នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ព្រះ​យេស៊ូវ​ស្វាគមន៍​ពួក​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ព្រះ​យេស៊ូវ​ស្វាគមន៍​ពួក​គេ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

October 27, 2025

«ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ព្រះ​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា​ដែរ។ ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​មិន​ទទួល​នគរ​ព្រះ​ដូច​ជា​កូន​ក្មេង​១នេះ នោះ​មិន​បាន​ចូល​ទៅ​ក្នុង​នគរ​នោះ​ឡើយ។ ទ្រង់​ក៏​ឱប​វា​រាល់​គ្នា ហើយ​ដាក់​ព្រះ​ហស្ត​លើ ទាំង​ប្រទាន​ពរ​ឲ្យ​ផង» (ម៉ាកុស ១០:១៤-១៦)។
ក្នុង​សតវត្សរ៍​ទី២១ ពេល​ណា​យើង​គិត​អំពី​កុមារ យើង​ច្រើន​តែ​ផ្ដោត​ទៅ​លើ​លក្ខណសម្បត្តិ​របស់​ពួក​គេ តាម​គំនិត​របស់​យើង ដោយ​គិត​ឃើញ​ថា ពួកគេ​គួរ​ឲ្យ​ស្រឡាញ់ និង​គួរ​ឲ្យ​ចង់​លើក​បី ហើយ​ពេល​ខ្លះ យើង​ច្រឡំ​គិត​ថា ពួក​គេ​ល្អ​ឥត​ខ្ចោះ និង​ជា​ចំណុច​កណ្ដាល​នៃ​ចក្រវាល។ ការ​មាន​ទស្សនៈ​ដូច​នេះ អំពី​កុមារ ពិត​ជា​បាន​រាំង​ខ្ទប់​សមត្ថភាព​របស់​យើង ក្នុង​ការ​យល់​អត្ថន័យ​របស់​ព្រះ​បន្ទូល ដែល​បាន​បង្គាប់​ថា «ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ»។
លក្ខណសម្បត្តិ​ពិត​ប្រាកដ​របស់​កុមារ ស្ថិត​នៅ​ក្នុង​ចំណុច​ស្នូល​ការ​ពណ៌នា​របស់​ព្រះ​យេស៊ូវ​អំពី​ពួក​គេ។ ក្មេងៗ​មិន​បោះ​ឆ្នោត មិន​មាន​ប័ណ្ណ​បើកបរ ហើយ​មនុស្ស​ពេញ​វ័យ​មិន​សុំ​ឲ្យ​ពួក​គេ​ធ្វើ​ការ​សម្រេច​ចិត្ត នៅ​ក្នុង​រឿង​សំខាន់ៗ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ឬ​ក្នុង​ជីវិត​របស់​គ្រួសារ​របស់​ពួក​គេ​ឡើយ។ កាល​នៅ​តូច ពួក​គេ​ពឹង​ផ្អែក​ទៅ​នរណា​ម្នាក់​ទាំង​ស្រុង។ ប៉ុន្តែ និយាយ​ឲ្យ​ចំ ក្មេងៗ​មាន​មាឌ​តូច និង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន គឺ​ហាក់​ដូច​ជា​មិន​មាន​លក្ខណៈ​ខាង​ក្រៅ​ដែល​គួរ​ឲ្យ​កោត​សរសើរ​នោះ​ទេ។ ដូច​នេះ តើ​យើង​មាន​អារម្មណ៍​ស្ញប់​ស្ញែង​ទេ នៅ​ពេល​ដែល​ព្រះ​យេស៊ូវ​បាន​ទទួល​ស្វាគមន៍​ក្មេងៗ ដោយ​ភាព​កក់​ក្តៅ​យ៉ាង​ខ្លាំង? ប៉ុន្តែ ខណៈ​ពេល​ដែល​យើង​ស្ញប់​ស្ញែង យើង​មិន​គួរ​ភ្ញាក់​ផ្អើល​ទេ នៅ​ពេល​ដែល​យើង​ពិចារណា​អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ប្រើ​មនុស្ស​ដែល​បន្ទាប​ខ្លួន និង​មនុស្ស​តូច​ទាប​តាម​របៀប​ដ៏​អស្ចារ្យ ជា​ញឹក​ញាប់។ យើង​មិន​អាច​សង្ឃឹម​ថា នឹង​បាន​ចូល​នគរ​ព្រះ​ដោយ​សារ​អំពើ​ល្អ ឬ​តម្លៃ​ខ្លួន​ឯង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ នគរ​ព្រះ​គឺ​សម្រាប់​មនុស្ស​ទាល់ក្រ ឯកោ និង​គ្មាន​ទីពឹង ដែល​មិន​មាន​លក្ខណសម្បត្តិ​ដែល​គួរ​ឲ្យ​ស្ញប់​ស្ញែង គឺ​មនុស្ស​ដូច​ក្មេងៗ​ជា​ដើម។ 
