
បានផ្លាស់ប្រែយ៉ាងខ្លាំង (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
November 14, 2025
«ឡើយ ដ្បិតពួកមនុស្សកំផិត ពួកថ្វាយបង្គំរូបព្រះ ពួកសហាយស្មន់ ពួកអ្នកសម្រេចកិច្ចដោយខ្លួនឯង ពួកលេងកូនជឹង ពួកចោរ ពួកមនុស្សលោភ ពួកប្រមឹក ពួកត្មះតិះដៀល នឹងពួកប្លន់កំហែង នោះមិនដែលបានគ្រងនគរព្រះទុកជាមរដកឡើយ ឯពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ តែបានលាងស្អាតហើយ ក៏បានញែកជាបរិសុទ្ធ ហើយរាប់ជាសុចរិតផង ដោយនូវព្រះនាមព្រះអម្ចាស់យេស៊ូវ នឹងព្រះវិញ្ញាណរបស់ព្រះនៃយើងរាល់គ្នា» (១កូរិនថូស ៦:៩-១១)។
ភស្តុតាងនៃសេចក្តីជំនឿរបស់គ្រីស្ទាន គឺស្ថិតនៅលើព្រះចេស្ដាដែលមានក្នុងជំនឿរបស់ពួកគេ។ មានតែព្រះចេស្ដារបស់ព្រះគ្រីស្ទប៉ុណ្ណោះ ដែលអាចទទួលយកមនុស្សប្រុសស្រីដែលវង្វេងក្នុងអំពើបាប ហើយធ្វើឲ្យពួកគេក្លាយជាកូនប្រុសស្រីរបស់ព្រះ។ ទោះមនុស្សម្នាក់បានធ្លាក់ចូលទៅដល់ជម្រៅនៃកំហុសជ្រៅយ៉ាងណា ឬមានភាពអាម៉ាស់ធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចលើសពីលទ្ធភាពដែលព្រះគុណរបស់ព្រះអត់ទោសឲ្យគាត់នោះឡើយ។ ក្នុងការរៀបរាប់អំពីអំពើបាបទាំងអស់នោះ សាវ័ក ប៉ុល បានធ្វើការសន្និដ្ឋានថា «ពួកអ្នករាល់គ្នាខ្លះ ពីដើមក៏ជាមនុស្សយ៉ាងដូច្នោះដែរ»។ ពាក្យមួយឃ្លានេះ គឺជាការប្រកាសជ័យជម្នះ មិនមែនការស្តាយក្រោយនោះទេ។ គឺបាននិយាយអំពីពេលអតីតកាល មិនមែនពេលបច្ចុប្បន្ន។ ហេតុអ្វី? ព្រោះដោយសារអំណាចរបស់ព្រះយេស៊ូវដែលអាចកែប្រែជីវិត។ គ្មាននរណាអាចធ្វើឲ្យជីវិតខ្លួនឯងផ្លាស់ប្រែបានទេ គឺមានតែព្រះយេស៊ូវទេ ដែលអាចធ្វើឲ្យពួកគេផ្លាស់ប្រែបាន។
តើយើងពិតជាជឿថា ការផ្លាស់ប្រែទាំងស្រុងអាចកើតឡើងឬទេ? យើងច្រើនតែចង់ផ្តល់ឲ្យគេនូវការជួសជុលតែសម្បកក្រៅ តែទន្ទឹមនឹងនោះ យើងប្រាប់ពួកគេថា ពួកគេត្រូវតែបន្តរស់នៅក្នុងភាពប្រេះបែក ដោយសារអំពើបាបពីអតីតកាល ឬធានាពួកគេថា ពួកគេបានសង្គ្រោះដោយសារព្រះគុណព្រះ តែឥឡូវនេះ ពួកគេត្រូវខិតខំប្រព្រឹត្តល្អ ដើម្បីធ្វើឲ្យជីវិតផ្លាស់ប្រែ។ តើយើងបានការបង្រៀននេះមកពីណា? តើព្រះយេស៊ូវបានមានបន្ទូលឬទេថា ខ្ញុំនឹងដាក់ដៃលើជីវិតអ្នក ហើយកែប្រែអ្នក តែខ្ញុំចង់ឲ្យអ្នកដឹងថា អ្នកនឹងផ្លាស់ប្រែបន្តិចបន្តួច ហើយក្រៅពីនោះ អ្នកត្រូវខិតខំដោយខ្លួនឯង? ទេ! ផ្ទុយទៅវិញ ព្រះអង្គមានបន្ទូលថា ខ្ញុំនឹងធ្វើឲ្យអ្នកកើតជាថ្មី ពីក្នុងមកក្រៅ។ ខ្ញុំនឹងកែប្រែអ្នករំដោះអ្នក និងធ្វើឲ្យអ្នកផ្លាស់ប្ដូរ។ នេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវ ហើយក៏ជាទីបន្ទាល់របស់គ្រីស្ទបរិស័ទនៅទីក្រុងកូរិនថូស។ ពួកគេជាប្រភេទមនុស្ស ដែលមានបាប ដែលត្រូវប្រឈមមុខដាក់ការជំនុំជម្រះ ប៉ុន្តែក្រោយមក ពួកគេក៏បានផ្លាស់ប្រែ។ ជីវិតរបស់ពួកគេខុសប្លែកពីមុន។ ដូចនេះ តើការផ្លាស់ប្រែនេះបានចាប់ផ្ដើមដូចម្ដេច? គឺចាប់ដើមដោយការមើលឃើញអំពើបាបរបស់ខ្លួនឯងច្បាស់។ បើខ្ញុំមិនដឹងថា ខ្លួនឯងមានបាបទេ តើធ្វើដូចម្ដេចឲ្យខ្ញុំដឹងថា ខ្លួនខ្ញុំបានសង្គ្រោះរួចពីបាប? យើងម្នាក់ៗត្រូវតែប្រឈមមុខដាក់ទម្ងន់នៃអំពើបាបរបស់យើង ដើម្បីកាលណាព្រះបន្ទូលព្រះអង្គប្រាប់យើងថា ព្រះយេស៊ូវបានយាងមកសង្គ្រោះមនុស្សឲ្យរួចពីបាប និងចំណងនីមួយៗនៃជីវិត ហើយប្រទានពួកគេនូវព្រះវិញ្ញាណបរិសុទ្ធ ដើម្បីកែប្រែពួកគេពីក្នុងមកក្រៅ យើងនឹងបានឈោងទៅរកព្រះអង្គដោយដៃទាំងទ្វេ។ នេះជាសេចក្តីសង្គ្រោះ! នេះជាការផ្លាស់ប្រែ!
គ្រីស្ទបរិស័ទម្នាក់ៗគឺជាភស្តុតាងបញ្ជាក់ការពិតដែលថា ព្រះទ្រង់ធ្វើឲ្យជីវិតផ្លាស់ប្រែ។ មានបុរស និងស្ត្រីនៅគ្រប់ទិសទី ដែលជាស្មរបន្ទាល់ដ៏រស់ នៃព្រះចេស្ដារបស់ព្រះគ្រីស្ទដែលកែប្រែជីវិត និងប្រទានការកើតជាថ្មី។ ដូចនេះ តើយើងបានត្រៀមខ្លួនហើយឬនៅ សម្រាប់ពួកជំនុំដែលមានពេញដោយមនុស្សដែលធ្លាប់ធ្វើអំពើអសីលធម៌ផ្លូវភេទ ផិតក្បត់ ប្រមឹក និងបោកប្រាស់ កាលមិនទាន់ជឿព្រះ? តើយើងបានត្រៀមខ្លួនទទួលស្គាល់ថា កាលពីមុនយើងជាមនុស្សប្រភេទនេះ តែយើងបានផ្លាស់ប្រែហើយ ដោយសារព្រះគុណរបស់ព្រះទាំងស្រុង? ឬយើងចង់បានពួកជំនុំ ដែលប្រមូលផ្តុំដោយមនុស្ស ដែលមើលទៅហាក់ដូចជាល្អ គឺជាអ្នកដែលជឿថា ពួកគេមិនត្រូវការព្រះយេស៊ូវ? ព្រះយេស៊ូវសង្គ្រោះ និងកែប្រែជីវិត។ ដោយជំនឿ អ្នកមិនមែនជាខ្លួនអ្នកកាលពីមុនទៀតទេ ហើយអ្នកនឹងអាចនិយាយដូចនេះទៀត នៅខែ និងឆ្នាំក្រោយទៀត។ តើអ្នកមើលឃើញនរណាខ្លះ ដែលហាក់ដូចជាធ្លាក់កប់ក្នុងបាបជ្រៅពេក មិនអាចចូលទៅរកព្រះគ្រីស្ទបាន? ចូរអធិស្ឋានសូមការផ្លាស់ប្រែមកពីព្រះសម្រាប់ពួកគេ។ តើផ្នែកណាខ្លះនៃជីវិតអ្នក ដែលហាក់ដូចជាមានភាពរឹងរូសពេក មិនព្រមទទួលការផ្លាស់ប្រែ ដើម្បីផ្គាប់ព្រះទ័យព្រះគ្រីស្ទ? ចូរអធិស្ឋានសូមការផ្លាស់ប្រែពីព្រះអង្គ។ អ្នកមិនអាចធ្វើឲ្យនរណាម្នាក់ផ្លាស់ប្រែ រាប់បញ្ចូលទាំងខ្លួនអ្នកដែរ។ តែព្រះគ្រីស្ទមានអំណាចចេស្ដា អាចធ្វើអ្វីដែលអ្នកមិនអាចធ្វើបាន។
ខគម្ពីរសញ្ជឹងគិត៖ ២កូរិនថូស ៣:១៧-៤:៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ១០-១២ និងលូកា ១:៣៩-៥៦