រង្វាន់ទាំងប្រាំយ៉ាង សម្រាប់សេចក្តីសប្បុរស

ខាង​សេចក្តី​ខ្វះខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់ផ្គង់​ឲ្យ ទាំង​ខំប្រឹង​ឲ្យ​មាន​សេចក្តី​ចៅរ៉ៅ​ផង​ចុះ។ រ៉ូម ១២:១៣

តើ​យើង​នឹង​ទទួល​រង្វាន់​អ្វី បើ​យើង​បាន​ទុកចិត្ត​លើ​ព្រះបន្ទូល​សន្យា​របស់​ព្រះ និង​ដាក់​ដង្វាយ​ឲ្យ ដោយ​ស្ម័គ្រ​ពីចិត្ត ហើយ​បើក​ទ្វារផ្ទះ​ស្វាគមន៍​គ្នា​ទៅវិញទៅមក និង​ស្វាគមន៍​អ្នកក្រ​ខ្សត់?

  • ១) ការ​រងទុក្ខ​របស់​ពួក​បរិសុទ្ធ​នឹង​មាន​ភាព​ធូរស្រាល ឬ​យ៉ាង​ហោច​ណាស់ មានការ​ថយ​ចុះ។ នេះ​ជា​អត្ថន័យ​នៃ​ខគម្ពីរ​នេះ ដែល​បាន​ចែងថា “ខាង​សេចក្តី​ខ្វះខាត​របស់​ពួក​បរិសុទ្ធ នោះ​ក៏​ចូរ​ផ្គត់ផ្គង់​ឲ្យ”។ យើង​លើក​បន្ទុក​របស់​ពួក​គេ។ យើង​នាំឲ្យ​ពួក​គេ​បាត់​​​ស្រ្តេស។ យើង​នាំឲ្យ​ពួក​គេ​មាន​ក្តី​សង្ឃឹម​ឡើង។ នោះ​ហើយ​ជា​រង្វាន់!
  • ២) យើង​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ​ក្តី​សង្ឃឹម​របស់​ព្រះ។ “ចូរ​ឲ្យ​ពន្លឺ​របស់​អ្នករាល់គ្នា បាន​ភ្លឺ​នៅមុខ​មនុស្សលោក​យ៉ាងនោះ​ដែរ ដើម្បីឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នករាល់គ្នា​ប្រព្រឹត្ត រួច​សរសើរ​ដំកើង ដល់​ព្រះវរបិតា​នៃ​អ្នករាល់គ្នា​ដែល​គង់នៅ​ស្ថានសួគ៌”(ម៉ាថាយ ៥:១៦)។ ការ​ដាក់​ដង្វាយ​ឲ្យ​គេ ដោយ​ស្ម័គ្រ​ពីចិត្ត និង​បើកទ្វារ​ផ្ទះ​ស្វាគមន៍​គេ គឺ​បាន​បង្ហាញ​សិរីល្អ និង​សេចក្តីល្អ និង​តម្លៃ​របស់​ព្រះ ក្នុង​ជីវិត​អ្នក។ មូលហេតុ​ដែល​ព្រះ​ទ្រង់ប្រទាន​ឲ្យ​យើង​មាន​លុយ និង​ផ្ទះ គឺ​ដើម្បីឲ្យ​យើង​អាច​ប្រើ ឲ្យ​គេ​មើលឃើញ​ថា ពួក​វា​មិនមែន​ជា​របស់​យើង តែ​ជា​របស់​ព្រះអង្គ។ តែ​ព្រះអង្គ​ជា​ព្រះ​របស់​យើង។ និង​ជា​កំណប់ទ្រព្យ​របស់​យើង។
  • ៣) យើង​ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​អរព្រះគុណ​ព្រះ។ “ការ​ជំនួយ​ជួយ​ពួក​បរិសុទ្ធ​នេះ មិនមែន​គ្រាន់តែ​បំពេញ​សេចក្តី​ដែលគេ​ត្រូវការ​ប៉ុណ្ណោះ គឺ​បាន​ចំរើន​ឡើងជា​ហូរហៀរ​ដល់​ព្រះ​ដែរ ដោយសារ​ពាក្យ​គេ​អរព្រះគុណ​ជាច្រើន”(២កូរិនថូស ៩:១២)។ ព្រះ​ទ្រង់​បាន​ប្រទាន​យើង​នូវ​ប្រាក់កាស និង​ផ្ទះសម្បែង មិនគ្រាន់​តែ​ដើម្បីឲ្យ​យើង​អរព្រះគុណ​ព្រះអង្គ​ប៉ុណ្ណោះទេ តែ​ដើម្បីឲ្យ​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស និង​ការ​ស្វាគមន៍ ដែល​នាំឲ្យ​មនុស្សជា​ច្រើន​អរព្រះគុណ​ព្រះ​ផង​ដែរ។
  • ៤) មានការ​បញ្ជាក់ អំពី​សេចក្តី​ស្រឡាញ់​ដែល​យើង​មាន​ចំពោះ​ព្រះអង្គ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដែល​មាន​ក្នុង​យើង។ “បើ​អ្នកណា​មាន​ភោគ​សម្បត្តិ​របស់​លោកីយ៍​នេះ ហើយ​ឃើញ​បងប្អូន​ណា​ដែល​ខ្វះខាត តែ​មិន​ចេះ​អាណិត​មេត្តា​សោះ នោះ​ធ្វើ​ដូចម្តេច ឲ្យ​សេចក្តី​ស្រឡាញ់​នៃ​ព្រះ បាន​ស្ថិតនៅ​ក្នុង​អ្នកនោះ​បាន?”(១យ៉ូហាន ៣:១៧)។ បាន​សេចក្តី​ថា ពេលណា​យើង​ដាក់​ដង្វាយ ដោយចិត្ត​សប្បុរស ហើយ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​គេ នោះ​បញ្ជាក់​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ មាន​ក្នុង​ជីវិត​យើង។ យើង​ជា​អ្នកជឿ​ពិតប្រាកដ មិនមែន​ជា​គ្រីស្ទបរិស័ទ​តែ​សម្បក​ក្រៅ​នោះ​ឡើយ។
  • ៥) រង្វាន់​ចុងក្រោយ​គឺ យើង​សន្សំទ្រព្យ​នៅ​ស្ថានសួគ៌។ “ចូរ​លក់​របស់​ដែល​អ្នករាល់គ្នា​មាន​ទាំងប៉ុន្មាន ហើយ​ចែក​ឲ្យ​ទៅជា​ទាន​ចុះ ចូរ​ធ្វើ​ថង់​ដែល​មិន​ចេះ​ចាស់ សំរាប់​ខ្លួន ជា​ទ្រព្យ​ដែល​មិន​ចេះ​អស់ … ព្រោះ​សម្បត្តិ​ទ្រព្យ​អ្នក​នៅកន្លែង​ណា នោះ​ចិត្ត​អ្នក​ក៏​នឹង​ស្ថិតនៅ​កន្លែង​នោះ​ឯង”(លូកា ១២:៣៣-៣៤)។

