
ធ្វើឲ្យខ្យល់ព្យុះស្ងប់
ដោយJennifer Benson Schuldt
October 21, 2025
ម៉ាកុស ៤:៣៥-៤១
ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម្ល៉េះ? ម្ដេចក៏គ្មានសេចក្ដីជំនឿ? ម៉ាកុស ៤:៤០
ក្មួយស្រីរបស់ខ្ញុំអាយុ៣ឆ្នាំ បានចាប់ផ្តើមយល់ដឹងថា នាងអាចទុកចិត្តលើព្រះយេស៊ូវ ក្នុងគ្រប់កាលៈទេសៈទាំងអស់។ នៅពេលយប់មួយនោះ ខណៈពេលដែលនាងអធិស្ឋាន មុនពេលចូលគេង ក្នុងអំឡុងព្យុះរន្ទះបាញ់ នាងក៏បានសង្រួមដៃចូលគ្នា បិទភ្នែក ហើយនិយាយថា “ឱព្រះយេស៊ូវ ទូលបង្គំដឹងថា ព្រះអង្គគង់នៅជាមួយយើងខ្ញុំ។ ទូលបង្គំដឹងថា ព្រះអង្គស្រឡាញ់យើងខ្ញុំ។ ហើយទូលបង្គំដឹងថា ខ្យល់ព្យុះនឹងស្ងប់នៅពេលដែលព្រះអង្គប្រាប់វាឲ្យស្ងប់”។
ខ្ញុំសង្ស័យថា ថ្មីៗនេះ នាងប្រហែលជាបានស្តាប់រឿងព្រះយេស៊ូវ និងពួកសាវ័កឆ្លងសមុទ្រកាលីឡេ។ ក្នុងរឿងនោះ ព្រះយេស៊ូវបានផ្ទំលក់ នៅលើកន្សៃទូក មុនពេលមានខ្យល់ព្យុះបក់បោកមក ធ្វើឲ្យទូកហៀបនឹងលិច។ ពួកសាវ័កក៏បានដាស់ព្រះយេស៊ូវ ហើយទូលថា “លោកគ្រូអើយ យើងវិនាសហើយលោកមិនរវល់ទេឬអី?” ព្រះយេស៊ូវមិនបានមានបន្ទូលទៅកាន់ពួកគេភ្លាមៗទេ តែផ្ទុយទៅវិញ ព្រះអង្គបានបង្គាប់ខ្យល់ព្យុះឲ្យស្ងប់ ហើយវាក៏បានស្ងប់(ម៉ាកុស ៤:៣៨-៣៩)។
ភ្លាមៗនោះ ទឹកក៏បានឈប់សាចចូលក្នុងទូកទៀត។ កម្លាំងខ្យល់បោកបក់ក៏បានស្ងប់។ ភាពស្ងាត់ស្ងៀមក៏បានកើតមាន ព្រះយេស៊ូវងាកទៅរកពួកសិស្ស ហើយមានបន្ទូលថា “ហេតុអ្វីបានជាអ្នករាល់គ្នាភ័យដល់ម្ល៉េះ? ម្ដេចក៏គ្មានសេចក្ដីជំនឿ?”(ខ.៤០)។ ខ្ញុំស្រមៃថា ពួកគេមើលមកព្រះអង្គ ដោយបើកភ្នែកធំៗ ខណៈពេលដែលទឹកកំពុងស្រក់ពីលើមុខ កាត់តាមពុកចង្ការបស់ពួកគេ។
ចុះបើសិនជាយើងអាចរស់នៅក្នុងពេលសព្វថ្ងៃ ដោយចិត្តស្ញប់ស្ញែងដូចពួកសាវ័ក ក្នុងហេតុការណ៍នោះ? ចុះបើសិនជាយើងអាចជម្នះការព្រួយបារម្ភនីមួយៗ ដោយនឹកចាំអំពីអំណាច និងព្រះចេស្តារបស់ព្រះយេស៊ូវសារជាថ្មី? ជំនឿរបស់យើង ដែលមានលក្ខណៈដូចកូនក្មេង អាចបណ្តេញការភ័យខ្លាចរបស់យើង។ ចូរយើងជឿថា យើងអាចជម្នះខ្យល់ព្យុះនីមួយៗដែលយើងជួបប្រទះក្នុងជីវិត ដោយសេចក្តីមេត្តារបស់ព្រះអង្គ។—Jennifer Benson Schuldt
តើក្នុងការរស់នៅ ជំនឿរបស់អ្នកមានឧបសគ្គអ្វីខ្លះ? តើធ្វើដូចម្តេចឲ្យអ្នក
អាចមានចិត្តស្ញប់ស្ញែងសារជាថ្មី ចំពោះភាពអស្ចារ្យនៃព្រះយេស៊ូវ?
ឱព្រះយេស៊ូវ សូមព្រះអង្គបង្កើនជំនឿរបស់ទូលបង្គំ ខណៈពេលដែលទូលបង្គំ
ជញ្ជឹងគិតអំពីព្រះចេស្តា និងព្រះវត្តមានរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦២-៦៤ និង ១ធីម៉ូថេ ១