
ចូរប្រយ័ត្ន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
October 28, 2025
«ចូរប្រយ័ត្ននឹងពួកឆ្កែ ហើយនឹងពួកអ្នកដែលប្រព្រឹត្តអាក្រក់ ព្រមទាំងពួកកាត់ស្បែកក្លែងក្លាយផង ដ្បិតយើងរាល់គ្នាដែលបំរើព្រះដោយវិញ្ញាណ ហើយអួតតែពីព្រះគ្រីស្ទយេស៊ូវ ឥតទុកចិត្តនឹងសាច់ឈាមឡើយ នោះយើងជាពួកកាត់ស្បែកដ៏ពិត» (ភីលីព ៣:២-៣)។
ក្នុងសំណេរទាំងអស់របស់សាវ័ក ប៉ុល ប្រហែលជាគ្មានខគម្ពីរណា ដែលគាត់បានប្រើពាក្យធ្ងន់ៗជាងនេះទេ។ ការដែលគាត់បាននិយាយសំដៅទៅលើពួកគ្រូខុសឆ្គងនៅសម័យគាត់ថា «ពួកឆ្កែ» គឺជាការប្រថុយ និងមានការប្រឈមមុខដាក់ខ្លាំងជាងសម័យបច្ចុប្បន្នទៅទៀត។ ប៉ុន្តែ សាវ័ក ប៉ុល កំពុងប្រើភាសាដូចនេះ ដោយសារគាត់មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពួកជំនុំនៅទីក្រុងភីលីព ដោយសារមានគ្រូខុសឆ្គងកំពុងមានសកម្មភាពនៅក្នុងចំណោមពួកគេ។
ពួកនិកាយ និងពួកគ្រូខុសឆ្គង បំផ្លាញក្តីអំណរស្ទើរតែគ្រប់ពេល ហើយពួកមនុស្សអាក្រក់ទាំងនេះក្នុងទីក្រុងភីលីពក៏អញ្ចឹងដែរ។ ពួកគេមានចរិតលក្ខណៈផ្ទុយពីអ្វីដែលពួកគេបានអះអាង ដោយពួកគេទទូចថា ក្រឹត្យវិន័យសញ្ញាចាស់មានភាពចាំបាច់ចំពោះជំនឿគ្រីស្ទបរិស័ទពិតប្រាកដ។ ពួកគេបាននិយាយទៅកាន់អ្នកជឿនៅទីក្រុងភីលីព ដែលបានរកឃើញក្តីអំណរក្នុងព្រះអម្ចាស់ ដោយសួរពួកគេក្នុងន័យថា បើអ្នកមិនបានធ្វើពិធីកាត់ស្បែកទេ តើអ្នកជាគ្រីស្ទបរិស័ទពិតប្រាកដទេ? សាវ័ក ប៉ុល ក៏បានដាស់តឿនពួកគេឲ្យ «ប្រុងប្រយ័ត្ន» ដើម្បីក្រើនរំឭកពួកជំនុំក្មេងខ្ចីនេះថា ជំនឿគ្រីស្ទបរិស័ទដែលបូកបន្ថែមក្រឹត្យវិន័យ គឺបានធ្វើឲ្យខូចដំណឹងល្អពិតប្រាកដ។ ការបន្ថែមបន្ថយដំណឹងល្អ តែងតែដកក្តីអំណរ និងថែមទាំងសេចក្តីសង្គ្រោះចេញពីដំណឹងល្អ។
ដូចនេះ ពេលដែលយើងឃើញពាក្យ «ពួកឆ្កែ» ក្នុងខគម្ពីរនេះ យើងមិនគួរគិតអំពីសត្វឆ្កែជាសត្វចិញ្ចឹមនោះទេ។ សាវ័ក ប៉ុល មិននិយាយសំដៅទៅលើសត្វឆ្កែពូជហ្គោលឌិននោះទេ។ ប៉ុន្តែ គាត់សំដៅទៅលើពួកឆ្កែអនាថាចម្លងជំងឺដែលចោលរោមធុងសំរាម ហើយអាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដោយគ្រាន់តែខាំអ្នកតែមួយដង។ សាវ័ក ប៉ុល បានប្រើពាក្យសម្ដីធ្ងន់ៗថា ពួកមនុស្សដែលកំពុងជំរុញពួកជំនុំឲ្យធ្វើតាមក្រឹត្យវិន័យ ក៏គ្រោះថ្នាក់ដូចគ្នា។ ពួកគេកំពុងអូសទាញពួកជំនុំឲ្យបែរចេញពីព្រះគ្រីស្ទ ដោយកាត់បន្ថយភាពគ្រប់គ្រាន់នៃការសុគត ការមានព្រះជន្មឡើងវិញ និងការយាងឡើងស្ថានសួគ៌របស់ព្រះអង្គ។
