អត្ថ​ប្រយោជន៍៥យ៉ាង នៃ​ការ​រងទុក្ខ

កាលមុន​ដែល​ទូលបង្គំ​កើតទុក្ខ​ព្រួយ នោះ​ទូលបង្គំ​បាន​វង្វេង​ទៅ តែ​ឥឡូវនេះ ទូលបង្គំ​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ។ ទំនុកដំកើង ១១៩:៦៧

ខគម្ពីរ​នេះ​បាន​បង្ហាញថា ព្រះ​ទ្រង់ប្រទាន​ទុក្ខ​លំបាក​មក ដើម្បី​ជួយ​ឲ្យ​យើង​រៀន​ព្រះបន្ទូល​ព្រះអង្គ។ តើ​រឿង​នេះ​អាច​កើតឡើង​បាន ដោយ​របៀបណា? តើ​ទុក្ខ​លំបាក​ជួយ​ឲ្យ​យើង​រៀន និង​ស្តាប់​បង្គាប់​តាម​ព្រះបន្ទូល​ព្រះអង្គ ដោយ​របៀបណា?

មាន​ចម្លើយ​រាប់មិនអស់ សម្រាប់​សំណួរ​នេះ ក៏ដូចជា​មានបទពិសោធន៍​ច្រើន​រាប់មិនអស់ ជាមួយ​សេចក្តី​មេត្តា​ដ៏​អស្ចារ្យ​នេះ។ តែ​ខ្ញុំ​សូម​បង្ហាញ​ចម្លើយ៥យ៉ាង ខាងក្រោម​នេះ​ដូចតទៅ ៖

ទុក្ខ​លំបាក​នាំឲ្យ​យើង​ងាក​ចេញពី​គំនិតរាក់​កំផែល ហើយ​ធ្វើឲ្យ​យើង​មានគំនិត​ស៊ីជម្រៅ ដើម្បីឲ្យ​ផ្នត់គំនិត​យើង កាន់តែ​សមស្រប​នឹង​ភាព​ស៊ីជម្រៅ​នៃ​ព្រះបន្ទូល​ព្រះ។ ហើយ​សូម​កត់ចំណាំ​ថា ៖ ក្នុង​ព្រះគម្ពីរ​ដែល​ជា​សៀវភៅ​របស់​ព្រះ គឺ​គ្មាន​ទំព័រ​ណា ដែល​មាន​អត្ថន័យ​រាក់​កំផែល​ទេ។

ទុក្ខ​លំបាក​រុញច្រាន​យើង​ឲ្យ​ឈប់​ពឹងផ្អែក​លើ​លោកិយ ហើយ​ជំរុញចិត្ត​យើង ឲ្យ​ពឹងផ្អែក​លើ​ព្រះ​វិញ ដែល​នាំឲ្យ​យើង​កាន់តែ​មាន​ភាព​ស៊ីគ្នា​នឹង​គោលបំណង​នៃ​ព្រះបន្ទូល​ព្រះ។ ដ្បិត​គោលបំណង​នៃ​ព្រះបន្ទូល​ព្រះ គឺ​ដើម្បីឲ្យ​យើង​មាន​សង្ឃឹម ក្នុង​ព្រះអង្គ ហើយ​ទុកចិត្ត​ព្រះអង្គ។ “ដ្បិត​អស់ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជាមុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់គ្នា ដើម្បីឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម ដោយ​សេចក្តី​អត់ធន់ និង​សេចក្តី​កំសាន្តចិត្ត ដោយសារ​គម្ពីរ” (រ៉ូម ១៥:៤)។ “ព្រះយេស៊ូវ​ក៏​ធ្វើ​ទី​សំគាល់​ជាច្រើន​ទៀត នៅមុខ​ពួក​សិស្ស​ទ្រង់ ដែល​មិនបាន​ចែង​ទុក​ក្នុង​សៀវភៅ​នេះ​ទេ”(យ៉ូហាន ២០:៣១)។

