
ដើរដោយប្រុងប្រយ័ត្ន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 6, 2025
«ត្រូវប្រព្រឹត្តដូច្នោះ ដោយដឹងពេលវេលាថា ដល់ម៉ោងនឹងភ្ញាក់ពីដេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះបានមកជិតបង្កើយ ជាជាងកាលយើងទើបនឹងជឿនោះ...ត្រូវឲ្យយើងដើរតាមដែលគួរគប្បី ដូចជាដើរនៅពេលថ្ងៃ មិនមែនដោយស៊ីផឹក លេងល្បែង ឬមានស្រីញី ឬដោយឈ្លោះប្រកែក នឹងឈ្នានីសនោះឡើយ» (រ៉ូម ១៣:១១, ១៣)។
ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២ រដ្ឋាភិបាលចក្រភពអង់គ្លេសបានធ្វើយុទ្ធនាការដោយប្រកាសថា «ការនិយាយ ដោយឥតបើគិត បណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស»។ រដ្ឋាភិបាលអង់គ្លេសចង់ឲ្យប្រជាជនមានការយល់ដឹងអំពីគ្រោះថ្នាក់នៅជុំវិញខ្លួនពួកគេ ដែលបណ្ដាលមកពីខ្មាំងសត្រូវដែលកំពុងលបចាំស្តាប់អ្នកដែលមានអណ្ដាតរអិល។ ត្រង់ចំណុចនេះ សាវ័ក ប៉ុល ក៏បានធ្វើការដាស់តឿនស្រដៀងនេះផងដែរ សម្រាប់ការរស់នៅរបស់គ្រីស្ទបរិស័ទ ដើម្បីឲ្យយើងដឹងថា ការធ្វេសប្រហែសអាចបណ្ដាលឲ្យខាតបង់ជីវិត។ ការធ្វេសប្រហែសធ្វើឲ្យយើងងាយជួបគ្រោះថ្នាក់។ មានមនុស្សច្រើនដែលរស់នៅដោយការធ្វេសប្រហែស នៅក្នុងជីវិតខាងឯវិញ្ញាណ ដោយដើរហើរតាមរបៀបស្រមើស្រមៃនៃក្រមសីលធម៌ ដោយមិនបានភ្ញាក់រឭក ហើយប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៅជុំវិញខ្លួន។ ការនេះធ្វើឲ្យយើងងាយរងគ្រោះ។ សូមពិចារណាអំពីហេតុផលតែពីរយ៉ាង ដែលយើងចាំបាច់ត្រូវភ្ញាក់ដឹងខ្លួន និងប្រុងប្រយ័ត្នក្នុងការដេញតាមសេចក្តីបរិសុទ្ធ។
ទីមួយ សាវ័ក ពេត្រុស ប្រាប់យើងថា «អារក្សដែលជាខ្មាំងសត្រូវរបស់អ្នករាល់គ្នា វាតែងដើរក្រវែល ទាំងគ្រហឹមដូចជាសិង្ហ ដើម្បីនឹងរកអ្នកណាដែលវានឹងត្របាក់លេបបាន» (១ពេត្រុស ៥:៨)។ ចូរយើងកុំលេងសើចនឹងខ្លួនឯងឡើយ បាបរបស់យើងកំពុងតាមប្រមាញ់យើងហើយ។ សត្រូវរបស់យើងសាហាវដូចសត្វសិង្ហ។ ចូរចាំថា នៅពេលដែលលោក កាអ៊ីន ខឹងនឹងប្អូនប្រុសគាត់ ព្រះអម្ចាស់មានបន្ទូលមកគាត់ថា «មានដង្វាយលោះបាបដេកនៅមាត់ទ្វារស្រាប់ហើយ ចិត្តវានឹងបណ្ដោយតាមឯង ហើយឯងមានអំណាចលើវាដែរ» (លោកុប្បត្ដិ ៤:៧)។
