នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

តាម​រយៈ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

តាម​រយៈ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 27, 2025

«មិន​សម្រេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​វិញ» (រ៉ូម ៩:១៦)។
ព្រះ​ទ្រង់​មិន​ជាប់​ជំពាក់​នឹង​ប្រពៃណី​ដែល​មនុស្ស​បង្កើត ហើយ​ទ្រង់​មិន​មាន​កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​អ្វីៗ​តាម​ការ​រំពឹង​ចង់​បាន​របស់​យើង​ឡើយ។ 
រឿង​លោក អេសាវ និង​លោក យ៉ាកុប ប្រហែល​ជា​បាន​បក​ស្រាយ​អំពី​បញ្ហា​នេះ​បាន​ច្បាស់​ជាង​រឿង​ផ្សេង​ទៀត​ក្នុង​ព្រះ​គម្ពីរ។ លោក អេសាវ គឺជា​កូន​ច្បង​របស់​លោក អ៊ីសាក ដែល​មាន​លោក អ័ប្រាហាំ ជា​ឪពុក ដែល​ព្រះ​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ទទួល​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​ឲ្យ​បង្កើត​ប្រជាជាតិ​មួយ និង​នាំ​ព្រះពរ​ដល់​លោកីយ៍​របស់​ទ្រង់ (លោកុប្បត្ដិ ១២:១-៣)។ ក្នុង​នាម​លោក អេសាវ ជា​អ្នក​ស្នង​មរតក​តាម​ប្រពៃណី គាត់​ត្រូវ​ទទួល​ព្រះ​ពរ និង​មរតក​ពី​លោក អ៊ីសាក គឺ​ដូច​ដែល​លោក អ៊ីសាក បាន​ទទួល​មរតក​ពី​លោក អ័ប្រាហាំ ជា​ឪពុក​គាត់​ដែរ។ លោក យ៉ាកុប មិន​គ្រាន់តែ​ជា​ប្អូន តែ​គាត់​ក៏​មាន​ចារិត​លក្ខណៈ​មិន​ល្អ ដោយ​ឈ្មោះ​គាត់​មាន​ន័យ​ថា មនុស្ស​បោក​ប្រាស់។ ការ​ដែល​ព្រះ​ទ្រង់​ជ្រើស​រើស​គាត់ គឺ​ជា​រឿង​ដែល​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ តែ​សែ​ស្រឡាយ​នៃ​ព្រះ​បន្ទូល​សន្យា​ត្រូវ​ហូរ​កាត់​តាម​លោក យ៉ាកុប ហើយ​កូន​ចៅ​របស់​គាត់​ប្រែ​ក្លាយ​ជា​សាសន៍​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ព្រះ។ ជួន​កាល ខ្ញុំ​ពិបាក​ទទួល​យក​ការ​ពិត​នេះ​ដោយ​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ទ្រង់​ជ្រើស​រើស​លោក យ៉ាកុប។ រឿង​នេះ​ហាក់​ដូច​ជា​មិន​យុត្តិធម៌! តែ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ទោះ​លោក យ៉ាកុប ជា​ជម្រើស​ដែល​មិន​សម​ទំនង ក៏​ព្រះ​ទ្រង់​បាន​កំណត់​ទុក​ជា​មុន​ថា នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​តាម​រយៈ​លោក យ៉ាកុប ជាជាង​លោក អេសាវ៖ «គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ ឬ​អាក្រក់​អ្វី...គឺ​ដើម្បី​ឲ្យ​ព្រះដំរិះ​របស់​ព្រះ​ខាង​ឯ​សេចក្ដី​រើស​តាំង​បាន​ជាប់​នៅ មិនមែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ» (រ៉ូម ៩:១១-១៣)។ ក្នុង​ការ​ជ្រើសរើស​លោក យ៉ាកុប ព្រះ​ទ្រង់​កំពុង​សម្រេច​គោលបំណង​របស់​ព្រះ​អង្គ តាំង​ពី​អស់កល្បជានិច្ច​មក។ ព្រះ​អង្គ​ក៏​កំពុង​ប្រើ​គោលការណ៍​ដែល​កំណត់​ថា ព្រះ​ទ្រង់​មិន​ជ្រើសរើស​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង។ គ្មាន​នរណា​ម្នាក់​ដែល​ស័ក្តិសម​នឹង​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ​ទេ។
