បាវចនារបស់អ្នក

មានរឿងនិទានមួយបានដំណាលថា មានគ្រួសារមួយរស់នៅ ក្នុងរូងភ្នំ ដោយបុរសជាឪពុកនៃគ្រួសារនោះជឿថា គ្មានកន្លែងណាទៀតដែលមានសុវត្ថិភាព ជាងរូងភ្នំឡើយ។ ពេលយប់ឡើង ក្រុមគ្រួសាររបស់គាត់តែងតែគេងនៅជុំគ្នា ដើម្បីឲ្យគាត់អាចការពារពួកគេ។ គាត់យល់ថា កូនស្រីដែលមានវ័យជំទង់របស់គាត់ គួរតែឈប់ចង់ធ្វើដំណើរផ្សងព្រេង ព្រោះវាគ្រាន់តែអាចនាំឲ្យមានគ្រោះថ្នាក់ប៉ុណ្ណោះ។ គាត់បានប្រាប់ក្រុមគ្រួសារគាត់ ឲ្យមានការភ័យខ្លាច ចំពោះគ្រោះថ្នាក់ជានិច្ច ហើយក៏បានយកទស្សនៈនេះធ្វើជាការបាវចនាសម្រាប់គ្រួសារគាត់។

ជាញឹកញាប់ ព្រះយេស៊ូវបានប្រាប់ពួកសិស្សរបស់ទ្រង់ថា “ចូរកុំខ្លាចឡើយ”។ ទ្រង់បានមានបន្ទូលដូចនេះ ទៅកាន់លោកស៊ីម៉ូន ពេលទ្រង់ត្រាស់ហៅគាត់ឲ្យដើរតាមទ្រង់(លូកា ៥:១០)។ ពេលលោកយ៉ៃរ៉ូស ជាមេសាលាប្រជុំ ដែលមានកូនស្រីម្នាក់ឈឺជិតស្លាប់ មករកទ្រង់ ទ្រង់ក៏បានលើកទឹកចិត្តគាត់ ដោយមានបន្ទូលថា “កុំខ្លាចឡើយ ឲ្យគ្រាន់តែជឿប៉ុណ្ណោះ នោះនាងនឹងបានរស់វិញ”(៨:៥០)។

បទគម្ពីរលូកា ជំពូក១២ បាន កត់ត្រាផងដែរថា ព្រះយេស៊ូវបានប្រាប់ពួកសិស្សកុំឲ្យមានការភ័យខ្លាចអ្វីឡើយ ដ្បិតព្រះទ្រង់យកព្រះទ័យទុកដាក់ចំពោះពួកគេ លើសសត្វចាបជាច្រើនដង(ខ.៧)។ ហើយបន្ទាប់ពីទ្រង់មានព្រះជន្មឡើងវិញ ទ្រង់ក៏បានប្រាប់ពួកស្រ្តីដែលបានមកផ្នូរទ្រង់ថា “កុំខ្លាចអី!”(ម៉ាថាយ ២៨:១០)។

ការភ័យខ្លាចជាអារម្មណ៍ ដែលមនុស្សគ្រប់គ្នាមានជាធម្មតា។ យើងមានការព្រួយបារម្ភអំពីមនុស្សជាទីស្រឡាញ់ បារម្ភអំពីការខ្វះខាត និងអំពីពេលអនាគត ដែលយើងមិនដឹងថា នឹងទៅជាយ៉ាងណា។ តើធ្វើដូចម្តេចឲ្យយើងអាចរៀន ឲ្យមានជំនឿ? ព្រះអម្ចាស់បានប្រទានយើង នូវគ្រឹះ សម្រាប់ឲ្យយើងទុកចិត្តលើទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា ទ្រង់នឹងមិនចាកចេញពីយើង ក៏មិនបោះបង់យើងចោលឡើយ។ បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា “ខ្ញុំមិនព្រមខ្លាចឡើយ ព្រោះព្រះអម្ចាស់ទ្រង់ជាជំនួយខ្ញុំ តើមនុស្សនឹងធ្វើដល់ខ្ញុំជាយ៉ាងណាបាន”(ហេព្រើ ១៣:៥-៦)។-Anne Cetas

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles