ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ សូមកែជីវិតរបស់យើងខ្ញុំឡើងវិញ ដូចជាកាលពីដើម។ បរិទេវ ៥:២១
រាស្ត្ររបស់ព្រះគ្មានសង្ឃឹមឡើយ ទាល់តែព្រះទ្រង់បណ្តាលចិត្តពួកគេឲ្យវិលត្រឡប់ ពីការថយទៅរក និងលោតចូលក្នុងអំពើបាប និងការមិនជឿ។
កណ្ឌបរិទេវជាកណ្ឌដែលក្រៀមក្រំបំផុត ក្នុងព្រះគម្ពីរ។ ព្រះទ្រង់បានបំផ្លាញទីក្រុងយេរូសាឡិម ដែលប្រៀបដូចជាប្រស្រីភ្នែកព្រះអង្គ។
ព្រះយេហូវ៉ាទ្រង់បានសំរេចសេចក្តីក្រោធរបស់ទ្រង់ ក៏បានចាក់សេចក្តីខ្ញាល់ដ៏សហ័សរបស់ទ្រង់ចេញហើយ ទ្រង់បានបង្កាត់ភ្លើង នៅក្នុងក្រុងស៊ីយ៉ូន ជាភ្លើងដែលឆេះដល់ទាំងឫសជញ្ជាំងផង (បរិទេវ ៤:១១)។
ទ្រង់បានលើកព្រះហស្ត ដូចជាអ្នកតតាំង ក៏បានប្រហារជីវិតនៃគ្រប់ទាំងអស់ដែលគាប់ភ្នែក (បរិទេវ ២:៤)។
ទ្រង់បានធ្វើទុក្ខនាង ដោយព្រោះអំពើរំលងដ៏បរិបូរ (បរិទេវ ១:៥)។
តើកណ្ឌគម្ពីរនេះ បានបញ្ចប់យ៉ាងដូចម្តេចខ្លះ?
កណ្ឌគម្ពីរនេះបានបញ្ចប់ ដោយចែងអំពីក្តីសង្ឃឹមតែមួយ ៖
ឱព្រះយេហូវ៉ាអើយ សូមបំបែរយើងខ្ញុំឲ្យវិលមកឯទ្រង់វិញ នោះយើងខ្ញុំនឹងបានបែរមកហើយ (បរិទេវ ៥:២១)។
មានតែក្តីសង្ឃឹមនេះទេ ដែលខ្ញុំ និងអ្នកមាន?
“ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង”(លូកា ២២:៣១-៣២)។
ព្រះអង្គបានមានបន្ទូលថា ពេលអ្នកបានប្រែចិត្តមកវិញ តែមិនបានមានបន្ទូលថា បើសិនជាអ្នកប្រែចិត្តមកវិញនោះទេ។ ព្រះអង្គបានអធិស្ឋានឲ្យអ្នក! អ្នកនឹងប្រែចិត្តវិលមកវិញ។ ហើយពេលដែលអ្នកប្រែចិត្តមកវិញ គឺដោយសារព្រះគុណនៃអធិបតេយ្យភាពរបស់ព្រះអង្គ ដែលនាំអ្នកឲ្យវិលត្រឡប់ពីជម្រៅដ៏សែនជ្រៅ នៃការបែកចេញពីព្រះ។
ឱបងប្អូនគ្រីស្ទានទាំងឡាយ នេះក៏ជារឿងពិតសម្រាប់អ្នកផងដែរ។ នេះជាក្តីសង្ឃឹមតែមួយ ដែលអ្នកអាចមាន ក្នុងការស៊ូទ្រាំ ដោយជំនឿ។ សិរីល្អមាននៅក្នុងក្តីសង្ឃឹមនេះ។
ព្រះគ្រីស្ទ … ក៏គង់នៅខាងស្តាំនៃព្រះ ហើយជាអ្នកអង្វរជំនួសយើងរាល់គ្នាដែរ (រ៉ូម ៨:៣៤)។
ព្រះអង្គនឹងបណ្តាលចិត្តយើងឲ្យវិលត្រឡប់មករកព្រះអង្គវិញ។ ដូចនេះ “រីឯព្រះ ដែលអាចនឹងថែរក្សា មិនឲ្យអ្នករាល់គ្នាជំពប់ដួល … នោះសូមឲ្យទ្រង់បានសិរីល្អ ឫទ្ធានុភាព ព្រះចេស្ដា និងអំណាច តាំងពីមុនអស់កល្ប នៅជាន់ឥឡូវនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ។ អាម៉ែន”(យូដាស ១:២៤-២៥)។