
ព្រះដែលបានបង្កើតរបស់ទាំងអស់មក
ដោយKirsten Holmberg
October 27, 2025
លោកុប្បត្តិ ១:១-៨,៣១
រួចព្រះទ្រង់ទតគ្រប់ទាំងរបស់ដែលទ្រង់បានធ្វើនោះ ក៏ឃើញថា ទាំងអស់ជាការល្អប្រពៃ។ លោកុប្បត្តិ ១:៣១
កាលពីឆ្នាំ២០២១ លោកវីលៀម សេតន័រ(William Shatner) ជាតួសម្ដែងក្នុងរឿង Star Trek មានចិត្តសប្បាយរីករាយ ក្នុងការជិះយានអវកាស ចូលទៅក្នុងទីអវកាស នៅក្រៅភពផែនដី។ ក្រោយមក នៅពេលដែលគាត់បានពិចារណា អំពីការធ្វើដំណើរនោះ គាត់ក៏បាននិយាយថា បទពិសោធន៍គ្រប់យ៉ាងដែលគាត់ទទួលបាននៅក្នុងទីអវកាស សុទ្ធតែខុសពីការរំពឹងគិត។ គាត់បានរំពឹងគិតថា ភាពធំសម្បើមអស្ចារ្យនៃអវកាស នឹងផ្តល់ឲ្យគាត់នូវអារម្មណ៍តភ្ជាប់ដ៏ស៊ីជម្រៅជាមួយនឹងជីវិតទាំងអស់ ប៉ុន្តែ ផ្ទុយទៅវិញ គាត់មានអារម្មណ៍សោកសង្រេង ដោយសារគាត់បានសង្កេតឃើញថា ភាពងងឹតនៅអវកាសមានភាពត្រជាក់ និងទទេ ដែលការនេះបានផ្តល់ឲ្យគាត់នូវការយល់ដឹងជាថ្មី អំពីសម្រស់ និងភាពផុយស្រួយរបស់ផែនដី។
មនុស្សមិនច្រើនទេ ដែលបានធ្វើដំណើរឡើងទៅទីអវកាស ដើម្បីទទួលបានបទពិសោធន៍ដូចនេះ ដោយផ្ទាល់។ ការពិពណ៌នាក្នុងព្រះគម្ពីរប៊ីប អំពីស្នាព្រះហស្តដ៏ប៉ិនប្រសព្វរបស់ព្រះ ក្នុងចក្រវាល បានអញ្ជើញយើងឲ្យមើលឃើញទីអវកាស ដូចដែលព្រះអង្គបានទតឃើញវាដែរ។ កិច្ចការដំបូងដែលព្រះអង្គធ្វើ ដូចដែលមានចែងក្នុងព្រះគម្ពីរប៊ីប គឺជាការបង្កើត “ផ្ទៃមេឃនិងផែនដី” ដោយនាំសណ្ដាប់ធ្នាប់ចូលទៅក្នុងភាពទទេ និងគ្មានរូបរាង្គ ហើយ “ញែកពន្លឺចេញពីងងឹត” (លោកុប្បត្តិ ១:១-២,៤)។ ការពិពណ៌នាជាបន្តបន្ទាប់ បានបើកបង្ហាញអំពីរបស់សព្វសារពើគ្រប់យ៉ាងសុទ្ធតែល្អ ដែលព្រះទ្រង់បង្កើតឲ្យមានជីវិត ដែលរាប់បញ្ចូលទាំងរុក្ខជាតិ សត្វ និងដែលសំខាន់បំផុតនោះគឺមនុស្ស ដែលដូចរូបអង្គរបស់ទ្រង់។
ស្នាព្រះហស្តទាំងអស់របស់ព្រះ សូម្បីតែរបស់អ្វីដែលនៅកន្លែងឆ្ងាយបំផុត និងងងឹតបំផុត ក្នុងអវកាស សុទ្ធតែបានបើកបង្ហាញព្រះចេស្តា និងអំណាចរបស់ព្រះអង្គ ប៉ុន្តែ ទន្ទឹមនឹងនោះ ព្រះអង្គបានប្រទានការយល់ដឹងពិសេស អំពីកិច្ចការដែលព្រះអង្គបានធ្វើ នៅលើផែនដី។ ភាពស្រស់ស្អាតនៅជុំវិញខ្លួនយើងបណ្តាលចិត្តយើង ឲ្យថ្វាយបង្គំព្រះ ដែលបានបង្កើតរបស់សព្វសារពើមក។—Kirsten Holmber
តើព្រះទ្រង់បានបណ្តាលចិត្តអ្នកឲ្យថ្វាយបង្គំព្រះអង្គ តាមរយៈស្នាព្រះហស្តរបស់ព្រះ នៅពេលណាខ្លះ?
តើអ្នកអាចអរព្រះគុណព្រះអង្គ សម្រាប់អ្វីខ្លះក្នុងចំណោមស្នាព្រះហស្តព្រះអង្គ នៅថ្ងៃនេះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្កើត និងទ្រទ្រង់ផែនដី និងអស់អ្នកដែលរស់នៅលើផែនដី។
ទូលបង្គំសូមថ្វាយបង្គំព្រះអង្គ ជាព្រះអាទិករនៃរបស់សព្វសារពើ។
For further study, read How Nature Makes God Visible at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១២-១៤ និង ២ធីម៉ូថេ ១