ការ​ដាក់​ដង្វាយ​ឲ្យ​គេ ដោយ​ស្ម័គ្រ​ពីចិត្ត និង​ការ​បើកទ្វារ​ផ្ទះ​ស្វាគមន៍​គេ ស្ថិតនៅ​ក្បែរ​ចំណុច​ស្នូល​នៃ​ជីវិត​ក្នុង​ព្រះគ្រីស្ទ។ មូលហេតុ​ដែល​យើង​មិន​បើក​កាបូប​លុយ និង​ទ្វារផ្ទះ​យើង ឲ្យបាន​ញឹកញាប់ តាមការគួរ គឺ​ដោយសារ​យើង​បាន​ចាក់ឫស​នៅក្នុង​ចំណង​នៃ​ការភ័យខ្លាច និង​ភាព​លោភលន់។ ដំណោះស្រាយ គឺ​ត្រូវ​អរ​សប្បាយ​នឹង​ព្រះវ​ត្ត​មាន​ព្រះគ្រីស្ទ និង​ភាព​ច្បាស់លាស់​នៃ​ព្រះបន្ទូល​របស់​ព្រះគ្រីស្ទ ដែល​បាន​សន្យា​ថា “ព្រះ​នៃ​ខ្ញុំ ទ្រង់​នឹង​បំពេញ​គ្រប់​ទាំងអស់ ដែល​អ្នករាល់គ្នា​ត្រូវការ តាម​ភោគ​សម្បត្តិ​នៃ​ទ្រង់​ដ៏​ឧត្តម ក្នុង​ព្រះគ្រីស្ទយេស៊ូវ”(ភីលីព ៤:១៩)។

រង្វាន់​របស់​យើង គឺជា​ការ​បង្ហាញ​ឲ្យ​គេ​ឃើញ​សិរីល្អ​របស់​ព្រះ សេចក្តីល្អ​របស់​អ្នកដទៃ និង​ក្តី​អំណរ​នៃ​ការ​ទទួល​ព្រះគ្រីស្ទ​ជា​កំណប់ទ្រព្យ​ជា​រៀង​រហូត។ ដូចនេះ ខ្ញុំ​សូម​លើកទឹកចិត្ត​អ្នក ឲ្យ “បំពេញ​តម្រូវការ​របស់​ពួក​បរិសុទ្ធ ហើយ​ព្យាយាម​បង្ហាញ​ចេញ​នូវ​ភាព​ចៅរ៉ៅ​ដល់​អ្នកដទៃ”។

More articles