បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង។ ១យ៉ូហាន ១:៩
ការមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សមិនល្អ គឺមិនដូចការដឹងថាខ្លួនបានប្រព្រឹត្តអំពើបាបនោះទេ។ ការមានអារម្មណ៍ថា ខ្លួនឯងកំពុងមានភាពស្អុយរលួយនៅខាងក្នុង ក៏មិនដូចការប្រែចិត្តចេញពីអំពើបាបដែរ។
ព្រឹកនេះ ពេលខ្ញុំចាប់ផ្តើមអធិស្ឋាន ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមានភាពសក្កិសម ក្នុងការនិយាយ ទៅកាន់ព្រះអាទិករនៃចក្រវាលឡើយ។ វាជាអារម្មណ៍មិនល្អ ដែលគិតថាខ្លួនមិនសក្តិសម។ ដូចនេះ ខ្ញុំក៏បានទូលព្រះអង្គ អំពីភាពមិនសក្តិសមរបស់ខ្ញុំ។ តើមានរឿងអ្វីកើតឡើង ពេលដែលខ្ញុំបានទូលព្រះអង្គហើយ?
គ្មានអ្វីផ្លាស់ប្តូរឡើយ ទាល់តែខ្ញុំចាប់ផ្តើមអធិស្ឋានឲ្យបានជាក់លាក់ អំពីអំពើបាបរបស់ខ្ញុំ។ ការមានអារម្មណ៍ថាខ្លួនមិនមែនជាមនុស្សល្អ អាចមានប្រយោជន៍ បើសិនជាវានាំយើងឲ្យទទួលស្គាល់អំពើបាបដ៏ជាក់លាក់។ ប៉ុន្តែ ការមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សមិនល្អ មិនតែងតែមានប្រយោជន៍គ្រប់ពេលនោះឡើយ។
ពេលណាអ្នកមានអារម្មណ៍មិនច្បាស់លាស់ អំពីភាពមិនសក្តិសមរបស់អ្នក អ្នកចាំបាច់ត្រូវយល់ច្បាស់ អំពីការមិនស្តាប់បង្គាប់របស់អ្នក។ បន្ទាប់មក អ្នកអាចចង្អុលទៅរកអំពើបាបរបស់អ្នក ហើយប្រែចិត្ត រួចទូលសូមព្រះអង្គអត់ទោសបាប ហើយអ្នកអាចប្រើដំណឹងល្អ ដើម្បីជម្នះអំពើបាបនោះ។
ហេតុនេះហើយ ខ្ញុំក៏បានចាប់ផ្តើមនឹកចាំ អំពីព្រះរាជបញ្ជារបស់ព្រះ ដែលខ្ញុំបានបំពានជាញឹកញាប់ មានដូចជា ៖
ចូរស្រឡាញ់ព្រះ ឲ្យអស់ពីចិត្ត វិញ្ញាណ គំនិត និងកម្លាំងរបស់អ្នក។ មិនមែនស្រឡាញ់ ៩៥% តែ១០០% (ម៉ាថាយ ២២:៣៧)។
ចូរស្រឡាញ់អ្នកជិតខាងអ្នក ឲ្យដូចខ្លួនឯង។ បានសេចក្តីថា យើងចង់ឲ្យរឿងល្អៗកើតឡើងចំពោះគាត់ ដូចដែលយើងចង់ឲ្យកើតឡើងចំពោះខ្លួនឯង (ម៉ាថាយ ២២:៣៩)។
ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក។ មានន័យថា មិនត្អូញត្អែរ ទាំងខាងក្រៅ និងក្នុងចិត្ត (ភីលីព ២:១៤)។
ចូរផ្ទេរគ្រប់ទាំងសេចក្តីទុក្ខព្រួយរបស់អ្នករាល់គ្នាទៅលើទ្រង់។ គឺដើម្បីកុំឲ្យអ្នកត្រូវបន្ទុកនោះសង្កត់ពីលើទៀតឡើយ (១ពេត្រុស ៥:៧)។
ចូរបញ្ចេញតែពាក្យណាដែលល្អៗ សំរាប់នឹងស្អាងចិត្តតាមត្រូវការ ដើម្បីឲ្យបានផ្តល់ព្រះគុណដល់អស់អ្នកដែលស្តាប់ (អេភេសូរ ៤:២៩)។
ទាំងលៃយកឱកាសឲ្យទាន់ពេលផង ពីព្រោះសម័យនេះអាក្រក់ណាស់។ មានន័យថា ចូរកុំខ្ជះខ្ជាយពេល (អេភេសូរ ៥:១៦)។
ខ្ញុំបានធ្វើពុតខ្លាំងពេកថា ខ្លួនឯងមានភាពបរិសុទ្ធដ៏អស្ចារ្យ! ខ្ញុំក៏បានភ្លឺភ្នែក។
ទង្វើនេះអាក្រក់ជាការមានអារម្មណ៍ថា ខ្លួនឯងជាមនុស្សអាក្រក់ទៅទៀត។ តែឥឡូវនេះ ខ្ញុំមើលខ្មាំងសត្រូវរបស់ខ្ញុំឃើញហើយ។ ខ្ញុំដឹងអំពីអំពើបាបនីមួយៗយ៉ាងជាក់លាក់។ ពួកវាបានបង្ហាញខ្លួនចេញមកហើយ។ ខ្ញុំមើលទៅពួកវា។ ខ្ញុំមិនត្អូញត្អែរអំពីអារម្មណ៍មិនល្អឡើយ។ តែខ្ញុំកំពុងតែសូមព្រះគ្រីស្ទអត់ទោសឲ្យខ្ញុំ ដែលមិនបានធ្វើតាមព្រះរាជបញ្ជាព្រះអង្គ ឲ្យបានជាក់លាក់។
ខ្ញុំមានចិត្តខ្ទេចខ្ទាំ ហើយក៏ខឹងនឹងអំពើបាបខ្ញុំ។ ខ្ញុំចង់សម្លាប់វា តែមិនមែនសម្លាប់ខ្លួនឯងទេ។ ខ្ញុំមិនចង់សម្លាប់ខ្លួនទេ។ ខ្ញុំជាមនុស្សស្អប់អំពើបាប និងជាអ្នកសម្លាប់អំពើបាបខ្លួនឯង។ (“ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ” កូល៉ុស ៣:៥ “សំឡាប់អំពើរបស់រូបសាច់ចេញ” រ៉ូម ៨:១៣)។ ខ្ញុំចង់រស់។ ហេតុនេះហើយ ខ្ញុំត្រូវធ្វើជាអ្នកសម្លាប់បាបរបស់ខ្ញុំ។
ក្នុងការប៉ះទង្គិចនេះ ខ្ញុំឮព្រះបន្ទូលដែលបានសន្យាថា “បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឲ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង”(១យ៉ូហាន ១:៩)។ សន្តិភាពក៏បានកើតមានក្នុងចិត្តខ្ញុំ។
ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចអធិស្ឋាន យ៉ាងត្រឹមត្រូវ និងមានអំណាចឡើងវិញ។