នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ទិដ្ឋភាព​នៅ​ស្ថានសួគ៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ទិដ្ឋភាព​នៅ​ស្ថានសួគ៌ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 22, 2025

«ក្រោយ​នោះ​មក ខ្ញុំ​ក្រឡេក​ទៅ​ឃើញ​មនុស្ស១ហ្វូង​យ៉ាង​ធំ ដែល​គ្មាន​អ្នក​ណា​អាច​នឹង​រាប់​បាន​ឡើយ គេ​មក​ពី​គ្រប់​ទាំង​សាសន៍ គ្រប់​ទាំង​ពូជ​មនុស្ស គ្រប់​ទាំង​គ្រួសារ ហើយ​គ្រប់​ទាំង​ភាសា ក៏​ឈរ​នៅ​មុខ​បល្ល័ង្ក និង​កូន​ចៀម ទាំង​ពាក់​អាវ​ស​វែង ហើយ​កាន់​ធាង​ចាក​នៅ​ដៃ។ គេ​បន្លឺ​សំឡេង​ថា សេចក្ដី​សង្គ្រោះ​ស្រេច​នូវ​ព្រះ​នៃ​យើង​រាល់គ្នា ដែល​គង់​លើ​បល្ល័ង្ក ហើយ​ស្រេច​នឹង​កូន​ចៀម​ផង» (វិវរណៈ ៧:៩-១០)។
ការ​យល់ដឹង និង​បទ​ចម្រៀង​ជា​ច្រើន​ដែល​និយាយ​អំពី​ស្ថានសួគ៌​ក្នុង​សង្គម​លោក​ខាងលិច ពេល​សព្វថ្ងៃ មាន​ប្រភព​នៅ​ក្នុង​ជំនឿ​គ្រីស្ទាន ពី​សម័យ​ក្សត្រី វ៉ិកតូរីយ៉ា និង​ទស្សនៈ​របស់​យើង​អំពី​ចក្រ​វាល ក៏​ផ្អែក​ទៅ​លើ​ការ​បង្រៀន​របស់​លោក ផ្លា​តុង ជា​ទស្សនវិទូ​ក្រិក ហើយ​មិន​សូវ​បាន​ផ្ដេក​ផ្ដួល​ទៅ​លើ​ការ​ពិចារណា​ដិត​ដល់​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​បើក​បង្ហាញ​ក្នុង​ព្រះ​បន្ទូល​ទ្រង់​ឡើយ។ យើង​នឹង​មិន​រស់​នៅ​ក្នុង​ជីវិត​អស់​កល្ប​ជានិច្ច ដោយ​គ្រាន់​តែ​អង្គុយ​នៅ​លើ​ពពក និង​លេង​ភ្លេង​កម្សាន្ត ដូច​ដែល​គេ​ពណ៌នា​អំពី​ស្ថាន​សួគ៌ នៅ​ក្នុង​រូប​គំនូរ​សម័យ​ដើម​នោះ​ទេ។ យើង​នឹង​ធ្វើ​អ្វីៗ​ដែល​ល្អ​ជាង​នោះ​ឆ្ងាយ​ណាស់។ ព្រះ​គម្ពីរ​បាន​បើក​បង្ហាញ​ថា យើង​នឹង​ច្រៀង​សរសើរ​តម្កើង​ព្រះ និង​ថ្វាយ​បង្គំ​ព្រះ​គ្រីស្ទ​ដែល​ជា​កូន​ចៀម​នៃ​ព្រះ។
