
ព្រះយេស៊ូវ គឺជាអំណោយដ៏ប្រសើរបំផុត
ដោយKaren Pimpo
December 25, 2025
ម៉ាថាយ ២:១-២,៧-១២
រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ។ ម៉ាថាយ ២:១១
“ក្រៅពីបទចម្រៀងសរសើរដំកើងអំពីការប្រសូតរបស់ក្សត្រនៃស្ថានសួគ៌ តើមានបទចម្រៀងអ្វីដែលពីរោះជាង ដែលយើងអាចនាំមកច្រៀង?” នេះជាល្បះមួយ ក្នុងបទកំណាព្យនៅសតវត្សរ៍ទី១៧ មានចំណងជើងថា “តើមានបទចម្រៀងអ្វីពីរោះជាង” និពន្ធដោយលោក រ៉ូបឺត ហេរិក(Robert Herrick)។ លោកចន រូតទ័រ(John Rutter) ជាអ្នកនិពន្ធបទចម្រៀងណូអែលសម័យទំនើប បាននិពន្ធបទថ្មី តាមលំនាំបទកំណាព្យនេះ ដែលបានក្លាយជាបទចម្រៀងដែលពេញនិយមបំផុត ក្នុងរដូវកាលនៃការរង់ចាំថ្ងៃណូអែល។ បទនេះមានទំនុកភ្លេងដ៏ស្រទន់ ដែលពិពណ៌នាអំពីរដូវកាលដ៏វែង និងត្រជាក់នៃការរង់ចាំ ដែលមិនអាចប្រៀបផ្ទឹមបាននឹងអារម្មណ៍នៅរដូវផ្ការីក ដែលជាការប្រៀបប្រដូចទៅនឹងការយាងមកវិញរបស់ព្រះយេស៊ូវ។ ក្រុមចម្រៀងបានថ្វាយទំនុកសរសើរសម្រាប់ថ្ងៃណូអែល ដល់ព្រះអង្គ រីឯអ្នកស្តាប់វិញក៏បានឮការអញ្ជើញឲ្យថ្វាយចិត្តរបស់ខ្លួនដល់ព្រះអង្គផងដែរ។
គេបានឲ្យលោករូតទ័រនិពន្ធបទចម្រៀងនេះ ឲ្យត្រូវនឹងបទគម្ពីរ ដែលពួកជំនុំបានអាន អំពីពួកហោរ ដែលបាននាំមាស កំញាន និងជ័រល្វីងទេស មកថ្វាយព្រះអង្គ។ ពួកហោរដ៏អាថ៌កំបាំងទាំងនោះបានធ្វើដំណើរពីចម្ងាយឆ្ងាយយ៉ាងខ្លាំង មកថ្វាយបង្គំបុត្រតូចយេស៊ូវ ដោយបង្ហាញគោលបំណងដែលចង់ថ្វាយបង្គំព្រះអង្គ(ម៉ាថាយ ២:១-២)។ នៅពេលដែលពួកគេបានរកឃើញព្រះអង្គនៅទីបំផុត ពួកគេមាន “សេចក្ដីអំណរជាខ្លាំងក្រៃ” ហើយក៏បាន “ក្រាបថ្វាយបង្គំ” ដោយការកោតខ្លាចព្រះអង្គ(ខ.១០-១១)។ បន្ទាប់ពីទេវតាបានដាស់តឿនពួកគេក្នុងសុបិន្ដ ពួកគេក៏បានចាកចេញដោយមិនបានជូនដំណឹងដល់ស្តេចហេរ៉ូឌឡើយ(ខ.១២)។
រដូវកាលនៃបុណ្យណូអែល មិនគួរផ្ដោតទៅលើអំណោយខាងសាច់ឈាមឡើយ តែជាការពិតណាស់ រដូវកាលនេះ បាននិយាយអំពីការឲ្យ និងការទទួលអំណោយខាងវិញ្ញាណ។ ព្រះទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់ ឲ្យយាងចុះមកប្រសូតជាមនុស្ស ដើម្បីប្រោសលោកិយដែលប្រេះបែកឲ្យជា។ បើយើងមិនដែលបានថ្វាយចិត្តយើងដល់ព្រះអង្គទេ ថ្ងៃនេះ គឺជាថ្ងៃដ៏ល្អបំផុតដែលយើងត្រូវថ្វាយ។ បើព្រះអង្គបានគ្រងរាជ្យរួចទៅហើយ ចូរយើងថ្វាយបទចម្រៀងសរសើរដំកើងនៃសន្តិភាព និងក្តីអំណរ ខណៈពេលដែលយើងពិចារណា អំពីការយាងមកចាប់កំណើតរបស់ព្រះអង្គ ជាច្រើនឆ្នាំកន្លងទៅ នៅភូមិបេថ្លេហិម ហើយរង់ចាំការយាងមកវិញរបស់ព្រះអង្គផងដែរ។—Karen Pimpo
តើរដូវកាលនៃបុណ្យណូអែល មានអំណោយអ្វីខ្លះ ដែលល្អប្រសើរបំផុត? តើមានអ្វីខ្លះដែលអ្នកស្ទាក់ស្ទើរមិនហ៊ានថ្វាយដល់ព្រះអង្គ?
ឱព្រះយេស៊ូវ ព្រះអង្គគឺជាអំណោយដែលខ្ពង់ខ្ពស់បំផុត។ គ្រប់យ៉ាងដែលទូលបង្គំមាន ទូលបង្គំសូមថ្វាយដល់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សេផានា ១-៣ និង វិវរណៈ ១៦