April 22, 2024

You are here:
ការ​ជួយ​ទ្រទ្រង់​គ្នា ក្នុង​ព្រះគ្រីស្ទ

សា​ស្តា ៤:៧-១២ ពួរ៣ធ្លុង​មិន​ងាយ​ដាច់​ទេ​។ សា​ស្តា ៤:១២ មាន​ពេល​មួយ លោកយ័រឌិន(Jordon) បាន​ចូល​រួម​កម្មវិធី​ប្រកួត​ជីវិត​ពិត ដែល​មាន​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍ ដែល​ក្នុង​នោះ អ្នក​ចូល​រួម​ទាំង​អស់​ត្រូវ​រស់នៅ​ម្នាក់ឯង​ក្នុង​តំបន់​ព្រៃ​ភ្នំ ដោយ​ប្រើ​ស្បៀង​អាហារ និង​សម្ភារៈ​តិច​បំផុត ឲ្យ​បាន​រយៈ​ពេល​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ គាត់​បាន​បង្ខំ​ចិត្ត​បោះបង់ចោល​ការ​ប្រកួត មិនមែន​ដោយសារ​គាត់​ខ្លាច​សត្វ​ខ្លាឃ្មុំ​កាច​សាហាវ អាកាស​ធាតុ​ត្រជាក់​ដល់​កក ការ​មាន​របួស ឬ​ការ​ស្រេក​ឃ្លាន​អាហារ​នោះ​ទេ តែ​គឺ​ដោយសារ​គាត់​មាន​អារម្មណ៍​ឯកោ​ពេក ហើយ​មាន​បំណង​ចិត្ត​ចង់​ត្រឡប់​ទៅ​គ្រួសារ​គាត់​វិញ​។ គាត់​ថា “ខ្ញុំ​ដឹង​ថា វិធី​តែមួយ​ដើម្បី​ឲ្យ​ខ្ញុំ​អាច​ជោគជ័យ​ក្នុង​ការ​ប្រកួត​នេះ​បាន គឺ​ត្រូវ​បំភ្លេច​ផ្ទះ និង​ប្រពន្ធ កូន​ប្រុស និង​កូន​ស្រី​របស់​ខ្ញុំ​។ តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​ឈប់​គិត​អំពី​ពួកគេ​បានទេ​។ យើង​មាន​ចំណង​ទាក់ទង​ដ៏​រឹងមាំ ក្នុង​ចិត្ត និង​វិញ្ញាណ​យើង គ្មាន​អ្វី​អាច​បំបែក​បាន​ឡើយ”។ យើង​អាច​មាន​ជំនាញ​រស់នៅ​ម្នាក់ឯង​ក្នុង​ព្រៃ ប៉ុន្តែ ការ​កាត់​ផ្តាច់​ខ្លួន​យើង​ចេញ​ពី​សហគមន៍ គឺជា​ផ្លូវ​ឆ្ពោះ​ទៅ​រក​បរាជ័យ​ក្នុង​ជីវិត​។ គឺ​ដូច​ដែល​បទ​គម្ពីរ​សា​ស្តា​បាន​ចែងថា “មាន​គ្នា២នាក់ នោះ​វិសេស​ជាង​នៅ​តែឯង… ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ”(៤:៩-១០)។ ពួក​ជំនុំ​ដែល​ថ្វាយ​ព្រះ​កិតិ្ត​នាម​ដល់​ព្រះគ្រីស្ទ មាន​ភាព​ចាំបាច់​ដល់​ការ​លូត​លាស់​របស់​យើង ទោះ​សហគមន៍​នោះ​មាន​ភាព​រញ៉េរញ៉ៃ​យ៉ាងណា​ក៏ដោយ​។ យើង​មិន​អាច​ជម្នះ​ទុក្ខ​លំបាក​ក្នុង​លោកិយ​នេះ​បានទេ បើសិន​ជា​យើង​ព្យាយាម​ដោះ​ស្រាយ ដោយ​ពឹង​សមត្ថ​ភាព​ខ្លួន​ឯង​តែ​ម្យ៉ាង​។ ការ​ហត់​នឿយ​តែ​ម្នាក់ឯង គឺជា​ការនឿយហត់​ដែល​គ្មានន័យ(ខ.៨)។ បើ​យើង​នៅតែ​ម្នាក់ឯង យើង​ងាយ​នឹង​ជួប​គ្រោះ​ថ្នាក់(ខ.១១-១២)។ ឯពួរ៣ធ្លុង​មិន​ងាយ​ដាច់​ទេ គឺ​ខុសពី​ខ្សែ​ដែល​មានតែ១ធ្លុង(ខ.១២)។…

Read article