ព្រះគុណ​ដែល​ព្រះអង្គ​បដិសេធន៍ និង​ផ្គត់ផ្គង់​ឲ្យ

ត្រូវតែ​ទ្រាំ​រងទុក្ខ​វេទនា​ជាច្រើន ទើបនឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន។ កិច្ចការ ១៤:២២

យើង​ត្រូវការ​កម្លាំង​ខាងក្នុង​វិញ្ញាណ មិនគ្រាន់​តែ​ដោយសារ​យើង​អន់ថយ​កម្លាំង ដោយសារ​ភាព​តានតឹង ឬ​ស្ត្រេស​ដែល​យើង​មាន​ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះទេ តែ​ដោយ​សារទុក្ខ​លំបាក និង​ការ​រងទុក្ខ ដែល​កើតមាន​ពី​មួយ​ពេល ទៅ​មួយ​ពេល។ ហើយ​បញ្ហា​ទាំងនេះ​ពិតជា​កើតមាន​មែន។

ទុក្ខ​លំបាក​បន្ថែម​ទម្ងន់​ពីលើ​ភាព​ខ្សោះ​ល្វើយ​ក្នុងចិត្ត ដោយ​ជៀស​មិន​រួច នៅ​តាមផ្លូវ​ឆ្ពោះទៅ​រក​នគរ​ស្ថានសួគ៌។ ពេល​ដែល​ទុក្ខ​លំបាក​កើតមាន ចិត្ត​របស់​យើង​អាច​រេរា ហើយ​ផ្លូវ​ដ៏​ចង្អៀត​ឆ្ពោះទៅ​រក​ជីវិត អាច​មើលទៅ​ហាក់ដូចជា​មានការ​ពិបាក​ពេក។ ការ​ឡើង​តាមផ្លូវ​តូច​ចង្អៀត និង​តាម​ចំណោទ​ដែល​ចោទ​ខ្លាំង ដែល​សាក​កម្លាំង​ឡាន​ចាស់​ទ្រុឌទ្រោម គឺ​មានការ​ពិបាក​គ្រប់គ្រាន់​ហើយ។ ប៉ុន្តែ តើ​យើង​ត្រូវ​ធ្វើ​ដូចម្តេច នៅពេល​ដែល​ឡាន​នោះ​ខូច?

សាវ័ក​ប៉ុល​បាន​ស្រែក​រក​ព្រះ​បីដង ដោយ​សំណួរ​ដូចនេះ​ដែរ ដោយសារ​ការ​រងទុក្ខ​មួយចំនួន ក្នុង​ជីវិត​គាត់។ គាត់​បាន​ទូល​សូម​ព្រះ​ទ្រង់​ដក​បន្លា​ចេញពី​សាច់​គាត់។ តែ​ព្រះគុណ​ព្រះ មិនបាន​មក ក្នុង​ទម្រង់​ដែល​គាត់​បាន​ទូល​សូម​នោះ​ឡើយ។ ព្រះគុណ​ព្រះអង្គ​បាន​មក តាម​ទម្រង់​ផ្សេង។ គឺ​ដូចដែល​ព្រះគ្រីស្ទ​បាន​ឆ្លើយតប​គាត់​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញខ្នាត ដោយ​សេចក្តី​កំសោយ”(២កូរិនថូស ១២:៩)។

ត្រង់​ចំណុច​នេះ យើង​ឃើញថា ព្រះគុណ​បាន​ប្រទាន​មក ដោយ​ព្រះគ្រីស្ទ​ប្រទាន​កម្លាំង​ឲ្យ​គាត់ ក្នុង​ការ​រងទុក្ខ​ដែល​មិន​មាន​ភាព​ធូរស្រាល។ យើង​អាច​និយាយ​បាន​ថា ព្រះគុណ​មួយ​បាន​ប្រទាន​មក ក្នុងរង្វង់​នៃ​ព្រះគុណ​មួយទៀត ដែល​ព្រះអង្គ​បាន​បដិសេធន៍​មិន​ប្រទាន​ឲ្យ។ ហើយ​សាវ័ក​ប៉ុល​ក៏បាន​ឆ្លើយតប ដោយ​ជំនឿ ក្នុង​ភាព​គ្រប់គ្រាន់​នៃ​ព្រះគុណ​នៃ​អនាគត​កាល យ៉ាងដូច​នេះ​ថា “ដូច្នេះ ខ្ញុំ​នឹង​ស៊ូ​អួត​ពី​សេចក្តី​កំសោយ​របស់ខ្ញុំ ដោយ​អំណរ​ជា​ខ្លាំង ដើម្បីឲ្យ​ព្រះ​ចេស្តា​នៃ​ព្រះគ្រីស្ទ​បាន​សណ្ឋិត​នៅនឹង​ខ្ញុំ”(២កូរិនថូស ១២:៩)។

ជា​ញឹកញាប់ ព្រះ​ទ្រង់ប្រទាន​ពរ​យើង ដោយ “ព្រះគុណ​ដែល​ព្រះអង្គ​ប្រទាន” ក្នុងរង្វង់​នៃ “ព្រះគុណ ដែល​ព្រះអង្គ​បាន​បដិសេធន៍​មិន​ប្រទាន​ឲ្យ”។

ឧទាហរណ៍ នៅ​ថ្ងៃ​ដែល​មាន​អាកាសធាតុ​ក្តៅ​ហួតហែង ក្នុង​ខែ​កក្ត​ដា ធុងទឹក​របស់​ឡាន​យើង​បាន​ឈប់​ដំណើរការ ហើយ​យើង​កំពុង​ស្ថិតនៅ​ចម្ងាយ​ប្រហែល៣០គីឡូ ពីទី​ប្រជុំជន ដូចនេះ យើង​ក៏បាន​ជាប់​គាំងដំណើរ នៅ​តាម​ព្រំប្រទល់​រដ្ឋ​ថេ​នេ​ស៊ី។