សាវ័ក ប៉ុល តែងតែដាស់តឿនឥតដែលខានអំពីផលវិបាកដ៏សោកសៅនៃការបង្រៀនខុសឆ្គង ហើយដោយសារគាត់ស្រឡាញ់ពួកជំនុំនៅទីក្រុងភីលីព ដោយហៅពួកគេថា «ជាទីត្រេកអរ ហើយជាមកុដ» របស់គាត់ (ភីលីព ៤:១) គាត់ក៏បានទាស់ប្រឆាំងនឹងមនុស្ស និងអ្វីៗទាំងអស់ ដែលនាំពួកគេវង្វេងចេញពីផ្លូវតែមួយឆ្ពោះទៅរកសិរីល្អ។ គាត់ចង់ឲ្យពួកគេមានការប្រុងប្រយ័ត្នជានិច្ច។
យើងក៏ងាយនឹងភ្លេចថា ដំណឹងល្អមិនមែនជាការប្រកាសថា «ចូរប្រឹងប្រែងអស់ពីលទ្ធភាព ហើយធ្វើខ្លួនឲ្យល្អគ្រប់គ្រាន់!» ប៉ុន្តែ ផ្ទុយទៅវិញ «ការប្រឹងប្រែងរបស់យើងមិនដែលមានភាពគ្រប់គ្រាន់ទេ គឺមានតែព្រះយេស៊ូវប៉ុណ្ណោះដែលតែងតែមានភាពគ្រប់គ្រាន់»។
ទោះជាយ៉ាងណាក៏ដោយ ដំណឹងល្អពិតប្រាកដបានប្រកាសថា មានតែដោយសារជំនឿលើព្រះគ្រីស្ទប៉ុណ្ណោះ ដែលយើងជា «ពួកកាត់ស្បែក» ពិតប្រាកដ បានសេចក្តីថា យើងជាមនុស្សដែលបានញែកចេញធ្វើជារាស្ត្រពិតប្រាកដរបស់ព្រះ មិនមែនដោយសារយើងបានកាត់ស្បែកខាងសាច់ឈាម តែដោយសារព្រះគ្រីស្ទត្រូវបានកាត់ចេញ ដើម្បីយើង។ ក្នុងជំនាន់នីមួយៗ តែមានតែមនុស្សដែលជំរុញឲ្យគេបង្ហាញចេញលក្ខណៈសម្គាល់នៃសេចក្តីជំនឿ នៅសម្បកក្រៅដោយផ្ទាល់ ឬដោយបើកចំហ ដោយចាត់ទុកការប្រារព្ធពិធីតាមក្រឹត្យវិន័យ ជាធាតុផ្សំចាំបាច់នៃសេចក្តីសង្គ្រោះ។ ប៉ុន្តែ គ្មានពិធីបុណ្យ ឬការអនុវត្តតាមសាសនាណា ដែលអាចសង្គ្រោះយើងបានទេ។ ចូរកុំឲ្យសេចក្តីសង្គ្រោះរបស់អ្នកពឹងផ្អែកទៅលើសាច់ឈាមរបស់អ្នក ការចូលរួមនៅព្រះវិហារ ការអានព្រះគម្ពីរ ការបំពេញតួនាទីរបស់អ្នក ជាប្ដីប្រពន្ធ ឪពុកម្តាយ អ្នកធ្វើការ អ្នកផ្សាយដំណឹងល្អ ឬអ្វីផ្សេងទៀតឡើយ។ ចូរទុកចិត្តលើព្រះគ្រីស្ទទាំងស្រុង។ មានតែព្រះអង្គទេ ដែលមានភាពគ្រប់គ្រាន់សម្រាប់យើង។
ខគម្ពីរសញ្ជឹងគិត៖ កាឡាទី ២:១១-២១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ៩-១១ និង១យ៉ូហាន ២