នៅ​ពេល​ដែល​យើង​ទទួល​ស្គាល់​ថា យើង​ត្រូវ​មាន​លក្ខណៈ​ដូច​ក្មេងៗ យើង​ក៏​ត្រូវ​ដឹង​ផង​ដែរ​ថា ដើម្បី​ចូល​នគរ​ព្រះ យើង​ត្រូវ​តែ​ទទួល​ស្គាល់​ជា​មុន​ថា យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន ហើយ​ត្រូវ​ពឹង​ផ្អែក​លើ​ព្រះ​អង្គ។ យើង​ចូល​មក​រក​ព្រះ​គ្រីស្ទ​ដោយ​មិន​បាន​នាំ​យក​សមត្ថភាព ឬ​ភាព​ជោគជ័យ​នៅ​ក្នុង​ដៃ​របស់​យើង​នោះ​ទេ តែ​ដោយ​ដៃទទេ បើក​ចំហ​ជា​ស្រេច ដើម្បី​ទទួល​ពី​ព្រះ​អង្គ។ ហើយ​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ ដំណឹង​ល្អ​បាន​ប្រាប់​យើង​ថា យើង​ត្រូវ​តែ​មើល​ទៅ​ព្រះ​អង្គ​ដែល​បាន​យក​កំណើត​ជា​សាច់​ឈាម ជា​ទារក​តូច ដែល​ត្រូវ​ការ​ឪពុក​ម្តាយ​ថែទាំ។ ដូច​នេះ អ្នក​ដែល​បាន​យក​គំរូ​តាម​ការ​បន្ទាប​ព្រះ​កាយ​របស់​ព្រះ​អង្គ សម​នឹង​មាន​អំណរ​ក្នុង​ការ​ចូល​នគរ​របស់​ព្រះ​អង្គ។ 
ការ​ដែល​ព្រះ​យេស៊ូវ​ទទួល​ក្មេងៗ​ក្នុង​ខ​គម្ពីរ​ទាំង​នេះ គឺ​បាន​វាយ​បំបាក់​អំនួត​របស់​យើង ហើយ​លើក​យើង​ឡើង ក្នុង​ភាព​កម្សោយ​របស់​យើង។ អ្នក​ប្រហែល​ជា​ចាត់​ទុក​ការងារ ឬ​មុខ​តំណែង​របស់​អ្នក​ជា​ការងារ​ដែល​គួរ​ឲ្យ​សរសើរ ឬ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​អ្នក​ក៏​ចង់​ធ្វើ​ជា​អ្នក​យក​អាសា​គេ​ជាជាង​ឲ្យ​គេ​យក​អាសា​អ្នក។ ឬ​អ្នក​ប្រហែល​ជា​គិត​ថា អ្នក​ដទៃ​មិន​សូវ​ឲ្យ​តម្លៃ​អ្នក (ឬ​អ្នក​មិន​សូវ​ឲ្យ​តម្លៃ​ខ្លួន​ឯង) ហើយ​អ្នក​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ដែល​បាន​ដឹង​ថា ព្រះ​សព្វ​ព្រះទ័យ​នឹង​ប្រទាន​អ្វី​មួយ​ដល់​អ្នក លើស​ពី​ការ​ចំណាយ​ពេល​អស់​កល្ប​ជានិច្ច​ជា​មួយ​អ្នក។ ទោះ​អ្នក​មាន​ចរិត​លក្ខណៈ ឬ​កាលៈទេសៈ​ដូច​ម្ដេច​ក៏​ដោយ ចូរ​ចូល​មក​រក​ព្រះ​យេស៊ូវ​ជា​រៀង​រាល់​ថ្ងៃ ដោយ​ជំនឿ​ដូច​ក្មេងៗ ដោយ​ទទួល​ស្គាល់​ភាព​កម្សោយ និង​ទទួល​ស្គាល់​ថា យើង​មិន​អាច​ជួយ​ខ្លួន​ឯង​បាន។
នេះ​ជា​ផ្លូវ​តែ​មួយ​ចូល​ទៅ​ក្នុង​នគរ​របស់​ព្រះ​អង្គ និង​ជា​ផ្លូវ​តែ​មួយ ដើម្បី​អរ​សប្បាយ​នឹង​ព្រះ​ពរ​នៃ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយ​ព្រះ​អង្គ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ លូកា ១១:១-១៣
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ ២សាំយ៉ូអែល ៦-៨ និង​១យ៉ូហាន ១

ប្រភេទ