
ការលន់តួបាប និងភាពធូរស្រាល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 20, 2025
«នោះដាវីឌទ្រង់ចាត់គេ ឲ្យទៅទទួលនាងមកនៅក្នុងដំណាក់ នាងក៏ធ្វើជាភរិយាទ្រង់ ហើយបង្កើតបានបុត្រា១ថ្វាយទ្រង់ តែអំពើដែលដាវីឌបានប្រព្រឹត្តនោះ ជាទីទាស់ដល់ព្រះហឫទ័យនៃព្រះយេហូវ៉ាណាស់...ព្រះយេហូវ៉ាទ្រង់ចាត់ណាថាន់ ឲ្យទៅឯដាវីឌ» (២សាំយ៉ូអែល ១១:២៧, ១២:១)។
បើយើងឈប់ព្យាយាមលាក់បាំងបាបរបស់យើង ព្រះអង្គនឹងស្ម័គ្រព្រះទ័យគ្របបាំងវាឲ្យយើង។
ស្ដេច ដាវីឌ បានព្យាយាមលាក់បាំងបាបរបស់ទ្រង់ ដែលជាការសហាយស្មន់ជាមួយនាង បាតសេបា (ឬថែមទាំងអាចជាការរំលោភទៀតផង) ហើយបានរៀបគម្រោងឲ្យលោក អ៊ូរី ជាប្តីរបស់នាងទៅស្លាប់ក្នុងសង្គ្រាម។ ប៉ុន្តែ ផែនការនេះហាក់ដូចជាមានដំណើរការយ៉ាងរលូន។ ស្ដេច ដាវីឌ ក៏បានរៀបការជាមួយនាង បាតសេបា ហើយហាក់ដូចជាគ្មាននរណាម្នាក់ដឹងអំពីរឿងអាស្រូវនេះសោះ។ ពេលនៃការបោកបញ្ឆោត និងភាពស្ងប់ស្ងាត់ក៏បានមកដល់។ ស្ដេច ដាវីឌ ជឿថា ទ្រង់បានលាក់បាំងរឿងនេះយ៉ាងរៀបរយ។ ជាញឹកញាប់ បាបបោកបញ្ឆោតយើងឲ្យគិតយ៉ាងដូចនេះឯង។ ប៉ុន្តែ ការគិតរបស់អ្នកដទៃអំពីយើង ច្រើនតែខុសពីការអ្វីដែលព្រះទ្រង់មានបន្ទូលអំពីយើង។
ព្រះទ្រង់ជ្រាបអំពីអ្វីដែលអ្នកដទៃមិនដឹង។ ទ្រង់ចាត់ហោរាម្នាក់ឲ្យទៅចូលគាល់ស្ដេច។ តែហោរា ណាថាន់ បានចូលដំណាក់ស្ដេច ដាវីឌ ដោយការចោទប្រកាន់ភ្លាមៗនោះទេ។ គាត់គ្រាន់តែទូលទ្រង់អំពីរឿងរបស់អ្នកមានម្នាក់ដែលមានហ្វូងចៀម និងហ្វូងគោច្រើន តែបានទៅរឹបយកកូនចៀមតែមួយរបស់អ្នកក្រម្នាក់ដោយអយុត្តិធម៌។ រឿងនេះបានធ្វើឲ្យស្ដេច ដាវីឌ មានចិត្តអាណិតចំពោះជនរងគ្រោះ ហើយមានព្រះទ័យក្រោធចំពោះទង្វើរបស់អ្នកមាន។ បន្ទាប់មក ហោរា ណាថាន់ ក៏បានបញ្ចប់ការនិទានរឿងនោះដោយពាក្យមួយឃ្លាថា «ឯមនុស្សនោះ គឺជាអង្គទ្រង់នេះហើយ» (២សាំយ៉ូអែល ១២:៧)។
«ព្រះយេហូវ៉ាទ្រង់ចាត់ណាថាន់ ឲ្យទៅឯដាវីឌ»។ ពាក្យមួយឃ្លានេះ គឺជាពាក្យនៃព្រះគុណអស្ចារ្យ! ព្រះយេហូវ៉ាមិនបណ្តោយឲ្យស្ដេច ដាវីឌ ជាអ្នកបម្រើទ្រង់រស់នៅដោយសុខស្រួលក្នុងបាបរបស់ទ្រង់ឡើយ។ ការប្រឈមមុខដាក់បាបរបស់ខ្លួនឯងមានការពិបាក មិនមែនជាការសប្បាយទេ តែមូលហេតុដែលព្រះទ្រង់ចាត់ហោរាឲ្យទៅជួបស្ដេច ដាវីឌ ព្រោះព្រះអង្គស្រឡាញ់ស្ដេច ដាវីឌ។ ព្រះទ្រង់ប្រទានស្ដេច