កណ្ឌ​គម្ពីរ​វិវរណៈ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​កត់​សម្គាល់​អំពី​ការ​ជួបជុំ​គ្នា​សរសើរ​តម្កើង​ព្រះ ដោយ​ឈរ​ជា​រង្វង់​ជា​ច្រើន​ជាន់​នៅ​ជុំវិញ​កូន​ចៀម។ នៅ​ក្នុង​រង្វង់​ជាន់​ទីមួយ​មាន​តួ​មាន​ជីវិត៤ និង​ពួក​ចាស់​ទុំ២៤នាក់ ដោយ​ថ្វាយ​គ្រឿង​ក្រអូប និង​ច្រៀង​បទ​ចម្រៀង​ថ្មី​សរសើរ​តម្កើង​ព្រះ​អង្គ (វិវរណៈ ៥:៨-៩)។ នៅ​រង្វង់​ជាន់​ទី២ ក្នុង​ខ.១១-១៣ មាន​ពួក​ទេវតា​រាប់​ម៉ឺន​អង្គ​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះ​អង្គ ដោយ​ចូលរួម​ជាមួយ​ជីវិត​ទាំង​អស់​នៃ​ស្នា​ព្រះ​ហស្ត​ព្រះ​អង្គ។ នៅ​ក្នុង​រង្វង់​ជាន់​បន្ទាប់ កណ្ឌ​គម្ពីរ​វិវរណៈ​បាន​លើកឡើង​ថា មាន​អ្នក​ដែល​បាន​ប្រោស​លោះ ដោយ​សារ​ព្រះ​លោហិត​នៃ​កូន​ចៀម (៧:៤, ៩)។ មាន​ការ​ពណ៌នា​ថា ពួក​គេ​មាន​គ្នា ១៤៤០០០នាក់ ហើយ​ក៏​មាន​ការ​ពណ៌នា​ថា ពួក​គេ​មាន​គ្នា​ច្រើន​រាប់​មិន​អស់។ ហើយ​ក៏​មាន​ការ​ពណ៌នា​ថា ពួក​គេ​គឺ​ជា​ពូជ​អំបូរ​ទាំង១២ ហើយ​ក៏​មាន​ការ​ពណ៌នា​ថា ពួក​គេ​គឺ​ជា​មនុស្ស​មក​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​ភាសា។ ការ​ពណ៌នា​ទាំង​នេះ​ហាក់​ដូច​ជា​ផ្ទុយ​គ្នា តែ​មាន​ន័យ​យ៉ាង​ឥត​ខ្ចោះ​តាម​ទស្សនៈ​របស់​ព្រះ។ តួលេខ​ទាំង​នោះ គឺ​ជា​តំណាង​ឲ្យ​ភាព​ឥត​ខ្ចោះ និង​ភាព​ពេញ​លេញ តែ​តាម​ទស្សនៈ​របស់​មនុស្ស ហ្វូង​មនុស្ស​មាន​គ្នា​ច្រើន​សន្ធឹក​រាប់​មិន​អស់ នៅ​ពេល​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​ភ្នែក។ ក្នុង​ព្រះ​នេត្រ​របស់​ព្រះ មនុស្ស​ដែល​ព្រះ​បាន​លោះ គឺ​ជា​កូន​ប្រុសស្រី​ដែល​ព្រះ​អង្គ​បាន​ជ្រើស​រើស និង​ជា​តំណាង​ឲ្យ​ពូជ​អំបូរ​ទាំង១២។ ព្រះ​អង្គ​ស្គាល់​មនុស្ស​ម្នាក់ៗ។ តែ​ព្រះ​អង្គ​បាន​នាំ​រាស្ត្រ​របស់​ព្រះ​អង្គ​ចេញ​ពី​គ្រប់​ជាតិ​សាសន៍។ ការ​នេះ​បាន​ឆ្លុះបញ្ចាំង​អំពី​ជ័យ​ជម្នះ​ទាំង​ស្រុង​របស់​ព្រះ​អង្គ ដែល​គេ​មិនអាច​ប្រកែក​បាន និង​ជ័យជម្នះ​របស់​រាស្ត្រ​របស់​ព្រះ​អង្គ ដែល​លើក​តម្កើង​ព្រះ​អង្គ និង​អរ​សប្បាយ​ចំពោះ​ជ័យ​ជម្នះ​របស់​ព្រះ​អង្គ។
