ល្អប្រសើរជាងមាសប្រាក់ ផ្លូវភេទ និងអំណាច

កុំ​ឲ្យ​បោះបង់ចោល​សេចក្តី​ក្លាហាន​របស់​អ្នករាល់គ្នា ដែល​មាន​រង្វាន់​ជាធំ​នោះ​ឡើយ។ ហេព្រើរ ១០:៣៥

យើង​ចាំបាច់​ត្រូវ​ជញ្ជឹងគិត​ថា ភាព​ធំ​បណ្តាច់​របស់​ព្រះ​គឺជា​រង្វាន់​ដ៏​ធំ​ប្រសើរ​លើស​អ្វីៗ​ទាំង​អស់ ដែល​លោកិយ​នេះ​អាច​ផ្តល់​ឲ្យបាន។ ពុំ​នោះ​ទេ យើង​នឹង​ស្រឡាញ់​លោកិយ និង​រស់នៅ ដូច​អ្នកដទៃ​មិនខាន។

ដូចនេះ ចូរ​យើង​ពិចារណា អំ​ពី​អ្វី​ៗ​ដែល​កំពុង​ដឹកនាំ​លោកិយ​នេះ ហើយ​ជញ្ជឹងគិត​ថា ព្រះ​ទ្រង់​ល្អ​ជាង និង​ស្ថិតស្ថេរ​ជាង​របស់​ទាំងនោះ។ ចូរ​ពិចារណា​អំពី​ទ្រព្យសម្បត្តិ ឬ​អំពើបាប​ខាង​ផ្លូវភេទ ឬ​អំណាច​របស់​មនុស្ស ហើយ​គិត​អំពី​ទំនាក់ទំនង​ដែល​ពួក​វា​មាន​ជាមួយ​សេចក្តី​ស្លាប់។ សេចក្តី​ស្លាប់​នឹង​ដក​ពួក​វា​ចេញ។ បើ​អ្នក​កំពុងតែ​រស់នៅ​សម្រាប់​របស់​ទាំងអស់​នេះ នោះ​អ្នក​នឹង​មិន​ចំណេញ​បាន​ច្រើន​ទេ ហើយ​អ្វី​ដែល​អ្នកមាន នោះ​អ្នក​ក៏​នឹង​បាត់បង់​ទាំងអស់។

តែ​កំណប់ទ្រព្យ​របស់​ព្រះ​ល្អ​ប្រសើរ​ជាង​របស់​ទាំងនោះ​ឆ្ងាយណាស់ ហើយក៏​ស្ថិតស្ថេរ​ផង។ សេចក្តី​ស្លាប់​មិន​អាច​រារាំង​កំណប់ទ្រព្យ​ទាំងនោះ​បានទេ ក៏​ប្រសើរ​ជាងមាស​ប្រាក់ ព្រោះ​មាសប្រាក់​ទាំងអស់​សុទ្ធតែ​ជា​កម្មសិទ្ធិ​ព្រះអង្គ ហើយ​ព្រះអង្គ​ជា​ព្រះវរបិតា​របស់​យើង។ យើង​នឹង​ទទួលមរតក​ពី​ព្រះអង្គ។ “របស់​នៅ​ជំនាន់​សព្វថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធតែ​ជា​របស់​ផង​អ្នករាល់គ្នា​ទាំងអស់ តែ​ឯ​អ្នករាល់គ្នា​ជា​របស់​ផង​ព្រះគ្រីស្ទ​វិញ ហើយ​ព្រះគ្រីស្ទ ទ្រង់​ជា​របស់​ព្រះ”(១កូរិនថូស ៣:២២-២៣)។

កំណប់ទ្រព្យ​នោះ​ប្រសើរ​ជាង​ផ្លូវភេទ។ ព្រះយេស៊ូវ​មិ​ន​ដែ​ល​មាន​ទំនាក់ទំនង​ផ្លូវភេទ ហើយ​ព្រះអង្គ​ជា​មនុស្ស​ដែល​មាន​ភាព​ពេញលេញ និង​គ្រប់គ្រាន់​បំផុត នៅ​លើ​ផែនដី។ ការ​រួមដំណេក​គឺ​គ្រាន់តែ​ជា​ស្រមោល ឬ​រូបភាព​នៃ​ការពិត​ដែល​ធំ​ប្រសើរ​ជាង ឬ​ស្រមោល​នៃ​ទំនាក់ទំនង និង​ក្តី​អំណរ ដែល​នឹង​ធ្វើ​យើង​គិតថា ការ​រួមភេទ​គឺ​ហាក់ដូចជា​រឿង​ដែល​គួរឲ្យ​ធុញទ្រាន់។

រង្វាន់​របស់​ព្រះ​ប្រសើរ​ជាង​អំណាច​ក្នុង​លោកិយ។ គ្មាន​អំណាច​ណា​ដែល​មនុស្ស​មាន ដែល​ខ្លាំង​ជាង​អំណាចបាន​ធ្វើជា​កូន​ព្រះ​ដ៏​មាន​ចេស្ដា​នោះ​ឡើយ។ “តើ​មិនដឹង​ថា យើង​រាល់គ្នា​នឹង​ជំនុំជំរះ ដល់​ទាំង​ពួក​ទេវតា​ផង​ទេ​ឬអី?”(១កូរិនថូស ៦:៣)។ “ឯ​អ្នកណា​ដែល​ឈ្នះ នោះ​អញ​នឹង​ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​ជាមួយនឹង​អញ ដូចជា​អញ​បាន​ឈ្នះ ហើយ​បាន​អង្គុយ​ជាមួយនឹង​ព្រះវរបិតា​លើ​បល្ល័ង្ក​ទ្រង់​ដែរ”(វិវរណៈ ៣:២១)។

និយាយរួម ព្រះ​ទ្រង់​ល្អ​ប្រសើរ​ជាង និង​ស្ថិតស្ថេរ​ជាង​អ្វីៗ​ទាំង​អស់​ដែល​លោកិយ​នេះ​អាច​ផ្តល់​ឲ្យ​យើង​បាន។

គ្មានអ្វី​អាច​ប្រៀបផ្ទឹម​នឹង​ព្រះអង្គ​បាន​ឡើយ។ ព្រះ​ទ្រង់​នៅតែ​ឈ្នះ​គ្រប់ពេល។ តែ​យើង​ត្រូវ​សួរ​ខ្លួនឯង​ថា តើ​យើង​នឹង​មានព្រះអង្គ​ឬទេ? តើ​យើង​នឹង​ភ្ញាក់ខ្លួន ឈប់​ចាញ់បោក​លោកិយ​នេះ ហើយ​មើលឃើញ និង​ជឿ ព្រមទាំង​អរ​សប្បាយ និង​ស្រឡាញ់​ការអ្វី​ដែល​ពិត មានតម្លៃ និង​អស់​កល្ប​ជានិច្ច?

More articles