នៅ​ត្រង់​ចំណុច​នេះ​ហើយ ដែល​ជួនកាល​យើង​ឃើញ​សាច់រឿង​ក្រឡាប់​ចាក់។ យើង​មើល​ទៅ​លោក យ៉ាកុប ហើយ​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ជ្រើស​រើស​គាត់ តែ​ទន្ទឹម​នឹង​នោះ យើង​គួរតែ​មើល​ទៅ​ព្រះ ហើយ​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​គុណ​របស់​ព្រះ​អង្គ​វិញ។ ព្រះ​អង្គ​មាន​បន្ទូល​ថា «‍អញ​នឹង​ផ្សាយ​សេចក្ដី​មេត្តា​ករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តា​ករុណា ក៏​នឹង​មាន​សេចក្ដី​ក្ដួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្ដួល​អាណិត» (រ៉ូម ៩:១៥)។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​យើង ដោយ​សេចក្តី​មេត្តា​ផង​ដែរ ទោះ​យើង​មិន​សម​នឹង​ទទួល​សេចក្តី​មេត្តា​ក៏​ដោយ។
នៅ​ពេល​ដែល​យើង​បាន​ដឹង​ច្បាស់​អំពី​ភាព​ទាល់ច្រក​របស់​យើង មុន​ពេល​យើង​ក្លាយ​ជា​កូន​របស់​ព្រះ គឺ​យើង​ដឹង​ថា យើង​បាន​បះបោរ​ដែល​សម​នឹង​ទទួល​ការ​ថ្កោល​ទោស សេចក្តី​ក្រោធ និង​សេចក្តី​ស្លាប់ យើង​អាច​ចាប់​ផ្ដើម​យល់ អំពី​ភាព​ធំ​ប្រសើរ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​របស់​ព្រះ​ចំពោះ​យើង។ យើង​ឈប់​សួរ​ថា ហេតុ​អ្វី​ព្រះ​ទ្រង់​មិន​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ខ្លះ គឺ​យើង​ចាប់​ផ្ដើម​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ទ្រង់​បង្ហាញ​សេចក្តី​មេត្តា​ដល់​នរណា​ម្នាក់។ នេះ​ជា​រឿង​ដែល​យើង​គួរ​តែ​មាន​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ ដោយ​សារ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ស្នង​មរតក​ជា​កូន​របស់​ព្រះ។ 
អ្នក​មិន​អាច​ធ្វើ​អ្វីមួយ ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​យក​អ្នក​នោះ​ឡើយ។ អ្នក​មិន​អាច​ធ្វើ​ការ​ប៉ះ​ប៉ូវ​សម្រាប់​ការ​បះបោរ​របស់​អ្នក​សោះ​ឡើយ។ ព្រះ​អង្គ​បាន​ទទួល​អ្នក​ចូល​ក្នុង​គ្រួសារ​ព្រះ​អង្គ ផ្អែក​ទៅ​លើ​មូលដ្ឋាន​តែ​មួយ​ប៉ុណ្ណោះ​គឺ សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ដែល​បាន​ប្រទាន​មក​ដោយ​ឥត​គិត​ថ្លៃ និង​មិន​សម​ទទួល។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​សកល​បាន​សរសេរ​ថា «ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​ទាំង​ស្រុង»។126 សេចក្តី​ពិត​នេះ​នឹង​ធ្វើឲ្យ​អ្នក​មាន​ការ​បន្ទាប​ខ្លួន នៅ​ថ្ងៃ​ដ៏​រីក​រាយ និង​មាន​សង្ឃឹម​នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​បាប​របស់​អ្នក សេចក្តី​សង្គ្រោះ​មិន​ដែល​កើត​ឡើង​ពី​ទង្វើ​ល្អ​របស់​អ្នក​ទេ តែ​កើត​ឡើង​ពី​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។


ខ​គម្ពីរ​សញ្ជឹងគិត៖ រ៉ូម ៩:១-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២កូរិនថូស ១៧:១៨ និង​លូកា ៨:១-២៥

ប្រភេទ