កាល​ព្រឹក​នោះ ខ្ញុំ​បាន​អធិស្ឋាន​សូមឲ្យ​ឡាន​នោះ​មានដំណើរ​ការ​ល្អ ដើម្បីឲ្យ​យើង​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព។ តែ​ឥឡូវនេះ វា​ឈប់​ដំណើរការ​ហើយ។ ព្រះ​ទ្រង់​មិនបាន​ប្រទាន​ព្រះគុណ ដែល​ខ្ញុំ​បាន​ទូល​សូម ដើម្បីកុំឲ្យ​មាន​បញ្ហា ក្នុង​ការ​ធ្វើដំណើរ។ ពេលនោះ គ្មាន​អ្នកបើកបរ​ណា​បាន​ឈប់​ឡាន ដើម្បី​ជួយ​យើង​ឡើយ ខណៈ​ពេល​ដែល​យើង​កំពុង​ឈរ​ក្បែរ​ឡាន​យើង។ បន្ទាប់មក កូនប្រុស​ខ្ញុំ ឈ្មោះ​អ័ប្រាហាំ​(កាលនោះ មាន​អាយុ​ប្រហែល១១ឆ្នាំ) បាន​មានប្រសាសន៍​ថា “ប៉ា យើង​គួរតែ​អធិស្ឋាន”។ ដូចនេះ យើង​ក៏បាន​ឱនក្បាល នៅ​ក្រោយ​ឡាន​យើង ដើម្បី​ទូល​សូម​ព្រះគុណ​សម្រាប់​ពេល​អនាគត ជា​ជំនួយ ក្នុង​ពេល​ដែល​យើង​មាន​សេចក្តី​ត្រូវការ។ ពេល​យើង​ងើបក្បាលឡើង យើង​ក៏បាន​ឃើញ​ឡាន​ភីកអាប់​មួយ​គ្រឿង​ឈប់ នៅ​ក្បែរ​ឡាន​យើង។

អ្នកបើកបរ​ឡាន​នោះ​ជាជាង​ឡាន ដែល​ធ្វើការ​នៅ​យានដ្ឋាន​មួយ នៅ​ចម្ងាយ​ប្រហែល៣០គីឡូម៉ែត្រ។ គាត់​ប្រាប់​យើង​ថា គាត់​ស្ម័គ្រចិត្ត​ទៅ​យក​គ្រឿងបន្លាស់​មក​ជួសជុល​ឡាន​យើង។ ខ្ញុំ​ក៏បាន​ជិះឡាន​ជាមួយ​គាត់ ទៅកាន់​ទីប្រជុំជន​នោះ ហើយ​អាច​ផ្សាយដំណឹង​ល្អ​ដល់​គាត់។ ប្រហែល៥ម៉ោង​ក្រោយមក យើង​ក៏បាន​បន្តដំណើរ​ទៅមុខ​ទៀត។

ដូចនេះ ការ​ឆ្លើយតប​របស់​ព្រះ ចំពោះ​ការអធិស្ឋាន​របស់​យើង មាន​លក្ខណៈ​គួរឲ្យ​កត់សំគាល់ នៅត្រង់​ចំណុច​ថា ការ​ឆ្លើយតប​នោះ​បាន​មកដល់ នៅក្នុង​រង្វង់​នៃ​ព្រះគុណ​ដែល​ព្រះអង្គ​បដិសេធន៍​មិន​ប្រទាន។ យើង​ទូល​សូម​ការ​ធ្វើដំណើរ ដែល​គ្មាន​បញ្ហា។ ព្រះអង្គ​ក៏បាន​ប្រទាន​បញ្ហា ក្នុង​ការ​ធ្វើដំណើរ​នោះ។ តែ​នៅក្នុង​ព្រះគុណ​ដែល​ព្រះអង្គ​បាន​បដិសេធន៍​មិន​ប្រទាន យើង​ក៏​ទទួល​បាន​ព្រះគុណ​ដែល​បំពេញ​តម្រូវការ​យើង។ ហើយ​ខ្ញុំ​កំពុង​រៀន​ទុកចិត្ត​ប្រាជ្ញា​របស់​ព្រះ ក្នុង​ពេល​ដែល​ព្រះអង្គ​ប្រទាន​ព្រះគុណ ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ និង​ជាងឡាន​ដែល​មិនមែន​ជា​អ្នកជឿ ក៏ដូចជា​សម្រាប់​ជំនឿ​របស់​ក្មេងប្រុស​អាយុ១១ឆ្នាំ ដែល​បាន​មើលឃើញ​រឿង​ដែល​បាន​កើតឡើង​ថ្ងៃ​នោះ។

យើង​មិន​គួរ​មានការ​ភ្ញាក់ផ្អើល នៅពេល​ដែល​ព្រះ​ប្រទាន​យើង នូវ​ព្រះគុណ​ដ៏​អស្ចារ្យ ក្នុង​ពេល​ដែល​មានទុក្ខ​លំបាក ដែល​យើង​បាន​ទូល​សូម​ព្រះអង្គ​ឲ្យ​ជួយ​យើង។ ព្រះអង្គ​ជ្រាប​ច្បាស់​បំផុត អំពី​របៀប​បែងចែក​ព្រះគុណ​ព្រះអង្គ ដើម្បី​ប្រយោជន៍​យើង និង​ដើម្បី​សិរីល្អ​របស់​ព្រះអង្គ។

More articles