
ការចុះចូល និងការបន្ទាបខ្លួន (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)
ដោយAlistair Begg
December 21, 2025
«ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតាជាដរាប ក្នុងគ្រប់ការទាំងអស់ ដោយនូវព្រះនាមព្រះយេស៊ូវគ្រីស្ទ
ហើយទាំងចំណុះគ្នាទៅវិញទៅមក ដោយសេចក្ដីកោតខ្លាចដល់ព្រះគ្រីស្ទ» (អេភេសូរ ៥:២០-២១)។
នៅពេលដែលតន្ត្រីករចូលរួមក្នុងការប្រគំតន្ត្រី ពួកគេត្រូវលះបង់ប្រយោជន៍បុគ្គល។ ការប្រគំតន្ត្រី មិនមែនជាការសម្ដែងដោយតន្ត្រីករតែម្នាក់នោះទេ។ ទោះតន្ត្រីករមិនបានបាត់បង់អត្តសញ្ញាណរបស់ខ្លួនក៏ដោយ ក៏ពួកគេត្រូវតែចុះចូលនឹងក្រុមប្រគំតន្ត្រីដែរ។ ក្រុមមួយនេះមានសារៈសំខាន់ ជាងតន្ត្រីករម្នាក់ៗ ក្នុងការរួមគ្នា ហើយការរួមគ្នានេះបង្កើតនូវអ្វី ដែលគ្មានតន្ត្រីករណាម្នាក់អាចបង្កើតបានតែម្នាក់ឯង។
សាវ័ក ប៉ុល បាននិយាយស្រដៀងនេះផងដែរ នៅពេលដែលគាត់សរសេរសំបុត្រប្រាប់គេឲ្យ «ចុះចូលគ្នាទៅវិញទៅមក» ទោះក្រុមដែលគាត់និយាយសំដៅមិនមែនជាក្រុមភ្លេង តែជាក្រុមជំនុំក៏ដោយ។
យើងអាចមានការឆ្លើយតបផ្សេងៗចំពោះការបង្រៀនអំពីការចុះចូលគ្នា តែយើងត្រូវទទួលស្គាល់ថា ព្រះគម្ពីរបានប្រើការបង្រៀននេះត្រង់ៗ និងជាញឹកញាប់ផងដែរ។ សម្រាប់សាវ័ក ប៉ុល ការរួបរួម និងសុខភាពរបស់ពួកជំនុំ មានការពឹងផ្អែកលើការយល់ដឹងរបស់គ្រីស្ទបរិស័ទអំពីការចុះចូលឲ្យបានត្រឹមត្រូវ និងអនុវត្តតាមចំពោះគ្នាទៅវិញទៅមក។
តើការចុះចូលគ្នាឲ្យបានត្រឹមត្រូវក្នុងចំណោមអ្នកជឿមានលក្ខណៈដូចម្ដេចខ្លះ? ក្នុងកម្រិតខ្លះ ការនេះគឺមានន័យថា យើងម្នាក់ៗដឹងថា យើងមិនមានហេតុផលសូម្បីតែបន្តិច ដែលត្រូវមានអារម្មណ៍ថា ពេញចិត្តចំពោះខ្លួនឯងពេក ឬមានអារម្មណ៍ថាខ្ពង់ខ្ពស់ជាងអ្នកដទៃនោះទេ។ ម្យ៉ាងទៀត យើងបង្ហាញចេញនូវការចុះចូលគ្នាតាមរយៈការបន្ទាបខ្លួន។ ជាការពិតណាស់ ការចុះចូលមានការពិបាកដោយសារតែអំនួតរបស់យើងជាបញ្ហាប្រឈមដ៏ធំដែលយើងជួប ហើយកាន់តែពិបាក បើសិនជាយើងកំពុងរស់នៅក្នុងវប្បធម៌ដែលតែងតែដាក់សម្ពាធឲ្យយើងចេញមុខចេញមាត់។
ប៉ុន្តែ ពួកជំនុំគួរតែមានភាពលេចធ្លោនៅក្នុង និងចេញពីបរិយាកាសប្រភេទនេះ។ ក្នុងនាមយើងជារាស្ត្ររបស់ព្រះ យើងដឹងថា យើងមិនអាចក្រោកពីគេង នៅពេលព្រឹក ដោយគ្មានព្រះអង្គជួយយើងនោះឡើយ។ តាមពិត យើងពឹងផ្អែកលើព្រះអង្គទាំងស្រុង (កិច្ចការ ១៧:២៤-២៥)។ ដំណឹងល្អគឺជាគន្លឹះដែលជួយឲ្យយើងមានការបន្ទាបខ្លួនពិតប្រាកដ ព្រោះដំណឹងល្អក្រើនរំឭកយើងថា ព្រះទ្រង់បានធ្វើសម្រាប់យើងក្នុងព្រះយេស៊ូវ នូវអ្វីដែលយើងត្រូវការបំផុត និងអ្វីដែលយើងមិនអាចធ្វើទាល់តែសោះសម្រាប់ខ្លួនឯង។
ការបន្ទាបខ្លួនពិតប្រាកដ មិនមែនជាការបន្ទាបបន្ថោកខ្លួនឯងនោះទេ តែជាការមានសេរីភាពរួចផុតពីខ្លួនឯង។ វាជាការមានសេរីភាពក្នុងការរស់នៅតាមបំណងព្រះទ័យព្រះ និងបំភ្លេចខ្លួនឯង។ វាជាការមានសេរីភាពដែលកើតចេញពីការដឹងថា យើងមិនមែនជាចំណុចកណ្ដាលនៃចក្រវាលនោះទេ។ ពេលណាអ្នកមានការបន្ទាបខ្លួនយ៉ាងដូចនេះ អ្នកអាចត្រៀមខ្លួនចុះចូលអ្នកដទៃ ដើម្បីនាំអ្វីដែលអ្នកមានយកមកបម្រើ ដើម្បីប្រយោជន៍ការដែលប្រសើរជាង ក្រោមការដឹកនាំរបស់អ្នកដទៃ ដោយគិតប្រយោជន៍អ្នកដទៃជាងខ្លួនឯង។ នោះពួកជំនុំរបស់អ្នកអាចបង្កើតសហគមន៍ដែលផ្សាយដំណឹងល្អ។ ដូចនេះ ចូរកុំរង់ចាំឲ្យអ្នកដទៃធ្វើជាគ្រីស្ទបរិស័ទប្រភេទនេះក្នុងពួកជំនុំរបស់អ្នកឡើយ។ នៅថ្ងៃនេះ ចូរប្ដេជ្ញាចិត្តដោយការបន្ទាបខ្លួនថា អ្នកនឹងបានរស់នៅជាគ្រីស្ទបរិស័ទប្រភេទនោះ។
ព្រះគម្ពីរសញ្ជឹងគិត៖ អេភេសូរ ៤:១-១៦
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ នេហេមា ៧-៩ និងលូកា ២០:១-២៦