
កុំដណ្ដើមតួនាទីរបស់ព្រះ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 3, 2025
«ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ» (យ៉ូហាន ១:១១)។
តារាសម្ដែងជាច្រើនគិតថា ពួកគេមានភាពស័ក្ដិសម ក្នុងការសម្ដែងតួជាលោក ហាមលែត (Hamlet)។ ប៉ុន្តែ ក្នុងករណីជាច្រើន ពួកគេមិនមានភាពស័ក្ដិសមទេ។ ពួកគេមិនមានសមត្ថភាព និងបទពិសោធន៍ ដើម្បីសម្ដែងនោះទេ ប៉ុន្តែ បញ្ហានេះមិនបានរារាំងពួកគេមិនព្យាយាមឡើយ។
ស្រដៀងគ្នានេះដែរ នៅពេលខ្លះ បុរសស្ត្រីទាំងអស់សុទ្ធតែជួបការល្បួងឲ្យចង់ប្រឆាំងអំណាច ដែលព្រះទ្រង់មានមកលើជីវិតពួកគេ ដោយជឿតាមសេចក្ដីបង្រៀនខុសឆ្គងថា ពួកគេអាចដើរតួជំនួសព្រះអង្គបាន ដែលតាមពិតទៅ មានតែព្រះអង្គប៉ុណ្ណោះដែលស័ក្តិសមនឹងតួនាទីនោះ។ យើងច្រើនតែខកខានមិនបានទុកចិត្តព្រះហស្តរបស់ព្រះអង្គ ក្នុងកាលៈទេសៈរបស់យើង។ ផ្ទុយទៅវិញ យើងចោទសួរអំពីបំណងព្រះទ័យរបស់ព្រះអង្គ។ យើងព្យាយាមលួចផ្នែកដែលមានតែព្រះអាទិករដែលស័ក្ដិសមនឹងផ្នែកនោះ។ ការប្រឆាំងអំណាចរបស់ព្រះ មិនមែនមានតែក្នុងសម័យយើងទេ។ កាលព្រះយេស៊ូវយាងចុះមកផែនដី ដើម្បីសម្រេចបទទំនាយពីគ្រាសញ្ញាចាស់ រាស្ត្ររបស់ព្រះអង្គមិនបានស្វាគមន៍ព្រះអង្គ នៅក្នុងពេលព្រះអង្គបំពេញព្រះរាជកិច្ចទាំងមូលឡើយ។ ពួកអ៊ីស្រាអែលបានទន្ទឹងរង់ចាំព្រះមេស្ស៊ី តែនៅពេលដែលព្រះអង្គយាងមកដល់ ពួកគេបានចោទសួរអំពីអំណាចរបស់ព្រះអង្គ ហើយបដិសេធអត្តសញ្ញាណរបស់ព្រះអង្គ។ ពួកគេស្គាល់បទទំនាយទាំងនោះ តែពួកគេនៅតែខ្វាក់មើលមិនឃើញព្រះអង្គសម្រេចបទទំនាយនោះ។
រយៈពេលប៉ុន្មានថ្ងៃ មុនពេលព្រះអង្គត្រូវបានអ្នកដឹកនាំសាសនាយូដា ក៏ដូចជាអ្នកដឹកនាំសាសន៍ដទៃធ្វើគុត ព្រះអង្គបានមានបន្ទូលជាពាក្យប្រៀបប្រដូចអំពីអ្នកជួលចំការចិត្តអាក្រក់ ដែលបានបដិសេធមិនទទួលស្គាល់ម្ចាស់ចំការ ហើយបានសម្លាប់កូនប្រុសគាត់។ ដោយព្រះគុណ និងព្រះទ័យក្លាហាន ព្រះអម្ចាស់បានចង្អុលបង្ហាញអំពីភាពងងឹតងងល់របស់សម្ដេចសង្ឃ ពួកគ្រូក្រឹត្យវិន័យ និងពួកចាស់ទុំ ដែលកំពុងទាមទារឲ្យព្រះអង្គបង្ហាញសិទ្ធិអំណាចក្នុងការធ្វើកិច្ចការទាំងអស់នោះ (ម៉ាកុស ១២:១-១២)។ ពួកគេដឹងថា ព្រះយេស៊ូវកំពុងប្រាប់ថា ព្រះអង្គគឺជាព្រះរាជបុត្រានៃព្រះ។ ប៉ុន្តែ ពួកគេចង់ចាប់ព្រះកាយរបស់ព្រះអង្គភ្លាមៗ បន្ទាប់ពីពួកគេបានទទួលការដាស់តឿនពីព្រះយេស៊ូវថា ពួកគេកំពុងប្រព្រឹត្តដូចអ្នកជួលចំការដែលបានសម្លាប់កូនប្រុសរបស់ម្ចាស់ចំការ (ក្នុងន័យធៀបដ៏សោកសៅ)។
