ចូរ​យើង​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់

នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​សូម​ដោយនូវ​ឈ្មោះខ្ញុំ ហើយ​ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក។ យ៉ូហាន ១៦:២៦-២៧

ចូរ​យើង​កុំ​រំពឹង​ចង់​ឲ្យ​ព្រះរាជបុត្រា​នៃ​ព្រះ ធ្វើ​លើស​ពី​ភារកិច្ច​របស់​ព្រះអង្គ ជា​អង្គ​បុគ្គល​ដែល​នៅ​កណ្តាល​យើង និង​ព្រះ​នោះ​ឡើយ។

ព្រះយេស៊ូវ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ​”។ បាន​សេចក្តី​ថា ព្រះអង្គ​នឹង​មិន​នៅ​កណ្តាល​យើង និង​ព្រះវរបិតា ដោយ​ហាក់ដូចជា យើង​មិន​អាច​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់​នោះ​ឡើយ។ តើ​ហេតុអ្វី? ព្រោះ​ព្រះវរបិតា​ស្រឡាញ់​យើង​រាល់គ្នា។

នេះ​ជា​រឿង​ដែល​គួរឲ្យ​ភ្ញាក់ផ្អើល​ណាស់។ ត្រង់​ចំណុច​នេះ ព្រះយេស៊ូវ​កំពុង​ដាស់តឿន​យើង កុំ​ឲ្យ​គិតថា ព្រះ​ដ៏​មាន​គ្រប់​ចេស្ដា មិន​សព្វព្រះទ័យ​នឹង​ទទួល​យើង​ដោយ​ផ្ទាល់ ចូលក្នុង​ព្រះ​វត្ត​មានព្រះអង្គ​នោះ​ឡើយ។ ខ្ញុំ​ប្រើ​ពាក្យ “ដោយ​ផ្ទាល់​” សំដៅ​ទៅលើ​អ្វី​ដែល​ព្រះយេស៊ូវ​ចង់​មានន័យ ពេល​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ ដ្បិត​ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ ដោយ​ព្រោះ​អ្នករាល់គ្នា​ស្រឡាញ់​ខ្ញុំ ហើយក៏​ជឿ​ថា ខ្ញុំ​បាន​ចេញពី​ព្រះ​មក​”។

ជា​ការពិត​ណាស់ គ្មាន​មនុស្ស​មាន​បាប​ណា ដែល​អាច​ចូល​ទៅ​រក​ព្រះវរបិតា​បាន​ឡើយ បើ​មិន​ពឹង​ព្រះ​លោហិត​ព្រះយេស៊ូវ​ទេ​នោះ(ហេព្រើរ ១០:១៩-២០)។ ព្រះអង្គ​ទូល​អង្វរ​ជំនួស​យើង នៅពេល​សព្វថ្ងៃ​នេះ(រ៉ូម ៨:៣៤ ហេព្រើរ ៧:២៥)។ ព្រះអង្គ​ជា​អង្គ​ដ៏​ជា​ជំនួយ ដែល​គង់នៅ​ចំពោះ​ព្រះវរបិតា(១យ៉ូហាន ២:១)។ ព្រះអង្គ​ក៏​ជាស​ម្តេច​សង្ឃ នៅពីមុខ​បល្ល័ង្ក​របស់​ព្រះ(ហេព្រើរ ៤:១៥-១៦)។ ព្រះអង្គ​មាន​បន្ទូល​ថា “បើ​មិន​មក​តាមខ្ញុំ នោះ​គ្មាន​អ្នកណា​ទៅ​ឯ​ព្រះវរបិតា​បាន​ឡើយ​”(យ៉ូហាន ១៤:៦)។

ប៉ុន្តែ ព្រះយេស៊ូវ​កំពុង​ការពារ​យើង កុំ​ឲ្យ​មានការ​យល់​ខុស អំពី​ការ​ទូល​អង្វរ​របស់​ព្រះអង្គ នៅ​ចំពោះ​ព្រះវរបិតា។ ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​មិនថា ខ្ញុំ​នឹង​ទូល​អង្វរ​ដល់​ព្រះវរបិតា ជំនួស​អ្នករាល់គ្នា​នោះ​ទេ​”។ ព្រះអង្គ​គង់នៅ​ក្បែរ​ព្រះវរបិតា​ស្រាប់ហើយ។ ព្រះអង្គ​ជា​ស្មរបន្ទាល់ ដែល​តែងតែមាន​ព្រះ​វត្ត​មាន និង​មាន​ព្រះជន្ម​គង់នៅ​ជានិច្ច ដើម្បី​ដក​សេចក្តី​ក្រោធ​របស់​ព្រះវរបិតា ចេញពី​យើង​រាល់គ្នា។

តែ​ព្រះអង្គ​មិន​គង់នៅ​ទីនោះ ដើម្បី​និយាយ​ជំនួស​យើង ឬ​មិន​ឲ្យ​យើង​ចូល​ទៅ​ជិត​ព្រះវរបិតា ឬ​ដើម្បី​បង្ហាញថា ព្រះទ័យ​ព្រះវរបិតា​បាន​បិទ​មិន​ទទួល​យើង ឬ​មិន​សព្វព្រះទ័យ​នឹង​ជួប​យើង​នោះ​ឡើយ ហេតុនេះ​ហើយ​ព្រះអង្គ​បាន​មាន​បន្ទូល​ថា “ព្រះវរបិតា ទ្រង់​ក៏​ស្រឡាញ់​អ្នករាល់គ្នា​ដែរ​”។

ដូចនេះ ចូរ​យើង​ចូល​មក​រក​ព្រះអង្គ ដោយចិត្ត​ក្លាហាន(ហេព្រើរ ៤:១៦) ដោយ​ការ​រំពឹង​ចង់បាន ដោយ​រំពឹង​ថា ព្រះអង្គ​នឹង​ញញឹមដាក់​យើង។ ចូរ​យើង​ចូល​មក​រក​ព្រះអង្គ ដោយ​ញាប់ញ័រ ដោយ​អំណរ មិនមែន​ដោយ​ការ​ភ័យ​ខ្លាច​នោះ​ឡើយ។

និយាយរួម ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ថា ព្រះអង្គ​បាន​បើកផ្លូវ​ឲ្យ​យើង​ចូល​ទៅ​រក​ព្រះ ដោយ​ផ្ទាល់ ដូចនេះ ព្រះអង្គ​នឹង​មិន​រាំងផ្លូវ​យើង​នោះ​ឡើយ។ ចូរ​យើង​ចូល​មករ​ក​ព្រះអង្គ​ចុះ។

More articles