ដូច​នេះ ការ​ពណ៌នា​នេះ​បាន​ចាប់ផ្ដើម ដោយ​និយាយ​អំពី​តួ​មាន​ជីវិត​ទាំង៤ និង​ពួក​ចាស់​ទុំ២៤នាក់ ហើយ​ក៏​បាន​បន្ត​និយាយ​ចូល​ដល់​មនុស្ស​ទាំង​ពាន់ៗ​ដែល​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប្រកាស​របស់​សាវ័ក ប៉ុល ថា នៅ​ទី​ចុង​បំផុត «កាល​ណា​ឮ​ព្រះ​នាម​ព្រះ​យេស៊ូវ នោះ​ឲ្យ​គ្រប់​ទាំង​ជង្គង់​នៅ​ស្ថានសួគ៌ នៅ​ផែនដី ហើយ​នៅ​ក្រោម​ផែនដី​ត្រូវ​លុត​ចុះ» (ភីលីព ២:១០)។ ការ​សរសើរ​តម្កើង​របស់​យើង នឹង​បាន​ចូលរួម​ជាមួយ​ហ្វូង​មនុស្ស​ដែល​មាន​ចំនួន​រាប់​មិន​បាន ហើយ​យើង​នឹង​ប្រកាស​ទាំង​អស់​គ្នា​ថា ព្រះ​គ្រីស្ទ​គឺជា​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ព្រះ​លោហិត​ទ្រង់​បាន​លាង​សម្អាត​បាប​របស់​យើង យើង​បាន​ដណ្ដប់​កាយ​យើង ដោយ​សេចក្តី​សុចរិត​របស់​ទ្រង់ ហើយ​យើង​នឹង​បាន​រស់នៅ​ជា​មួយ​ព្រះ​អង្គ​អស់កល្ប​ជានិច្ច។ 
ថ្ងៃ​មួយ យើង​នឹង​បាន​ចូល​រួម​ជា​វង់​សរសើរ​តម្កើង​ដែល​មាន​មនុស្ស​ច្រើន​រាប់​មិន​អស់​នៅ​ជុំវិញ​ព្រះ​គ្រីស្ទ ដែល​ទ្រង់​នឹង​បោះ​ជំហាន​ទៅមុខ ក្នុង​នាម​ជា​សត្វ​សឹង​ដែល​មាន​ជ័យជម្នះ និង​កូន​ចៀម​ដែល​បន្ទាប​ខ្លួន និង​ជា​កូន​កំលោះ​ជាទី​ស្រឡាញ់​របស់​ពួក​ជំនុំ។ ប៉ុន្តែ យើង​មិន​ចាំ​បាច់​ត្រូវ​រង់​ចាំ រហូត​ដល់​ពេល​នោះ​ទេ ព្រោះ​ឥឡូវ​នេះ យើង​ក៏​អាច​ចូលរួម​ការ​ច្រៀង​ថ្វាយ​បង្គំ​ដោយ​ភ្នែក​របស់​យើង​ផ្ដោត​ទៅ​លើ​ព្រះ​អង្គ។ ថ្ងៃ​មួយ យើង​នឹង​បាន​ឈរ​នៅ​ចំពោះ​ព្រះ​អង្គ ហើយ​បាន​ឃើញ​ព្រះ​អង្គ! ហើយ​យើង​កំពុង​តែ​ដើរ​ឆ្ពោះ​ទៅ​រក​ថ្ងៃ​នោះ បន្តិច​ម្តងៗ​ស្រាប់​ហើយ។


ខ​គម្ពីរ​សញ្ជឹងគិត៖ វិវរណៈ ៧:១-១៧
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២របាក្សត្រ ៤-៦ និង​លូកា ៥:១៧-៣៩

ប្រភេទ