
គង់នៅជាមួយពេលយើងឯកោ
ដោយBill Crowder
December 20, 2025
ម៉ាថាយ ១:១៨-២៥
«អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ»។ ហេព្រើរ ១៣:៥
លោកនេហរី ដាវីឌ ថូរ៉ូ(Henry David Thoreau) បានបកស្រាយថា ទីក្រុងគឺជាទីកន្លែង ដែលមនុស្សជាច្រើន “រស់នៅផ្តុំគ្នាដោយភាពឯកោរៀងខ្លួន”។ ការបកស្រាយដូចនេះ បានឆ្លុះបញ្ចាំងអំពីការពិត។ កាលខ្ញុំស្ថិតក្នុងវ័យយុវជន មានបទចម្រៀងជាច្រើន ដែលនិយាយអំពីភាពឯកោ ឬមនុស្សឯកោ។ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជំងឺរាតត្បាតកូវីដ១៩ បានក្លាយជាមូលហេតុធំជាងគេ ដែលបានបណ្តាលឲ្យមានភាពឯកោ ដែលពិភពលោកធ្លាប់បានស្គាល់។ ហើយបណ្ដាញសង្គមអាចនាំយើងជម្នះភាពឯកោទាំងនោះ ដោយផ្តល់ឲ្យយើងនូវការតភ្ជាប់បណ្ដាញ ដែលគ្មានទំនាក់ទំនងពិតប្រាកដ។ ភាពឯកោប្រហែលជាបានក្លាយជាជំងឺរាតត្បាតថ្មីហើយ។
ក្នុងការពិពណ៌នា អំពីរឿងនៃព្រះរាជកំណើតរបស់ព្រះយេស៊ូវ កណ្ឌគម្ពីរម៉ាថាយបានចែងថា “ការទាំងនោះកើតមក ដើម្បីឲ្យបានសំរេចសេចក្ដី ដែលព្រះអម្ចាស់ទ្រង់មានបន្ទូល ដោយសារហោរាថា«មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ”(ម៉ាថាយ ១:២២-២៣)។ ចូរយើងគិតអំពីរឿងនេះមួយភ្លែត។ ព្រះអម្ចាស់គង់នៅជាមួយយើង!
ក្នុងនាមយើងជាអ្នកជឿព្រះយេស៊ូវ យើងមិនដែលឯកោឡើយ។ យើងបានកើតជាថ្មី ចូលទៅក្នុងគ្រួសារនៃព្រះគ្រីស្ទ ជាគ្រួសារដែលមានវត្តមាននៅទូទាំងពិភពលោក និងនៅគ្រប់សម័យកាល។ សាវ័កប៉ុលមានប្រសាសន៍ថា “អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ”(អេភេសូរ ២:១៩)។ ព្រះដែលតែងតែគង់នៅជាមួយ ទ្រង់ស្រឡាញ់។ ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងមិនចាកចេញពីយើង ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥)។
ទោះអ្នកប្រឈមមុខដាក់អ្វីក៏ដោយ ព្រះវរបិតារបស់អ្នកដែលគង់នៅស្ថានសួគ៌ តែងតែគង់នៅជាមួយអ្នកជានិច្ច។ ចូរអនុញ្ញាតឲ្យព្រះអង្គជួយអ្នក ខណៈពេលដែលអ្នកបោះជំហានចូលទៅក្នុងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមក្នុងជីវិត។ ព្រះអង្គមានព្រះវត្តមានគង់នៅជាមួយអ្នកគ្រប់ពេលវេលា។—Bill Crowder
តើអ្នកមានអារម្មណ៍ឯកោ នៅពេលណា? នៅពេលដែលអ្នកមានអារម្មណ៍ឯកោ តើអ្នកមានដំណោះស្រាយអ្វី?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដោយសារព្រះវត្តមានដ៏ស្ថិតស្ថេររបស់ព្រះអង្គ ទូលបង្គំមិនដែលឯកោឡើយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ១-៣ និង វិវរណៈ ១១