
ចម្រើនឡើងក្នុងការស្កប់ចិត្ត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 8, 2025
«ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្ដីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្ដីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមាន ទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ» (ភីលីព ៤:១២)។
ការពិបាកក្នុងការស្វែងរកការស្កប់ចិត្ត គឺជាបញ្ហាដែលមិនមែនទើបតែកើតមានក្នុងសម័យយើងនោះឡើយ។ នៅសតវត្សរ៍ទី១៧ បញ្ហានៃការស្កប់ចិត្ត មានភាពធ្ងន់ធ្ងរល្មមនឹងអាចបណ្ដាលចិត្តលោក យេរេមា បូរូក (Jeremiah Burroughs) ជាពួកភួរីធិន និពន្ធសៀវភៅមួយក្បាលនិយាយអំពីបញ្ហានេះ ក្រោមចំណងជើងថា កំណត់ទ្រព្យដ៏កម្រនៃការស្កប់ចិត្តរបស់គ្រីស្ទបរិស័ទ ដែលគ្រីស្ទបរិស័ទជាច្រើនបានប្រើប្រាស់ ជាសៀវភៅសម្រាប់ប្រកបជាមួយព្រះ ប្រចាំថ្ងៃ រហូតដល់ពេលសព្វថ្ងៃ។ ប៉ុន្តែ ធ្នើរសៀវភៅភាគច្រើន មិនមានសៀវភៅនេះទេ។ ផ្ទុយទៅវិញ ភាគច្រើនយើងទំនងជារកឃើញសៀវភៅផ្សេង ដែលលើកទឹកចិត្តឲ្យយើងស្រមើស្រមៃចង់បានការស្កប់ចិត្ត ដោយការមានទ្រព្យសម្បត្តិជាបរិបូរ ឬការបំពេញសេចក្តីប៉ងប្រាថ្នាខាងសាច់ឈាម។
បើយើងមិនចង់កុហកខ្លួនឯងទេ យើងត្រូវតែទទួលស្គាល់ថា យើងពិតជាងាយនឹងត្រូវជំនោរនៃភាពលោភលន់ បក់បោកចុះឡើងៗ ដោយការមិនសប្បាយចិត្ត ព្រោះភាពស្កប់ចិត្តរបស់យើងមានការផ្ដេកផ្ដួលទៅលើកាលៈទេសៈរបស់យើងដោយផ្ទាល់។ យើងមិនខុសពីកូនក្មេងទេ ព្រោះយើងច្រើនតែមិនពេញចិត្តនឹងអ្វីដែលយើងទទួលបាន ឬមិនសប្បាយចិត្ត នៅពេលដែលមិត្តភក្ដិរបស់យើងមានអ្វីៗច្រើនជាងយើង។ ហេតុនេះហើយ យើងក៏បានប្ដេជ្ញាចិត្តថា នឹងធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បី «ជួសជុល» កាលៈទេសៈរបស់យើង ទាំងខាងផ្លូវហិរញ្ញវត្ថុ សង្គម ឬផ្លូវកាយ។
យើងងាយនឹងជឿថា ការបដិសេធខ្លួនឯង ឬការបំពេញចិត្តខ្លួនឯង គឺជាគន្លឹះដើម្បីជម្នះភាពលោភលន់។ ឧទាហរណ៍៖ ខ្ញុំអាចនិយាយដោយការបន្ទាបខ្លួនក្លែងក្លាយថា ខ្ញុំមិនចង់បានអាវរងាមានសាច់ក្រណាត់ទន់នោះទេ តែខ្ញុំសុខចិត្តពាក់អាវរងាសាច់រឹងដែលធ្វើឲ្យស្កៀបវិញ តែការនិយាយដូចនេះ គ្រាន់តែបានធ្វើឲ្យខ្ញុំអួតអំពីការបន្ទាបខ្លួនរបស់ខ្ញុំ ដោយសារការយល់ខុសអំពីសេចក្តីបរិសុទ្ធ។ ម្យ៉ាងទៀត ខ្ញុំនឹងទិញអាវរងាទាំងអស់ដែលខ្ញុំអាចរកបាន ដោយសង្ឃឹមថា ខ្ញុំនឹងលែងមានចិត្តចង់បានអាវរងាទៀត!
មធ្យោបាយទាំងពីរនេះមិនថ្វាយសិរីល្អដល់ព្រះទេ។ ផ្ទុយទៅវិញ ដើម្បីថ្វាយសិរីល្អដល់ព្រះ យើងត្រូវទុកចិត្តព្រះអង្គ ជាព្រះដែលបានប្រទានអំណោយជាបរិបូរ ដើម្បីឲ្យយើងបានអរសប្បាយ។ យើងមិនត្រូវទុកចិត្តលើភាពសម្បូរសប្បាយខាងសាច់ឈាម តែគ្រីស្ទបរិស័ទទទួលស្គាល់ថា អំណោយនីមួយៗដែលព្រះប្រទាន គឺជាលទ្ធផលនៃការផ្គត់ផ្គង់ប្រកបដោយព្រះគុណ ហើយយើងថ្វាយសិរីល្អដល់ព្រះអង្គ ដោយអរសប្បាយនឹងអ្វីដែលព្រះអង្គប្រទាន តាមរបៀបដែលព្រះអង្គត្រាស់ហៅឲ្យយើងធ្វើក្នុងព្រះបន្ទូលរបស់ព្រះអង្គ។ យើងមានសេរីភាពក្នុងការអរសប្បាយចំពោះអ្វីដែលយើងមាន តែយើងមិនត្រូវធ្វើឲ្យពួកវាក្លាយជារូបព្រះ ដោយដេញតាម និងបម្រើពួកវា ធ្វើមើលតែពួកវាអាចបំពេញតម្រូវការ និងធ្វើឲ្យចិត្តយើងស្កប់ស្កល់នោះឡើយ។ ការស្កប់ចិត្តកើតឡើងពីការនឹកចាំថា ព្រះគ្រីស្ទគឺជាព្រះអម្ចាស់ ហើយអ្វីផ្សេងទៀតមិនមែនជាព្រះអម្ចាស់ទេ។
ការស្កប់ចិត្តនេះ មិនកើតមានដោយឯកឯងឡើយ។ យើងត្រូវតែរៀនស្កប់ចិត្តដូចសាវ័ក ប៉ុល ខណៈពេលដែលយើងមានភាពពេញវ័យក្នុងជំនឿ។ ទោះអ្នកស្កប់ចិត្ត នៅថ្ងៃដែលអ្នកបាក់ទឹកចិត្ត ឬត្រូវចៅហ្វាយនាយមើលរំលង ក្នុងការដំឡើងមុខតំណែង ឬកំពុងមានបញ្ហាអ្វីផ្សេងទៀតក្តី ក៏អ្នកត្រូវតែសួរថា តើព្រះគ្រីស្ទមានភាពគ្រប់គ្រាន់គ្រប់យ៉ាងដូចម្ដេចខ្លះ ដែលល្មមនឹងអាចជួយឲ្យខ្ញុំរកឃើញភាពស្កប់ចិត្តនៅក្នុងព្រះអង្គក្នុងកាលៈទេសៈនេះ? ការស្កប់ចិត្តគឺជាកំណប់ទ្រព្យដ៏កម្រ និងជាវត្ថុដ៏មានតម្លៃ ដែលយើងត្រូវស្វែងរក។
ព្រះគម្ពីរសញ្ជឹងគិត៖ ទំនុកតម្កើង ១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ នាង អេសធើរ ៦-៨ និងលូកា ១៣:១-២១