នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

អ្នក​លោះ​សាច់​ញាតិ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

អ្នក​លោះ​សាច់​ញាតិ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 1, 2025

«ខ្ញុំ​ឈ្មោះ​រស់ ជា​បាវ​ស្រី​របស់​លោក សូម​បណ្ដោយ​ផួយ​លោក​មក​ដណ្ដប់​ឲ្យ​បាវ​ស្រី​ផង ដ្បិត​លោក​ជា​អ្នក​មាន​ច្បាប់​នឹង​លោះ​បាន» (នាងរស់ ៣:៩)។
នេះ​គឺជា​សេចក្ដី​ពិត​ដែល​នាំឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​គឺថា អ្នក​មាន​សាច់ញាតិ​ដែល​អាច​លោះ​បាន។ នៅ​ក្នុង​ជំពូកទី២នៃកណ្ឌ​គម្ពីរ​នាងរស់ បាន​បញ្ចប់​ដោយ​នាង ណាអូមី បាន​បើក​បង្ហាញ​ថា លោក បូអូស គឺជា​បងប្អូន​សាច់​ឆ្ងាយ «និង​ជា​អ្នក​មាន​ច្បាប់​លោះ​សាច់​ញាតិ» (នាងរស់ ២:២០)។ តាំងពី​យូរ​មក​ហើយ​មុន​ពេល​រឿង​នេះ​កើតឡើង ព្រះ​ទ្រង់​បាន​បង្កើត​ប្រពៃណី​មួយ​ដែល​មិន​គ្រាន់តែ​មាន​ប្រយោជន៍​សម្រាប់​នាង តែ​ក៏​សម្រាប់​ប្រជាជន​អ៊ីស្រាអែល និង​រាស្ត្រ​របស់​ព្រះ​អង្គ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការ​ប្រោស​លោះ។ 
ប្រពៃណី​នៃ​ការ​រៀបការ និង​ប្រពៃណី​នៃ​ការ​លោះ​មនុស្ស​នៅ​គ្រា​សញ្ញាចាស់ គឺ​ជា​ប្រពៃណី​ដែល​គេ​បាន​ប្រកាន់​ខ្ជាប់​តាំង​ពីរ​យូរ​មក​ហើយ ដែល​យើង​ចាំបាច់​ត្រូវ​យល់​បរិបទ និង​ក្តី​អំណរ​ដែល​មាន​ក្នុង​រឿង​នេះ។ ប្រពៃណី​មង្គលការ​បាន​កំណត់​មក​ថា បើ​មនុស្ស​ប្រុស​ស្លាប់ ឈ្មោះ និង​ខ្សែ​លោហិត​របស់​គ្រួសារ​គាត់​មិន​ត្រូវ​លុប​បំបាត់​ជាមួយ​គាត់ ឬ​មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ប្រើ​ជា​ប្រយោជន៍​នោះ​ឡើយ (ចោទិយកថា ២៥:៥-១០)។ ចំណែក​ឯ​ប្រពៃណី​នៃ​ការលោះ​មនុស្ស​វិញ ក្នុង​ព្រះ​គម្ពីរ​ដើម​ជា​ភាសា​ហេព្រើរ គេ​ប្រើ​ពាក្យ ហ្គោអែល (Goel) ថ្នាក់​ពាក្យ​ជា​កិរិយាស័ព្ទ​ដែល​មាន​ន័យ​ថា «ទៅ​យក​មក​វិញ ឬ​លោះ» ហើយ​ច្រើន​តែ​ប្រែ​មក​ថា «អ្នក​មាន​ច្បាប់​លោះ​សាច់​ញាតិ​របស់​ខ្លួន»។ ក្រឹត្យវិន័យ​របស់​លោក ម៉ូសេ បាន​តម្រូវ​ឲ្យ​មាន​ការ​ទទួល​ខុសត្រូវ​ដូច​នេះ ក្នុង​បទគម្ពីរ​លេវីវិន័យ​ជំពូក២៥ ដែល​អនុញ្ញាត​ឲ្យ​សាច់​ញាតិ​ដែល​អាច​ថែរក្សា និង​ផ្គត់ផ្គង់​សាច់ញាតិ​ដែល​ទ័លក្រ ក្នុង​កាល:ទេសៈ​ណា​មួយ។ អ្នក​លោះ​សាច់ញាតិ មាន​ការ​ទទួល​ខុសត្រូវ ក្នុង​ការ​ធ្វើ​អ្វី​ដែល​ចាំបាច់ ដើម្បី​លោះ​ដី និង​ទំនុកបម្រុង​សាច់ញាតិ​នោះ។ លោក បូអូស បាន​ប្រកាន់​ខ្ជាប់​តាម​ប្រពៃណី​នេះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដោយ​ផ្គត់ផ្គង់ និង​ថែរក្សា​នាង ណាអូមី និង​នាង រស់ ដែល​ងាយ​រង​គ្រោះ និង​កំពុង​ខ្វះខាត។ លោក បូអូស មិន​គ្រាន់តែ​ជា​បុព្វបុរស​របស់​ព្រះ​យេស៊ូវ​ប៉ុណ្ណោះ​ទេ តែ​រឿង​នេះ​ក៏​បាន​ឆ្លុះបញ្ចាំង​ទុក​ជា​មុន​អំពី​ការ​យាងមក​របស់​ព្រះ​គ្រីស្ទ​ធ្វើ​ជា​អ្នក​ប្រោស​លោះ​របស់​យើង។
