
ព្រះអង្គសព្វព្រះទ័យ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 21, 2025
«ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ» (២ធីម៉ូថេ ២:១៥)។
តើអ្នករស់នៅ ដើម្បីការសរសើររបស់នរណា?
តាមសាច់ឈាម យើងចង់បានការសរសើររបស់អ្នកដទៃ។ ប៉ុន្តែ ក្នុងនាមយើងជាអ្នកជឿព្រះ ការសរសើរដែលយើងគួរប្រាថ្នាចង់បានលើសការសរសើរទាំងអស់ គឺការសរសើររបស់ព្រះ។ យើងគួរឈប់បង្អង់សិន ដើម្បីពិចារណាអំពីសេចក្តីពិតគួរស្ញប់ស្ញែងដែលថា នៅថ្ងៃនេះ ការអ្វីដែលយើងធ្វើអាចគាប់ព្រះទ័យដល់ព្រះ ដែលទ្រទ្រង់ចក្រវាលទាំងមូល (១ថែស្សាឡូនីច ៤:១) ហើយនៅថ្ងៃមួយ ព្រះអង្គនឹងស្វាគមន៍អ្នកដែលបានរស់នៅថ្វាយព្រះអង្គទាំងស្រុង ដោយព្រះបន្ទូលដ៏ពីរោះបំផុតថា «ប្រពៃហើយ បាវល្អស្មោះត្រង់អើយ» (ម៉ាថាយ ២៥:២១, ២៣)។ ចូរយើងគ្រាន់តែស្រមៃថា អ្នកបានឮព្រះបន្ទូលនេះ ដែលសំដៅមករកអ្នក ចេញពីព្រះឱសរបស់ព្រះអង្គ!
ដូចនេះ តើយើងត្រូវរស់នៅជា «មនុស្សដែលព្រះទ្រង់សរសើរ» ជា «អ្នកបម្រើដែលមិនត្រូវមានសេចក្តីខ្មាស» ដោយរបៀបណា?
ទីមួយ យើងត្រូវប្ដេជ្ញាចិត្តថា យើងនឹងប្រកាន់ខ្ជាប់សេចក្តីជំនឿដល់ទីបញ្ចប់។ សាវ័ក ប៉ុល បាននិយាយអំពីទីបញ្ចប់របស់គាត់ដោយប្រកាសទៅកាន់លោក ធីម៉ូថេ ថា «ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្ដីជំនឿទៅហើយ» (២ធីម៉ូថេ ៤:៧)។ ជីវិតរបស់សាវ័ក ប៉ុល មិនមានលក្ខណៈជាសន្ទុះនៃភាពឆេះឆួលតែមួយរយៈពេលខ្លី ហើយក្រោយមកប្រែជាមានភាពខ្ជិលច្រអូសដ៏រ៉ាំរ៉ៃនោះទេ។ គាត់ដឹងថា ការរត់ប្រណាំងនៃសេចក្តីជំនឿ គឺជាការរត់ប្រណាំងម៉ារ៉ាតុនពេញមួយជីវិតរហូតដល់ទីបញ្ចប់។
យើងមិនចង់ឲ្យគេដឹងថា យូរៗម្តង យើងមានសន្ទុះនៃភាពឆេះឆួលរយៈពេលខ្លីនោះទេ។ ជាពិសេស យើងត្រូវតែជៀសវាងការធ្វើការបម្រើព្រះ តែនៅពេលដែលមានមនុស្សមើលយើង។ ផ្ទុយទៅវិញ យើងត្រូវខិតខំរត់ជារៀងរាល់ថ្ងៃ ដោយចាំថា ព្រះនេត្ររបស់ព្រះអង្គតែងតែទតមើលយើងជានិច្ច។
ខណៈពេលដែលយើងមមុលទៅមុខដោយជំនឿ យើងអាចនឹកចាំថា ព្រះអង្គបានសន្យាថា នឹងប្រទាន «មកុដនៃសេចក្តីសុចរិត» ដែលបាន «បម្រុងទុក» ឲ្យយើង «ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមក» យើង (២ធីម៉ូថេ ៤:៨)។ ហើយយើងត្រូវចាំថា យើងមិនរត់ដោយពឹងអាងកម្លាំងខ្លួនឯងនោះទេ ផ្ទុយទៅវិញ យើងត្រូវមានទំនុកចិត្តថា «ព្រះអង្គដែលទ្រង់បានចាប់តាំងធ្វើការល្អក្នុងអ្នករាល់គ្នា ទ្រង់នឹងធ្វើឲ្យកាន់តែពេញខ្នាតឡើង ទាល់តែដល់ថ្ងៃនៃព្រះយេស៊ូវគ្រីស្ទ» (ភីលីព ១:៦)។ ព្រះទ្រង់សន្យាថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោល នៅតាមផ្លូវដែលយើងកំពុងរត់ឡើយ (ហេព្រើរ ១៣:៥)។ បើទីផ្តាច់ព្រាត់ ហាក់ដូចជានៅឆ្ងាយ ព្រះអង្គមិនបានត្រាស់ហៅឲ្យយើងមើលទៅទីនោះទេ តែមើលទៅព្រះយេស៊ូវដោយឲ្យភ្នែកយើងផ្ដោតទៅលើ «មេផ្ដើម ហើយជាមេសំរេចសេចក្ដីជំនឿរបស់យើង» (ហេព្រើរ ១២:២)។
ចូរយើងកុំមើលស្រាលឥទ្ធិពលនៃជីវិតដែលរស់នៅថ្វាយសិរីល្អដល់ព្រះនោះឡើយ។ ចូរយើងគិតទុកជាមុន អំពីការឈរនៅចំពោះព្រះវរបិតារបស់យើង នៅស្ថានសួគ៌ ក្នុងនាមជាអ្នកបម្រើដែលព្រះអង្គសព្វព្រះទ័យ ហើយអ្នកនឹងបានទៅដល់ចំណុចមួយ ដែលអ្នកនឹងនិយាយដោយបន្ទាបខ្លួនថា «ព្រះអម្ចាស់ ទូលបង្គំចង់ខិតខំរស់នៅអស់ពីចិត្ត ដើម្បីឲ្យព្រះអង្គសព្វព្រះទ័យនឹងការរស់នៅរបស់ទូលបង្គំ»។ ទូលបង្គំមានជីវិតតែមួយ ហើយអ្វីដែលទូលបង្គំអាចធ្វើ និងគួរធ្វើ ទូលបង្គំនឹងធ្វើដោយសារព្រះគុណរបស់ព្រះអង្គ»។1
ខគម្ពីរសញ្ជឹងគិត៖ ម៉ាថាយ ២៥:១៤-៤៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១សាំយ៉ូអែល ២២-២៤ និង១ធីម៉ូថេ ១