ដ្បិតនេះហើយជាសេចក្តីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់ នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង តើអ្នកណាជាអ្នកឈ្នះលោកីយ៍ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ?(១យ៉ូហាន ៥:៣-៥)។
បទគម្ពីរនេះបានបកស្រាយយ៉ាងច្បាស់ថា ការកើតជាថ្មី ដែលជាការកើតពីព្រះ គឺជាការកាន់តាមបញ្ញត្តរបស់ព្រះអង្គ ដោយផ្លាស់ប្តូរពីការកាន់តាមជាបន្ទុកដ៏ធ្ងន់ ទៅជាការកាន់តាមដោយអំណរវិញ។ តើការផ្លាស់ប្តូរនេះអាចកើតមានដោយរបៀបណា?
តើការកើតពីព្រះបានធ្វើឲ្យការកាន់តាមបញ្ញត្តិរបស់ព្រះអង្គ ប្រែក្លាយជាមានអំណរ ជាជាងធ្ងន់ដោយបន្ទុក យ៉ាងដូចម្តេចខ្លះ?
សាវ័កយ៉ូហានបានមានប្រសាសន៍ថា “ពីព្រោះគ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង”(១យ៉ូហាន ៥:៤)។ អាចនិយាយម្យ៉ាងទៀតថា ការកើតជាថ្មីបានយកឈ្នះមកលើបន្ទុកដ៏ធ្ងន់នៃការកាន់តាមបញ្ញត្តរបស់ព្រះ តាមបែបលោកិយ ពោលគឺបានយកឈ្នះ ដោយការមានសេចក្តីជំនឿ។ ដូចមានបញ្ជាក់ក្នុងបទគម្ពីរ ១យ៉ូហាន ៥:១ ក្នុងន័យត្រង់ថា “អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក”។
សេចក្តីជំនឿគឺជាភស្តុតាងបញ្ជាក់ថា យើងបានកើតពីព្រះមែន។ យើងមិនបានធ្វើឲ្យខ្លួនយើងកើតជាថ្មី ដោយសម្រេចចិត្តទទួលជឿព្រះអង្គនោះឡើយ។ ព្រះអង្គទេដែលបានធ្វើការក្នុងចិត្តយើង ដោយបង្កើតចិត្តដែលចង់ជឿ ដោយបណ្តាលឲ្យយើងកើតជាថ្មី។ គឺដូចដែលសាវ័កពេត្រុសបានមានប្រសាសន៍ក្នុងសំបុត្រទី១ថា “ទ្រង់បានបង្កើតយើងឡើងជាថ្មី តាមសេចក្តីមេត្តាករុណាដ៏ធំរបស់ទ្រង់ ដើម្បីឲ្យយើងរាល់គ្នាបានសេចក្តីសង្ឃឹមដ៏រស់”(១ពេត្រុស ១:៣)។ ក្តីសង្ឃឹមដ៏រស់របស់យើង ឬជំនឿមកលើព្រះគុណនៃអនាគតកាល គឺជាបានកើតមានឡើង ដោយសារព្រះទ្រង់ធ្វើការ តាមរយៈការកើតជាថ្មីរបស់យើង។
ដូចនេះ ពេលសាវ័កយ៉ូហានមានប្រសាសន៍ថា “គ្រប់ទាំងអស់ដែលកើតពីព្រះមក នោះបានឈ្នះលោកីយ៍ហើយ ឯជ័យជំនះដែលឈ្នះលោកីយ៍ នោះគឺជាសេចក្តីជំនឿរបស់យើង”(១យ៉ូហាន ៥:៤) គឺមានន័យថា ព្រះទ្រង់ប្រទានលទ្ធភាព តាមរយៈការកើតជាថ្មី ឲ្យឈ្នះលោកិយ ពោលគឺ ឈ្នះការទោទន់របស់យើងក្នុងការកាន់តែបញ្ញត្តរបស់ព្រះ តាមរបៀបរបស់លោកិយ។ ការកើតជាថ្មីមានជ័យជម្នះនេះ បង្កើតឲ្យមានសេចក្តីជំនឿ ដែលរាប់បញ្ចូលទាំងការអរសប្បាយនឹងបញ្ញត្តរបស់ព្រះ ជាជាងមានអារម្មណ៍ថា បញ្ញត្តរបស់ព្រះអង្គ ជាបន្ទុកធ្ងន់។
ដូចនេះ សេចក្តីជំនឿបានឈ្នះការទាស់ប្រឆាំងរបស់យើងពីកំណើត ចំពោះព្រះ និងបំណងព្រះទ័យព្រះអង្គ ហើយរំដោះយើង ឲ្យកាន់តាមបញ្ញត្តរបស់ព្រះអង្គ ហើយនិយាយជាមួយអ្នកនិពន្ធបទគម្ពីរទំនុកដំកើងថា “ឱព្រះនៃទូលបង្គំអើយ ទូលបង្គំមានសេចក្តីអំណរនឹងធ្វើតាមព្រះហឫទ័យទ្រង់”(ទំនុកដំកើង ៤០:៨)។