តើអ្នកដឹងទេថា នរណាខ្លះងាយនឹងក្លាយជាចំណីរបស់អារក្ស? គឺគ្រីស្ទបរិស័ទដែលនៅម្នាក់ឯង។ ពេលណាយើងកាត់ផ្តាច់ខ្លួនឯងពីអ្នកដទៃ យើងងាយនឹងរងគ្រោះ និងរស់នៅដោយគ្មានមនុស្សជួយយើងឲ្យទទួលខុសត្រូវចំពោះបាបរបស់យើង។ យើងងាយនឹង «ដើរបានត្រឹមត្រូវ» ភាគច្រើននៅពេលដែលយើងដើរជាមួយក្រុមដែលកោតខ្លាចព្រះ។ ក្នុងនាមយើងជាកូននៃពន្លឺ យើងមិនត្រូវចាញ់ការលួងលោមរបស់ភាពងងឹត ព្រោះភាពងងឹតបង្កើតឲ្យមានការផ្តាច់ខ្លួនពីអ្នកដទៃ។ ដើម្បីឲ្យយើងមានចិត្តឆេះឆួលចង់បានសេចក្តីបរិសុទ្ធ យើងត្រូវតែដើរក្នុងពន្លឺជាមួយកូននៃពន្លឺ។
ទីពីរ យើងត្រូវតែភ្ញាក់ដឹងខ្លួន និងចាំយាម ព្រោះជីវិតអស់កល្បកំពុងរង់ចាំយើង។ ហេតុអ្វីវីរបុរសនៃជំនឿក្នុងកណ្ឌគម្ពីរហេព្រើរជំពូក១១ ស័ក្តិសមនឹងឲ្យគេហៅពួកគាត់ថា «វីរបុរស»? គឺពីព្រោះពួកគេបានស្វែងរកទីក្រុងដែលនឹងមកដល់។ ពួកគេស្វែងរកទីក្រុងដែលមានគ្រឹះ និងមានព្រះជាអ្នកសាងសង់ (ហេព្រើរ ១១:១០)។ ឧទាហរណ៍៖ លោក ម៉ូសេ មិនបានចាញ់ការលួងលោមឲ្យពេញចិត្តតែចំពោះពេលបច្ចុប្បន្ននោះឡើយ។ គាត់ក៏មិនបានលក់ព្រលឹងគាត់ ដើម្បីពេលបច្ចុប្បន្ន។ គាត់មិនបានបោះបង់ចោលការងារបម្រើព្រះ ពេលអនាគត និងគ្រួសាររបស់គាត់ ដើម្បីភាពសុខស្រួល និងឯកសិទ្ធិនោះឡើយ។ ផ្ទុយទៅវិញ គាត់បានជ្រើសរើសយកផ្លូវដែលពិបាកជាង។ ហេតុអ្វី? គឺដោយសារគាត់ «បានរាប់សេចក្ដីដំនៀលដែលគេតិះដៀលដល់ព្រះគ្រីស្ទ ទុកជាទ្រព្យសម្បត្តិប្រសើរជាងអស់ទាំងរបស់ថ្លៃវិសេសនៅស្រុកអេស៊ីព្ទ ដ្បិតលោកសម្លឹងចំទៅឯរង្វាន់វិញ» (ខ.២៦)។ លោក ម៉ូសេ មិនមែនជាមនុស្សល្អឥតខ្ចោះ ហើយយើងក៏អញ្ចឹងដែរ។ តែយើងមិនត្រូវយកវាធ្វើជាលេស ដើម្បីជៀសវាងការរស់នៅក្នុងសេចក្តីបរិសុទ្ធថ្វាយព្រះគ្រីស្ទឡើយ។ សរុបមក សេចក្តីសង្គ្រោះរបស់យើងកំពុងតែខិតទៅជិតការចប់សព្វគ្រប់ ហើយយើងចង់ត្រៀមខ្លួន សម្រាប់ការយាងមកវិញរបស់ព្រះអម្ចាស់យេស៊ូវ។ ទោះអ្នកមានអតីតកាលដូចម្ដេចក៏ដោយ ហើយថ្មីៗនេះ អ្នកមានកំហុស និងការខកចិត្តដូចម្ដេចក៏ដោយ ក៏អ្នកនៅតែមិនយឺតពេល ក្នុងការភ្ញាក់ខ្លួនឡើង ហើយចាំយាម។ ខ្មាំងសត្រូវមិនចេះដេកឡើយ ហើយជីវិតអស់កល្បស័ក្តិសមនឹងឲ្យយើងរង់ចាំ។ ចូរទូលសូមព្រះអម្ចាស់នៅថ្ងៃនេះ ឲ្យចារពាក្យប្ដេជ្ញាចិត្តនៅលើចិត្តអ្នក ដើម្បីរស់នៅក្នុងជីវិតដែលបរិសុទ្ធ ដើម្បីឲ្យថ្ងៃនេះ អ្នកអាចដើរបានត្រឹមត្រូវ និងមានការប្រុងប្រយ័ត្ន ដោយចិត្តក្លាហាន និងភ្នែកផ្ដោតទៅលើពេលអនាគតដ៏រុងរឿងនៃសេចក្តីសង្គ្រោះរបស់អ្នក។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ៦:១០-២០
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ នាង អេសធើរ ១-២ និងលូកា ១២:១-៣១