ចូរពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ។ ហេព្រើរ ១២:៣
សមត្ថភាពដែលគួរឲ្យចាប់អារម្មណ៍បំផុត របស់គំនិតមនុស្ស គឺវាអាចឲ្យផ្ដោតការគិតរបស់វា ទៅលើអ្វីដែលវាជ្រើសរើស។ យើងអាចឈប់បង្អង់សិន ហើយនិយាយទៅកាន់គំនិតរបស់យើងថា “ចូរគិតពីរឿងនេះ មិនត្រូវគិតពីរឿងនោះឡើយ”។ យើងអាចផ្ដោតការគិតរបស់យើង ទៅលើទស្សនៈ រូបភាព បញ្ហា ឬក្តីសង្ឃឹមណាមួយ។
វាជាអំណាចដ៏អស្ចារ្យ ដែលគំនិតរបស់មនុស្សមាន។ ខ្ញុំមិនជឿថា សត្វមានសមត្ថភាពដូចនេះឡើយ។ ការគិតរបស់ពួកវា មិនបានធ្វើឡើងដោយបញ្ញាទេ តែស្ថិតក្រោមការគ្រប់គ្រងរបស់សភាវគតិរបស់ពួកវា។
តើអ្នកបានមើលរំលងអាវុធដ៏អស្ចារ្យនេះ នៅក្នុងសង្គ្រាមខាងវិញ្ញាណ ប្រឆាំងនឹងអំពើបាបឬទេ? ព្រះគម្ពីរបានត្រាស់ហៅយើង ម្តងហើយម្តងទៀត ឲ្យប្រើអំណោយទានដែលគួរឲ្យកត់សំគាល់នេះ។ ចូរយើងដកអំណោយទាននេះ ចេញពីធ្នើរសៀវភៅដែលយើងបានទុកចោល រួចបោសសម្អាតធូលីដី ហើយប្រើវាចុះ។
ឧទាហរណ៍ សាវ័កប៉ុលបានមានប្រសាសន៍នៅក្នុងបទគម្ពីរ រ៉ូម ៨:៥-៦ ថា “ពីព្រោះអស់អ្នកណាដែលតាមសាច់ឈាម នោះគិតតែខាងសាច់ឈាម តែអស់អ្នកណាដែលគិតតាមព្រះវិញ្ញាណ នោះគិតតែខាងវិញ្ញាណវិញ ដ្បិតគំនិតខាងសាច់ឈាម នោះជាសេចក្តីស្លាប់ទទេ ឯគំនិតនៃព្រះវិញ្ញាណ នោះទើបជាជីវិត និងសេចក្តីសុខសាន្តវិញ”។
នេះពិតជារឿងដែលគួរឲ្យភ្ញាក់ផ្អើលណាស់។ ការអ្វីក៏ដោយដែលគំនិតរបស់អ្នកបានផ្ដោតទៅលើ គឺជាកត្តាកំណត់ថា បញ្ហានោះ នាំទៅរកជីវិត ឬសេចក្តីស្លាប់។
មនុស្សជាច្រើនបានដេញតាមការផ្លាស់ប្រែ ភាពពេញលេញ និងសន្តិភាព ដោយរំពឹងខ្លាំងពេកឲ្យសេចក្តីទាំងនេះកើតមាន ដោយសារកត្តាខាងក្រៅ។ ខ្ញុំយល់ឃើញថា នៅក្នុងសម័យដែលមនុស្សពឹងផ្អែកទៅលើការព្យាបាលរបស់ពេទ្យ យើងបានធ្លាក់ចូលទៅក្នុងផ្នត់គំនិតដែលចូលចិត្តទទួល ដែលគ្រាន់តែ “ជជែកអំពីបញ្ហារបស់យើង” ឬ “ប្រឈមមុខដោះស្រាយបញ្ហាយើង” ឬក៏ “ស្វែងរកឫសគល់នៃភាពប្រេះបែក នៅក្នុងគ្រួសារកំណើតរបស់យើង”។
ប៉ុន្តែ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ខ្ញុំបានសង្កេតឃើញវិធីសាស្ត្រដែលក្លាហានជាង និងសកម្មជាង ដើម្បីស្វែងរកការផ្លាស់ប្រែ។ គឺវិធីសាស្ត្រផ្ចង់ចិត្ត។ គឺដូចមានសេចក្តីចែងថា “ចូរផ្ចង់ចិត្តទៅឯសេចក្តីទាំងអស់ដែលនៅខាងលើ កុំឲ្យផ្ចង់ទៅឯសេចក្តីទាំងប៉ុន្មាន ដែលនៅផែនដីឡើយ”(កូល៉ុស ៣:២)។
អារម្មណ៍របស់យើង ភាគច្រើនស្ថិតក្រោមការគ្រប់គ្រងរបស់ការអ្វីដែលយើងពិចារណា អ្វីដែលយើងផ្ចង់ចិត្តទៅរក។ ឧទាហរណ៍ ព្រះយេស៊ូវបានប្រាប់យើង ឲ្យជម្នះការថប់បារម្ភ ដោយការអ្វីដែលយើងពិចារណា ៖ ឧទាហរណ៍ “ចូរពិចារណាពីក្អែក … ចូរពិចារណាពីផ្កាឈូកដែរ”(លូកា ១២:២៤,២៧)។
គំនិតរបស់យើងគឺជាបង្អួចរបស់ចិត្តយើង។ បើយើងបណ្តោយឲ្យគំនិតយើងនៅក្នុងភាពងងឹត ជាប់ជានិច្ច នោះចិត្តយើងនឹងមានភាពងងឹត។ តែបើយើងបើកបង្អួចនៃចិត្តយើងទៅរកពន្លឺ នោះចិត្តយើងនឹងមានពន្លឺ។
ដែលសំខាន់បំផុតនោះ សមត្ថភាពដ៏អស្ចារ្យនៃគំនិតយើង ដែលអាចផ្ដោត និងពិចារណា គឺសម្រាប់ឲ្យយើងពិចារណាអំពីព្រះយេស៊ូវ (ហេព្រើរ ១២:៣)។ ដូចនេះ ចូរយើង “ពិចារណាមើលទ្រង់ ដែលទ្រង់បានទ្រាំទ្រនឹងពួកមនុស្សមានបាប ដែលធ្វើទទឹងទទែងនឹងទ្រង់ជាខ្លាំងម៉្លេះ ក្រែងលោអ្នករាល់គ្នាត្រូវនឿយហត់ ហើយរសាយចិត្តចេញ”។