
កិច្ចការដែលសំខាន់នៅចុងបញ្ចប់
ដោយJohn Blase
October 26, 2025
២សាំយ៉ូអែល ៩:១-៧,១៣
មភីបូសែតលោកក៏នៅក្រុងយេរូសាឡិមទៅ ដោយព្រោះលោកត្រូវបរិភោគនៅតុនៃស្ដេច ហើយលោកខ្វិនជើងទាំង២ ។ ២សាំយ៉ូអែល ៩:១៣
នៅចុងបញ្ចប់នៃរឿងប្រលោមលោកប្រវត្តិសាស្រ្ត ដែលលោកហ្វ្រេដឺរិក ប៊ូចន័រ(Frederick Buechner) បាននិពន្ធមានចំណងជើងថា ប្រេនដិន(Brendan) មានឈុតមួយដែលធ្វើឲ្យប៉ះពាល់ចិត្តយ៉ាងខ្លាំង។ តួអង្គឈ្មោះ គីលដាស(Gildas) បានក្រោកឈរឡើង ដើម្បីបង្ហាញជើងរបស់គាត់ម្ខាង ដែលបានដាច់ត្រឹមក្បាលជង្គង់។ ខណៈពេលដែលគាត់ឈោងទៅរកឈើច្រត់របស់គាត់ គាត់ក៏បានបាត់បង់ជំហរ។ ពេលនោះ ប្រេនឌិនក៏បានស្ទុះទៅចាប់គាត់។
គីលដាសក៏បាននិយាយថា “ខ្ញុំមានពិការភាព ដូចពិភពលោកដ៏ងងឹត”។ ប្រេនឌិនក៏បានឆ្លើយតបថា “និយាយដោយស្មោះត្រង់ទៅ យើងម្នាក់ៗសុទ្ធតែពិការ ក្នុងន័យណាមួយ។ ប៉ុន្តែ នៅចុងបញ្ចប់ ប្រហែលមានតែការជួយជ្រោងគ្នាឡើង នៅពេលដែលយើងដួលចុះទេ ដែលពិតជាសក្តិសមនឹងឲ្យយើងធ្វើ”។
ក្នុងបទគម្ពីរ ២សាំយ៉ូអែល ជំពូក៩ យើងឃើញថា ស្តេចដាវីឌសព្វព្រះទ័យនឹងបង្ហាញសេចក្តីសប្បុរសដល់អ្នកដែលនៅមានជីវិតរស់ ក្នុងវង្សត្រកូលរបស់ស្តេចសូល(ខ.១)។ នៅមានម្នាក់ឈ្មោះ មភីបូសែត គាត់ “ខ្វិនជើង ជាបុត្រនៃយ៉ូណាថាន”(ខ.៣)។ គេក៏បាននាំព្រះអង្គម្ចាស់មភីបូសែត ចូលគាត់ស្តេច ហើយទ្រង់ក៏បានឮស្តេចដាវីឌមានបន្ទូលថា “យើងនឹងប្រគល់អស់ទាំងស្រែចំការរបស់សូលជាជីតាដល់អ្នក តែឯខ្លួនអ្នក នឹងបរិភោគនៅតុជាមួយនឹងយើងជានិច្ច”(ខ.៧)។ ហើយទ្រង់ក៏បានទៅបរិភោគនៅតុជាមួយស្តេចជាប្រចាំ។
ព្រះគម្ពីរប៊ីបមានពេញទៅដោយរឿងជាច្រើនមិនអាចបំភ្លេចបាន អំពីស្តេចដាវីឌ និងមនុស្សមានមាឌយក្ស និងពួកស្តេច ព្រមទាំងនគរទាំងឡាយ ដែលគេអាចយកមកផលិតជាខ្សែភាពយន្តបាន។ ប៉ុន្តែ ព្រះគម្ពីរប៊ីបក៏ចែងទុកជាការរំឭក អំពីសេចក្តីសប្បុរសដូចនេះ ដែលបានបង្ហាញចំពោះជនទុរគត គឺរឿងរបស់មនុស្សម្នាក់ឈោងទៅរកមនុស្សម្នាក់ទៀត។
មានសាច់រឿងដ៏រំភើបរីករាយ ឬគួរឲ្យស្ញប់ស្ញែងជាច្រើន ដែលគេនឹងលែងនឹកចាំទៀត ប៉ុន្តែ ការបង្ហាញសេចក្តីសប្បុរសដ៏ស្រគត់ស្រគំ ដូចដែលស្តេចដាវីឌបានបង្ហាញដល់ព្រះអង្គម្ចាស់មភីបូសែត អាចជាទង្វើសំខាន់បំផុត ដែលយើងត្រូវធ្វើនៅចុងបញ្ចប់។ ការជួយយកអសារអ្នកដទៃអាចជាកិច្ចការ ដែលយើងម្នាក់ៗអាចធ្វើជារៀងរាល់ថ្ងៃ។—John Blasé
តើក្នុងជីវិតអ្នក តើមាននរណាខ្លះដែលត្រូវការអ្នកយកអសារ ដូចព្រះអង្គម្ចាស់មភីបូសែត?
តើអ្នកអាចយកអាសាគាត់ ដោយរបៀបណា?
ឱព្រះប្រកបដោយសេចក្តីសប្បុរស សូមព្រះអង្គបង្ហាញទូលបង្គំឲ្យមើលឃើញមនុស្ស ដែលទូលបង្គំអាចយកអាសា ក្នុងការរស់នៅ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៩-១១ និង ១ធីម៉ូថេ ៦