នៅ​ពេល​ដែល​នាង រស់ បាន​ទៅ​ដេក​នៅ​ចុង​ជើង​របស់​លោក បូអូស ដោយ​ភាព​ទុរគត និង​ពឹង​ផ្អែក​លើ​ការ​ថែរក្សា​របស់​គាត់​ជា​យ៉ាងណា នោះ​យើង​ក៏​ក្រាប​នៅ​ទាប​ព្រះបាទ​ព្រះ​គ្រីស្ទ ដោយ​ស្វែងរក​សេចក្តី​មេត្តា​របស់​ទ្រង់​ផង​ដែរ។ ដែល​លោក បូអូស បាន​ប្រព្រឹត្ត​ល្អ​ចំពោះ​នាង រស់ ជា​យ៉ាងណា នោះ​ព្រះ​គ្រីស្ទ​ក៏​បាន​ប្រព្រឹត្ត​ចំពោះ​មនុស្ស​មាន​បាប​ម្នាក់ៗ​ដែល​ចូល​មក​រក​ព្រះ​អង្គ​ដោយ​ការ​ប្រែចិត្ត ដោយ​គ្រប​បាំង​ពួក​គេ ដោយ​ព្រះ​លោហិត​នៃ​សេចក្តី​សញ្ញា​ដែល​ព្រះ​អង្គ​បាន​ប្រើ ដើម្បី​ស្វាគមន៍​យើង​ចូល​ទៅ​ក្នុង​សន្តិភាព សុវត្ថិភាព និង​ការ​ស្កប់​ចិត្ត នៅ​ក្រោម​ស្លាប​របស់​ព្រះ​អង្គ (ទំនុកតម្កើង ៩១:៤)។ ព្រះ​អង្គ​រម្ងាប់​ការ​សោកសង្រេង បំបាត់​ការ​ភ័យខ្លាច និង​ជូត​ទឹកភ្នែក​របស់​យើង។ នាង រស់ បាន​មក​រក​លោក បូអូស ក្នុង​នាម​ជា​ជនបរទេស​ដែល​គ្មាន​ប្រាក់​មួយ​រៀល​ជាប់​ខ្លួន ហើយ​បាន​ប្រែ​ជា​មាន​ភាព​សម្បូរសប្បាយ ដោយ​សារ​ពរ​របស់​គាត់។ យើង​ចូល​មក​រក​ព្រះ​យេស៊ូវ​ដោយ​វិញ្ញាណ​ដែល​ទន់ខ្សោយ ហើយ​បាន​ក្លាយជា​អ្នក​ស្នង​មរតក​ជា​មួយ​ព្រះ​អង្គ (រ៉ូម ៨:១៧)។ ដែល​លោក បូអូស បាន​ទទួល​យក​នាង រស់ ធ្វើ​ជា​កូនក្រមុំ​របស់​គាត់​ជា​យ៉ាងណា នោះ​ព្រះ​គ្រីស្ទ​ក៏​បាន​ទទួល​យើង​ជា​ពួកជំនុំ ធ្វើ​ជា​កូនក្រមុំ​របស់​ព្រះ​អង្គ​ផងដែរ (វិវរណៈ ១៩:៧-៨)។
​ព្រះ​គម្ពីរ​មាន​ពេញ​ទៅ​ដោយ​គំរូ​នៃ​ការ​ផ្គត់ផ្គង់ និង​ការ​ថែរក្សា​ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​រាស្ត្រទ្រង់ តាំង​ពី​មុន​ពេល​ដែល​ពួក​គេ​ដឹង​ថា ពួក​គេ​ត្រូវការ​ព្រះ​អង្គ។ ផែនការ​នៃ​ការ​ប្រោស​លោះ​របស់​ព្រះ​សម្រាប់​នាង រស់ សម្រាប់​រាស្ត្រ​អ៊ីស្រាអែល និង​រាស្ត្រ​របស់​ព្រះ​អង្គ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ​ទាំងមូល គឺ​បាន​បង្ហាញ​ចេញ​មក មិន​គ្រាន់តែ​នៅ​ក្នុង​តួនាទី​ជា​អ្នក​លោះ​សាច់ញាតិ​ប៉ុណ្ណោះ​ទេ តែ​ចាប់តាំង​ពី​អស់កល្ប​ជានិច្ច​មក (អេភេសូរ ១:៣-៧)។
នៅ​ថ្ងៃនេះ ចូរ​ទុកចិត្ត​ថា ព្រះ​យេស៊ូវ​គឺ​ជា​កូនកំលោះ និង​ជា​អ្នក​លោះ​របស់​ពួកជំនុំ​របស់​ទ្រង់។ ចូរ​ទុកចិត្ត​ថា ព្រះ​អង្គ​ទទួល​ខុសត្រូវ​ក្នុង​ការ​ថែរក្សា និង​ផ្គត់ផ្គង់​អ្នក​គ្រប់យ៉ាង និង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ទឹកដី​សន្យា​ដោយ​សុវត្ថិភាព។ ចូរ​ទុកចិត្ត​ថា វិញ្ញាណ​របស់​អ្នក​នៅតែ​មាន​សុវត្ថិភាព នៅ​ក្រោម​ម្លប់​នៃ​ស្លាប​របស់​ព្រះ​អង្គ ទោះ​អ្នក​ជួប​ការ​វាយប្រហារ​ទាំង​ខាងក្នុង និង​ខាងក្រៅ​ក្តី ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ទំនុកតម្កើង ៥៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ២សាំយ៉ូអែល ១៩-២០ និង​២យ៉ូហាន

ប្រភេទ