ដាវីឌ នូវអ្វីដែលទ្រង់មិនសមនឹងទទួល ហើយស្ដេច ដាវីឌ ក៏បានឆ្លើយតប ចំពោះពាក្យសម្ដីរបស់ហោរា ណាថាន់ ដោយការបន្ទាបខ្លួន និងការប្រែចិត្តចេញពីបាប។ ដោយសារព្រះទ្រង់បានធ្វើអន្តរាគមន៍ ហើយស្ដេច ដាវីឌ បានសារភាពកំហុសរឿងនេះក៏បានចប់ មិនមែនដោយភាពអស់សង្ឃឹម និងការប្រកាន់ទោស តែដោយការរំដោះ និងព្រះគុណ (ទំនុកតម្កើង ៣២:៥-៦)។ គឺដូចដែលលោកគ្រូ ដេរេក ឃីដន័រ (Derek Kidner) បានសរសេរថា «ភាពធូរស្រាលដែលបានពីការបន្ទាបខ្លួន និងព្រះគុណដែលបានប្រទានមក សម្រាប់ការបន្ទាបខ្លួន...គឺមានតម្លៃលើសជាងអំនួត និងមុខមាត់ដែលអ្នកបានលះបង់»។140
ព្រះទ្រង់ក៏សព្វព្រះទ័យនឹងធ្វើដូចនេះសម្រាប់យើង ដូចដែលព្រះអង្គធ្វើសម្រាប់ស្ដេច ដាវីឌ ផងដែរ។ យើងប្រហែលខ្លាចបាត់បង់កេរ្តិ៍ឈ្មោះ នៅពេលដែលយើងឈប់លេងល្បែងគ្របបាំងអំពើបាប។ ប៉ុន្តែ បើអ្នកបណ្តែតបណ្តោយឲ្យអំពើខុសសីលធម៌បន្តមានក្នុងជីវិតអ្នក ទោះអ្នកអាចលាក់បាំងវាពីភ្នែករបស់ពិភពលោកយ៉ាងណាក៏ដោយ ក៏គ្មានប្រយោជន៍ដែរ។
បើយើងគិតឲ្យបានស៊ីជម្រៅ ដែលលោកីយ៍មើលឃើញ ឬមើលមិនឃើញវាសំខាន់ទេ ព្រោះព្រះទ្រង់ជ្រាបអំពីចិត្តរបស់យើង។ ដោយសារសេចក្តីស្មោះត្រង់របស់ព្រះ បានជាទ្រង់តាមរកយើង ហើយមិនបណ្តោយឲ្យយើងបន្តសុខស្រួលក្នុងការមិនស្តាប់បង្គាប់ និងបះបោរឡើយ។ យើងប្រហែលមិនមានមនុស្ស ដូចហោរាណាថាន់ ដែលព្រះចាត់ឲ្យមកកែតម្រង់យើង តែយើងតែងតែមានព្រះបន្ទូលព្រះនៅចំពោះមុខយើងដែរ «រស់នៅ ហើយពូកែផង ក៏មុតជាងដាវណាមានមុខ២...គ្មានអ្វីកើតមកដែលទ្រង់ទតមិនឃើញនោះឡើយ» (ហេព្រើរ ៤:១២-១៣) គឺរាប់បញ្ចូលទាំងមនុស្សដែលបានសរសេរពាក្យពេចន៍ក្នុងព្រះគម្ពីរ និងអ្នកអានពាក្យពេចន៍ទាំងនោះផងដែរ។ ព្រះទ្រង់បើកបង្ហាញបាបរបស់យើង ដើម្បីឲ្យយើងនាំវាទៅរកព្រះអង្គ ដើម្បីឲ្យព្រះលោហិតរបស់ព្រះរាជបុត្រាទ្រង់បានលាងសម្អាត។
តើព្រះអង្គកំពុងចង្អុលបង្ហាញបាបអ្វីខ្លះដែលអ្នកមាន? តើអ្នកកំពុងព្យាយាមដោះសា ឬការពារ ឬក៏លាក់បាំងវាឬ? ពេលនេះជាពេលដែលត្រូវបន្ទាបខ្លួនចុះ ហើយឈប់លាក់បាំងវាទៀត។ អត្ថប្រយោជន៍នៃការអត់ទោសបាប មានទម្ងន់ធ្ងន់ជាងបាបរបស់យើងឆ្ងាយណាស់។
ព្រះគម្ពីរសញ្ជឹងគិត៖ ២សាំយ៉ូអែល ១១:១-១២:២៥
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ នេហេមា ៤-៦ និងលូកា ១៩:២៨-៤៨