យើងចង់តែគិតថា «អ្នកដឹកនាំសាសនាទាំងនោះពិតជាមានអំនួតណាស់ ដែលពួកគេហ៊ានប្រឈមមុខដាក់ក្សត្រនៃចក្រវាល ហើយប្រឆាំងនឹងអំណាចរបស់ព្រះអង្គ!» ប៉ុន្តែ កាលពីមុន យើងម្នាក់ៗមិនខុសពីពួកគេទេ។ ក្នុងនិស្ស័យខាងឯបាបរបស់យើង យើងមិនចង់ទទួលជឿព្រះរាជបុត្រាដែលព្រះបានចាត់មកឡើយ។ យើងចង់តែរស់នៅក្នុងភាពងងឹត។ តាមពិត យើងស្រឡាញ់ភាពងងឹតណាស់! សាវ័ក យ៉ូហាន បាននិយាយច្បាស់អំពីរឿងនេះ នៅពេលដែលគាត់លើកឡើងថា ពន្លឺបានមកក្នុងលោកីយ៍ តែមនុស្សលោកចូលចិត្តនឹងសេចក្ដីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់ (យ៉ូហាន ៣:១៩)។ តាមនិស្ស័យសាច់ឈាមរបស់មនុស្ស ពួកគេមិនអង្គុយរង់ចាំពន្លឺនៃដំណឹងល្អ ចូលក្នុងចិត្តរបស់ពួកគេទេ។ តែដោយសារព្រះគុណរបស់ព្រះ ព្រះអង្គបានបើកភ្នែកខ្វាក់ឲ្យមើលឃើញអត្តសញ្ញាណរបស់ព្រះរាជបុត្រារបស់ព្រះអង្គ ដើម្បីឲ្យពួកគេជឿ និងថ្វាយបង្គំព្រះអង្គ។
ហេតុនេះហើយ ព្រះគម្ពីរតែងតែប្រើពាក្យ «ថ្ងៃនេះ»។ គ្មានថ្ងៃណាដែលល្អជាងថ្ងៃនេះទេ សម្រាប់ឲ្យយើងរស់នៅថ្វាយព្រះគ្រីស្ទ។ សូម្បីតែក្នុងនាមយើងជាអ្នកជឿ ក៏ព្រះអង្គបានត្រាស់ហៅយើងឲ្យប្រែចិត្ត និងស្អាងឡើងវិញ ក្នុងការដើរជាមួយព្រះអម្ចាស់ ជាជាងសម្រេចចិត្តដើរតួជាព្រះក្នុងជីវិតខ្លួនឯង។ សេចក្តីសប្បុរសរបស់ព្រះអង្គនឹងដឹកនាំយើងទៅរកសេចក្តីបរិសុទ្ធ ខណៈពេលដែលចិត្តរបស់យើងកាន់តែមានការប្រុងប្រយ័ត្នចំពោះអំពើបាប ហើយយើងដកពិសោធន៍ជាមួយនឹងព្រះទ័យអត់ធ្មត់ដែលព្រះអង្គមានចំពោះយើង។ ហើយពេលណាអ្នករស់នៅ ដោយមានព្រះស្ថិតនៅចំណុចកណ្ដាលនៃជីវិតអ្នក ដោយព្រះអង្គបំពេញតួនាទីដែលមានតែព្រះអង្គទេអាចធ្វើបាន អ្នកនឹងអាចបំពេញតួនាទីដែលព្រះអង្គប្រទានមកអ្នក ដោយអំណរ និងទំនុកចិត្ត ដើម្បីឲ្យអ្នករស់នៅក្នុងជីវិត ដែលព្រះអង្គបានប្រទាន និងដើម្បីសម្រេចគោលបំណង ដែលព្រះអង្គបានត្រាស់ហៅអ្នកឲ្យបំពេញ នៅក្នុង «ការដើរតួ» ជាជីវិតដែលរស់នៅដោយអរសប្បាយ ស្គាល់ និងបម្រើព្រះអង្គ។
ព្រះគម្ពីរសញ្ជឹងគិត៖ ម៉ាកុស ១២:១-១២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ៣០-៣១ និងលូកា ១០:២៥-៤២