ឬទៅឆ្វេងទេ។ នៅថ្ងៃដែលព្រះយេស៊ូវគ្រីស្ទយាងមកវិញ ហើយដោយព្រះគុណរបស់ទ្រង់ នៅពេលដែលរាស្ត្ររបស់ព្រះអង្គនឹងបានឈរនៅមុខបល្ល័ង្ករបស់ព្រះអង្គ គ្មាននរណាម្នាក់និយាយថា ការដេញតាមសេចក្តីបរិសុទ្ធគឺជារឿងឥតប្រយោជន៍នោះទេ។
ខគម្ពីរសញ្ជឹងគិត៖ សុភាសិត ៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ១៥-១៦ និង២ពេត្រុស ១