
នាំដំណឹងល្អមក
ដោយNancy Gavilanes
December 21, 2025
អេសាយ ៥២:៤-១០
អើ ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក។ អេសាយ ៥២:៧
បុរសម្នាក់កំពុងប្រមូលផលដំណាំម៉ើមខ្ទឹមបារាំង នៅពេលដែលយើងបានចូលទៅរកគាត់ ដោយការអធិស្ឋាន ក្នុងអំឡុងពេលយើងផ្សាយដំណឹងល្អតាមផ្ទះ ក្នុងដំណើរបេសកកម្ម ក្នុងប្រទេសអេក្វាឌរ។ ខ្ញុំក៏បាននិយាយភាសាអេស្ប៉ាញរដាក់រដុប ដោយប្រាប់គាត់ថា ខ្ញុំនិងមិត្តភក្តិខ្ញុំចង់ចែកចាយជាមួយគាត់បន្តិច អំពីព្រះគម្ពីរប៊ីប។ គាត់ក៏បានផ្អាកការងាររបស់គាត់ ដើម្បីស្តាប់យើង ខណៈពេលដែលយើងចែកចាយទីបន្ទាល់របស់យើងដល់គាត់។ បន្ទាប់មក មិត្តរួមក្រុមរបស់ខ្ញុំម្នាក់ក៏បានចាប់ផ្តើមអានព្រះគម្ពីរប៊ីបឮៗ ជាភាសាអង់គ្លេស។ ពេលនោះជាពេលដែលមានតម្លៃណាស់ សម្រាប់គ្រប់គ្នាឮការចែកចាយដំណឹងល្អ នៅជើងភ្នំអានឌីស ខណៈពេលដែលបុរសនោះអានជាមួយយើង ជាភាសាអេស្ប៉ាញ នៅក្នុងសៀវភៅដែលយើងបានឲ្យគាត់! យើងបានជជែកជាមួយគាត់ និងក្រុមគ្រួសារគាត់ ដែលមុននោះ ពួកគេកំពុងធ្វើការនៅឆ្ងាយពីគាត់។ យើងក៏បានអធិស្ឋានឲ្យពួកគេ ហើយបន្តដំណើរទៅផ្ទះបន្ទាប់។
ខណៈពេលដែលយើងដើរតាមជើងភ្នំ អានព្រះគម្ពីរប៊ីប និងជជែកជាមួយប្រជាជននៅទីនោះ អំពីព្រះគ្រីស្ទ ខ្ញុំក៏បានគិតអំពីព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គ កាលពួកគេកំពុងដើរតាមតំបន់ភ្នំ និងជ្រលងភ្នំ នៅប្រទេសអ៊ីស្រាអែល ក្នុងសម័យដែលព្រះអង្គធ្វើព្រះរាជកិច្ចនៅលើផែនដី។
បទគម្ពីរអេសាយ ៥២:៧ បានចែងថា “ល្អណាស់ហ្ន៎ គឺជើងនៃអ្នកនោះដែលដើរលើភ្នំជាអ្នកដែលនាំដំណឹងល្អមក ហើយប្រកាសប្រាប់ពីសេចក្ដីមេត្រី ជាអ្នកដែលនាំដំណឹងល្អពីការប្រសើរមក ហើយថ្លែងប្រាប់ពីសេចក្ដីសង្គ្រោះ”។ ក្នុងបទគម្ពីរនេះ ហោរាអេសាយកំពុងនិយាយសំដៅទៅលើពេលដែលរាស្រ្តរបស់ព្រះត្រឡប់មកស្រុកកំណើតរបស់ខ្លួនវិញ បន្ទាប់ពីការនិរទេសអស់ជាច្រើនឆ្នាំ ប៉ុន្តែ បទគម្ពីរនេះបាននិយាយសំដៅទៅលើយើងផងដែរ ពេលណាយើងចែកចាយដំណឹងល្អនៃព្រះយេស៊ូវ ជាមួយអ្នកដទៃ។
យើងប្រហែលមិនមានឱកាសទៅផ្សាយដំណឹងល្អនៅតំបន់ជួរភ្នំអានឌីស ដ៏ស្រស់ស្អាតឡើយ ប៉ុន្តែ ទោះព្រះអង្គដាក់យើងនៅកន្លែងណាក៏ដោយ ព្រះវិញ្ញាណបរិសុទ្ធនៅតែអាចជួយយើង ឲ្យចែកចាយព្រះរាជសារអំពីសេចក្តីសង្គ្រោះដល់មនុស្សដែលព្រះអង្គឲ្យយើងជួបនៅតាមផ្លូវដែលយើងធ្វើដំណើរ។—Nancy Gavilanes
តើនរណាបានផ្សាយដំណឹងល្អដល់អ្នក? តើអ្នកអាចចែកចាយអំពីជំនឿរបស់អ្នក ដល់នរណាខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រទានទូលបង្គំនូវចិត្តក្លាហាន ដើម្បីប្រាប់អ្នកដទៃអំពីព្រះយេស៊ូវ។
Visit GO.ODB.org/122125 to learn why spiritual conversations are important, even when talking about Jesus feels weird.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : មីកា ៤-៥ និង វិវរណៈ ១២