សៀវភៅរឿង បងប្អូនរួមអាវុធ ដែលលោកស្ទីហ្វិន អេមប្រូស(Stephen Ambrose) បាននិពន្ធ បាននិយាយផ្តោតទៅលើដំណើរជីវិតរបស់កងពលតូចអ៊ីហ្ស៊ី(Easy)នៃកងទ័ពអាមេរិក ដែលរាប់ចាប់ពីការហ្វឹកហាក់របស់ពួកគេ នៅរដ្ឋចចជា(Georgia) មកដល់ពេលសម្រុកចូលខេត្តនរមែនឌី នៅថ្ងៃឌីដេយ(D-Day នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤) ហើយរហូតមកដល់ចុងបញ្ចប់នៃរឿងនេះ ដែលនិយាយអំពីការបញ្ចប់នៃសង្រ្គាមលោកលើកទីពីរ។ ក្នុងសម័យសង្រ្គាមដ៏យូរនោះ លោកមេបញ្ជាការរីឆាត វីនធ័រ(Richard Winters) ជាអ្នកដឹកនាំកងពលតូចអ៊ីហ្ស៊ី។ លោកវីនធ័រ ជាមេបញ្ជាការដ៏ល្អម្នាក់ ព្រោះគាត់តែងនាំមុខពលទាហានរបស់គាត់ នៅក្នុងសមរភូមិជានិច្ច។ ពេលកំពុងប្រយុទ្ធគ្នា កងទ័ពរបស់គាត់ច្រើនតែឭគាត់និយាយថា “មកតាមខ្ញុំ!”។ មេបញ្ចាការដទៃទៀត ប្រហែលជាចូលចិត្តបញ្ជាពីខាងក្រោយទ័ពរបស់ខ្លួន ដោយកុំឲ្យមានគ្រោះថ្នាក់ ប៉ុន្តែ ពេលដែលកងពលរបស់គាត់ចូលសមរភូមិ គាត់តែងតែនាំមុនពួកគេមិនដែលខានឡើយ។
ព្រះយេស៊ូវជាអ្នកដឹកនាំដ៏ពិត សម្រាប់កូនស្ងួនភា្ញរបស់ទ្រង់។ ទ្រង់ជ្រាបថា យើងត្រូវការអ្វី ហើយតើមានចំណុចណា ដែលយើងងាយរងគ្រោះបំផុត។ ការដឹកនាំរបស់ទ្រង់ បានធ្វើឲ្យបទគម្ពីរទំនុកដំកើង ជំពូក២៣ ក្លាយជាបទចម្រៀងដែលគេស្រឡាញ់បំផុត នៅក្នុងចំណោមបទទំនុកដំកើង ក្នុងព្រះគម្ពីរ។ ក្នុងខ.២ ស្តេចដាវីឌបានមានប្រសាសន៍ថា អ្នកគង្វាល “ឲ្យខ្ញុំដេកសំរាកនៅទីមានស្មៅខៀវខ្ចី ទ្រង់នាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ” ហើយទ្រង់មានបន្ទូលថែមទៀតក្នុងខ.៣ ថា “ទ្រង់កែព្រលឹងខ្ញុំឡើងវិញ ទ្រង់នាំខ្ញុំទៅតាមផ្លូវសុចរិត ដោយយល់ដល់ព្រះនាមទ្រង់”។ ទំនុកនេះបានបង្ហាញ ពីមូលហេតុដែលទ្រង់យកព្រះទ័យទុកដាក់ចំពោះយើងទាំងស្រុង។ យើងនៅតែអាចដើរតាមទ្រង់ជានិច្ច មិនថាតែនៅពេលដែលយើងមានចិត្តស្រស់ស្រាយ និងមានកម្លាំងឡើយ(“ទឹកហូរគ្រឿនៗ”) ឬនៅក្នុងពេលដែលយើងត្រូវធ្វើអ្វី ដែលទ្រង់សព្វព្រះទ័យក៏ដោយ(ទៅតាមផ្លូវសុចរិត)។
យ៉ាងណាមិញ មានបទចម្រៀងចាស់បុរាណមួយបាន ពោលថា “ព្រះអម្ចាស់ខ្ញុំទ្រង់ស្គាល់ផ្លូវ កាត់តាមវាលរហោស្ថាន ដូចនេះ អ្វីដែលខ្ញុំត្រូវធ្វើ គឺត្រូវដើរតាមទ្រង់”។–Bill Crowder