
ជឿលើសពីការមើលឃើញ
ដោយWinn Collier
December 4, 2025
ហេព្រើរ ១១:១-៤
រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ។ ហេព្រើរ ១១:១១
កាលពីចុងសតវត្សរ៍ទី១៩ មានមនុស្សតិចណាស់ ដែលអាចចូលទៅដល់ព្រៃដែលមានដើមឈើយក្ស ក្នុងសហរដ្ឋអាមេរិក ហើយមនុស្សជាច្រើនមិនជឿព័ត៌មាន ដែលបានផ្សព្វផ្សាយថា មានដើមឈើធំៗសម្បើម ដែលបានដុះនៅទីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ១៨៩២ មានអ្នកកាប់ឈើបួននាក់បានធ្វើដំណើរ ចូលទៅក្នុងព្រៃនោះ ក្នុងរដ្ឋកាលីហ្វូញ៉ា ហើយបានកាប់ដើមឈើយក្សមួយដើម ដោយចំណាយពេល១៣ថ្ងៃ។ គេបានដាក់ឈ្មោះឲ្យដើមឈើមួយដើមនោះថា ម៉ាក ថ្វេន(Mark Twain)។ វាមានអាយុ១៣៤១ឆ្នាំ មានកម្ពស់៩០ម៉ែត្រ និងវង់ជុំវិញប្រវែង១៥ម៉ែត្រ។ អ្នកសង្កេតម្នាក់បានពិពណ៌នាថា ដើមឈើមួយដើមនោះ មានទំហំធំសម្បើម ស្ថិតក្នុងចំណោមដើមឈើល្អជាងគេ ក្នុងព្រៃនោះ។ គេក៏បានកាត់យកកំណាត់ឈើ ដែលមានសម្រស់គួរឲ្យកត់សំគាល់នោះ ទៅដាក់បង្ហាញក្នុងសារៈមន្ទីរប្រវត្តិសាស្រ្តធម្មជាតិអាមេរិក ដើម្បីឲ្យសាធារណៈជនបានស្គាល់ដើមឈើដ៏ធំសម្បើម។
ទោះជាយ៉ាងណាក៏ដោយ តាមពិត យើងមិនអាចដឹងអំពីសេចក្តីពិត តាមរយៈភ្នែករបស់យើងតែម្យ៉ាងនោះឡើយ។ អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ បានពិពណ៌នាថា “រីឯសេចក្ដីជំនឿ នោះគឺជាចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ”(ហេព្រើរ ១១:១)។ ជំនឿមិនមែនគ្មានហេតុផល ឬជាការស្រមើស្រមៃនោះឡើយ ព្រោះរឿងទាំងមូលមានមូលដ្ឋាន នៅក្នុងអង្គបុគ្គលម្នាក់គឺ ព្រះយេស៊ូវ ដែលទ្រង់បានយាងចូលក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ ជំនឿរាប់បញ្ចូលញាណទាំង៥ និងហេតុផលរបស់មនុស្ស ប៉ុន្តែ មិនមែនមានតែប៉ុណ្ណេះទេ។ ជំនឿមានការតម្រូវលើសពីនេះទៀត។ កណ្ឌគម្ពីរហេព្រើរបានចែងថា “យើងរាល់គ្នាក៏យល់ដោយសារសេចក្ដីជំនឿនោះថា លោកីយបានកើតមក ដោយសារព្រះបន្ទូលនៃព្រះ បានជារបស់ដែលមើលឃើញទាំងប៉ុន្មាន នោះមិនមែនកើតអំពីរបស់ដែលមើលឃើញទេ”(ខ.៣)។
ជាញឹកញាប់ យើងច្រើនតែពិបាកជឿលើអ្វីដែលយើងមិនអាចប៉ះ ឬមើលមិនឃើញ ឬក៏មិនអាចយល់បាន។ ប៉ុន្តែ ជំនឿដែលយើងមានចំពោះព្រះគ្រីស្ទ អាចកើតមានបាន ដោយសារព្រះវិញ្ញាណបរិសុទ្ធ ហើយជួយយើងឲ្យជឿ លើសពីការមើលឃើញ។—Winn Collier
តើអ្នកមានការពិបាកក្នុងការជឿ ត្រង់ចំណុចណា? តើធ្វើដូចម្តេច ឲ្យអ្នកអាចកាន់តែមានជំនឿលើព្រះអង្គ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យជឿ និងទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤៧-៤៨ និង ១យ៉ូហាន ៣