ទុក្ខ​លំបាក​ធ្វើឲ្យ​យើង​បើក​មើល​ព្រះគម្ពីរ ដោយ​ការស្រេកឃ្លាន​រក​ជំនួយ ជាជាង​រាប់​ទុក្ខ​លំបាក​ជា​ភាព​បន្ទាប់បន្សំ​នៃ​ជីវិត។ “ឯង​រាល់គ្នា​នឹង​ស្វែងរក​អញ ហើយនឹង​ឃើញ​ផង គឺ​កាលណា​ឯង​ស្វែងរក​អញ​ឲ្យអស់​អំពី​ចិត្ត” (យេរេមា ២៩:១៣)។

ទុក្ខ​លំបាក​នាំឲ្យ​យើង​មាន​ចំណែក នៅក្នុង​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ ដើម្បីឲ្យ​យើង​មានការ​ប្រកប​កាន់តែ​ស្និទ្ធស្នាល​ជាមួយ​ព្រះអង្គ ហើយ​មើលឃើញ​លោកិយ ដូចដែល​ព្រះអង្គ​ទត​ឃើញ​វា។ សាវ័ក​ប៉ុល​មានចិត្ត​ស្រេកឃ្លាន​ចង់ “ស្គាល់​ទ្រង់ និង​ព្រះ​ចេស្ដា​នៃ​ដំណើរ​ដែល​ទ្រង់​រស់​ឡើងវិញ ហើយនិង​សេចក្តី​ប្រកប​ក្នុង​ការ​រងទុក្ខ​របស់​ទ្រង់ ព្រមទាំង​ត្រឡប់ទៅ​ដូចជា​ទ្រង់​ក្នុង​សេចក្តី​ស្លាប់​ផង”(ភីលីព ៣:១០)។

ទុក្ខ​លំបាក​បង្អាប់​សេចក្តី​ប៉ងប្រាថ្នា​ខាង​សាច់ឈាម ដែល​បោកបញ្ឆោត និង​បង្វែរ​អារម្មណ៍​យើង​ចេញពី​ព្រះ ហើយ​ទុក្ខ​លំបាក​នាំ​យើង​ចូល​ទៅ​ក្នុង​ការរស់នៅ​ដែល​មាន​លក្ខណៈ​ខាងវិញ្ញាណ​កាន់​តែ​ខ្លាំង ហើយ​ធ្វើឲ្យ​យើង​កាន់តែ​ងាយស្រួល​ទទួល​ព្រះបន្ទូល​ខាងវិញ្ញាណ​របស់​ព្រះ។ “ដូច្នេះ ដែល​ព្រះគ្រីស្ទ​ទ្រង់​បាន​រងទុក្ខ​ក្នុង​សាច់ឈាម​ជំនួស​យើង​រួចហើយ នោះ​ត្រូវឲ្យ​អ្នករាល់គ្នា​មានគំនិត​ដូច្នោះ​ដែរ ទុកជា​គ្រឿង​ការពារ​ខ្លួន ដ្បិត​អ្នកណា​ដែល​បាន​រងទុក្ខ​ក្នុង​សាច់ឈាម នោះ​បាន​ឈប់​ខាង​ឯ​អំពើ​បាប​ហើយ”(១ពេត្រុស ៤:១)។ ទុក្ខ​លំបាក​មានផល​ប៉ះពាល់​ដ៏​អស្ចារ្យ ដែល​សម្លាប់​អំពើបាប។ កាលណា​យើង​កាន់តែ​បរិសុទ្ធ នោះ​យើង​ឃើញ​ព្រះ​កាន់តែ​ច្បាស់​ផង​ដែរ(ម៉ាថាយ ៥:៨)។

សូម​ព្រះវិញ្ញាណ​ព្រះអង្គ ប្រទាន​ព្រះគុណ​ដល់​យើង​រាល់គ្នា ដើម្បីកុំឲ្យ​យើង​លះ​ចោល​ផ្លូវ​របស់​ព្រះ ដោយសារ​ការឈឺចាប់​នោះ​ឡើយ។

More articles