
មិនណាយចិត្តក្នុងការធ្វើការល្អ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 10, 2025
«កុំឲ្យយើងណាយចិត្តនឹងធ្វើការល្អឡើយ ដ្បិតបើមិនរសាយចិត្តទេ នោះដល់កំណត់យើងនឹងច្រូតបានហើយ» (កាឡាទី ៦:៩)។
អ្នកអាចចាំពេលដែលអ្នកសិក្សាមុខវិជ្ជាផ្សេងៗ នៅសាលារៀនដែលបណ្ដាលឲ្យអ្នកអង្គុយសម្លឹងកិច្ចការដែលគ្រូដាក់ឲ្យធ្វើនៅផ្ទះ ដោយអារម្មណ៍អស់សង្ឃឹម។ យើងប្រហែលធ្លាប់ជួបរឿងនេះដូចគ្នា។ អ្នកប្រហែលជាមានអារម្មណ៍ថា គ្រូបង្រៀនបានសន្និដ្ឋានថា អ្នករៀនខ្សោយខ្លាំងណាស់ មិនអាចជួយឲ្យប្រសើរឡើងបានទេ។ អ្នកកំពុងតែស្ថិតក្នុងបរិយាកាសដែលពិបាកឲ្យអ្នករៀនសូត្រ។ លោក ចន កាល់វីន (John Calvin) ធ្លាប់បានកត់សម្គាល់ស្រដៀងនេះផងដែរថា «ពេលណាយើងដឹងថា អ្នកដទៃមិនសង្ឃឹមថា ព្រះអាចជួយសង្គ្រោះយើងបានទេ ការដឹងដូចនេះគឺជាឧបសគ្គធំបំផុត ដែលរារាំងយើងមិនឲ្យស្វែងយល់សេចក្តីពិត»។132
យើងងាយនឹងមានអារម្មណ៍អស់សង្ឃឹម នៅក្នុងដំណើរជីវិតរបស់យើងជាគ្រីស្ទបរិស័ទ ឬងាយនឹង «ណាយចិត្តនឹងធ្វើការល្អ»។ យើងប្រហែលជាបោះបង់ចោលការរួមចំណែកជាច្រើនរបស់យើង ក្នុងការបំពេញតម្រូវការរបស់រាស្ត្ររបស់ព្រះ ដោយសារយើងបាក់ទឹកចិត្ត ចំពោះលទ្ធផលដែលយើងទទួលបាន ឬបាក់ទឹកចិត្តដោយសារយើងចេះតែបរាជ័យក្នុងការជម្នះអំពើបាប និងក្នុងការចម្រើនឡើងក្នុងសេចក្តីបរិសុទ្ធ។ យើងត្រូវតែបន្តធ្វើការល្អ! ខណៈពេលដែលយើងខិតខំស្តាប់បង្គាប់ព្រះក្នុងជីវិតយើងជាគ្រីស្ទបរិស័ទ ព្រះទ្រង់ធ្វើការក្នុងយើង ដើម្បីកែប្រែ និងជួយឲ្យយើងចម្រើនឡើង (ភីលីព ២:១២-១៣)។ ហើយសាវ័ក យ៉ូហាន បានធានាអ្នកជឿព្រះក្នុងសម័យរបស់គាត់ អំពីសេចក្តីជំនឿលើព្រះគ្រីស្ទ ដោយប្រាប់ពួកគេថា «យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្ដីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន» (១យ៉ូហាន ៣:១៤)។ តើក្នុងចំណោមយើង មានប៉ុន្មាននាក់ដែលចង់បញ្ចប់ប្រយោគនេះ ដោយប្រើពាក្យមួយឃ្លានេះ? ប៉ុន្តែ សូម្បីតែព្រះយេស៊ូវក៏បានមានបន្ទូលផងដែរថា «គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្ដីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក» (យ៉ូហាន ១៣:៣៥)។
ដូចនេះ ចូរយើងកុំបោះបង់ចោលការតស៊ូ។ នៅពេលដែលសាវ័ក ប៉ុល សរសេរសំបុត្រផ្ញើទៅពួកជំនុំនៅទីក្រុងថែស្សាឡូនីច គាត់បានទទួលស្គាល់គំរូដ៏ល្អរបស់ពួកគេ ខាងឯ «សេចក្ដីជំនឿ និងពីការនឿយហត់ដែលធ្វើដោយសេចក្ដីស្រឡាញ់» ហើយដែលពួកគេមានសេចក្ដីសង្ឃឹមយ៉ាងមាំមួនដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា (១ថែស្សាឡូនីច ១:៣)។ រឿងដែលពិតជាបានកើតឡើងក្នុងពួកជំនុំនៅទីក្រុងថែស្សាឡូនីច ក៏អាចកើតឡើងក្នុងពួកជំនុំរបស់យើងផងដែរ ត្រង់ចំណុចដែលថា គេអាចស្គាល់សេចក្តីជំនឿរបស់យើង តាមការប្រព្រឹត្តជាក់ស្ដែង ដែលគេអាចមើលឃើញ និងមានលក្ខណៈជាប់លាប់។ ជំនឿនោះមិនមែនជាភាពឆេះឆួលដូចភ្លើងចំបើងនោះទេ តែមានសេចក្តីសប្បុរសតាមបែបគ្រីស្ទបរិស័ទយ៉ាងជាប់លាប់។
ការធ្វើការល្អអាចធ្វើឲ្យយើងនឿយហត់ តែយើងត្រូវប្រុងប្រយ័ត្នកុំឲ្យហត់នឿយក្នុងការធ្វើការល្អឡើយ។ ព្រោះថ្ងៃមួយ ព្រះនៃសិរីល្អនឹងមានបន្ទូលមកកាន់ពួកស្មោះត្រង់ថា «ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ» (ម៉ាថាយ ២៥:៤០)។ ទំរាំតែថ្ងៃនោះមកដល់ យើងមានឯកសិទ្ធិក្នុងការស្តាប់បង្គាប់ និងបម្រើព្រះគ្រីស្ទដោយក្តីសង្ឃឹមមិនរេរា។ ដូចនេះ តើអ្នកកំពុងបង្ហាញសេចក្តីសប្បុរសតាមបែបគ្រីស្ទបរិស័ទទៅកាន់ជនអនាថា មនុស្សដែលអ្នកមិនស្គាល់ និងអ្នកទោសកំពុងរងទុក្ខ ស្ត្រីមេម៉ាយ និងស្ត្រីរកស៊ីផ្លូវភេទដូចម្ដេចខ្លះ? ពេលនេះជាពេលដែលអ្នកត្រូវទូលសូមព្រះអង្គប្រទានកម្លាំង និងគោលបំណង ដើម្បីធ្វើការថ្វាយព្រះអង្គ និងចាប់ផ្ដើម ឬបន្ត «ធ្វើការល្អ»?
ព្រះគម្ពីរសញ្ជឹងគិត៖ កិច្ចការ ៦:១-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ហាកាយ និងលូកា ១៤:១-២៤