ការនិយាយត្រង់ៗ ដោយសប្បុរស
ឯសេចក្តីផ្អែមល្ហែម នៃសេចក្តីដាស់តឿន ដ៏អស់ពីចិត្តរបស់ភឿនមិត្រ ក៏ដូច្នោះដែរ។ សុភាសិត ២៧:៩ តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលគេនិយាយប្រាប់អ្នកថា អ្នកមានសេចក្តីបរិសុទ្ធខាងក្រៅ ច្រើនជាងខាងក្នុង? បើនេះជាពាក្យសម្តី ដែលមិនចេញពីមាត់របស់មិត្តជិតស្និទ្ធ និងគ្រូបង្រៀនព្រះបន្ទូលរបស់ខ្ញុំទេ នោះខ្ញុំប្រហែលជាមានអារម្មណ៍ឈឺចាប់មិនខានទេ។ ផ្ទុយទៅវិញ ខ្ញុំក៏បានជ្រួញចិញ្ចើមផង សើចផង ដោយដឹងថា ពាក្យសម្តីគាត់និយាយធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើត ព្រោះគាត់និយាយត្រូវ។ មិត្តភក្តិខ្ញុំស្រឡាញ់ខ្ញុំ ហើយក៏បានព្យាយាមជួយខ្ញុំ ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការចែកចាយដល់អ្នកដទៃ អំពីជំនឿរបស់ខ្ញុំ។ ពេលខ្ញុំគិតឡើងវិញ ខ្ញុំក៏បានដឹងថា ពាក្យសម្តីនេះជាយោបល់ល្អបំផុតដែលខ្ញុំបានទទួល។ ស្តេចសាឡូម៉ូនបានសរសេរថា “របួសដែលមិត្រសំឡាញ់ធ្វើដល់យើង នោះតែងធ្វើដោយស្មោះត្រង់ទេ តែឯការថើបរបស់ខ្មាំងសត្រូវ នោះជាសេចក្តីបញ្ឆោតវិញ”(សុភាសិត ២៧:៦)។ ពាក្យសម្តីដាស់តឿនរបស់មិត្តភក្តិខ្ញុំ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីខគម្ពីរនេះ។ ខ្ញុំអរព្រះគុណព្រះអង្គ ដែលមិត្តភក្តិខ្ញុំបានយកចិត្តទុកដាក់ចំពោះខ្ញុំ ហើយបានប្រាប់ខ្ញុំនូវពាក្យដែលខ្ញុំត្រូវឮ ទោះគាត់ដឹងថា ខ្ញុំប្រហែលជាពិបាកទទួលយកក៏ដោយ។ ជួនកាល ពេលដែលនរណាម្នាក់និយាយប្រាប់តែអ្វីដែលអ្នកចង់ឮ នោះមិនមានប្រយោជន៍ចំពោះអ្នកទេ ព្រោះវាអាចរារាំងអ្នកមិនឲ្យលូតលាស់ និងចម្រើនឡើង តាមផ្លូវរបស់ព្រះ។ ការនិយាយត្រង់ៗអាចជាទង្វើដ៏សប្បុរស បើសិនជានិយាយ ដោយក្តីស្រឡាញ់ដ៏ពិត និងមានការបន្ទាបខ្លួន។ សូមព្រះទ្រង់ប្រទានយើងនូវប្រាជ្ញា ហើយជួយឲ្យយើងចែករំលែកប្រាជ្ញានោះដល់អ្នកដទៃ ដើម្បីឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យព្រះអង្គ។—James Banks…
Read article