លោកឆាលស៍ ហ្វ៊ីននេយ(Charles Finney) គឺជាមេធាវីដែលមានអាយុ២៩ឆ្នាំ ដែលមានការខ្វល់ខ្វាយអំពីសេចក្តីសង្គ្រោះនៃវិញ្ញាណរបស់ខ្លួន។ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៨២១ គាត់ក៏បានចូលទៅរកភាពស្ងប់ស្ងាត់ក្នុងតំបន់ព្រៃ នៅក្បែរផ្ទះរបស់គាត់ ដើម្បីរកពេលអធិស្ឋាន។ នៅទីនោះ គាត់ក៏មានការពិសោធន៍នឹងការផ្លាស់ប្រែដ៏អស្ចារ្យ។ គាត់បានសរសេរថា “ព្រះវិញ្ញាណ បរិសុទ្ធ … ហាក់ដូចជាយាងសណ្ឋិតក្នុងខ្ញុំ ទាំងកាយ ទាំងវិញ្ញាណ … ការនេះហាក់ដូចការបង្ហូរចុះនៃសេចក្តីស្រឡាញ់ម្តងហើយម្តងទៀត”។
នៅថ្ងៃបន្ទាប់ គាត់ក៏បានជួបកូនក្តីម្នាក់ ដែលបានមករកគាត់ ដើម្បីសុំឲ្យគាត់ការពារក្តី។ លោកហ្វ៊ីនេយក៏បានប្រាប់គាត់ថា “ខ្ញុំបានទទួលការត្រាស់ហៅពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ ឲ្យនិយាយការពារបុព្វហេតុរបស់ទ្រង់ ដូចនេះ ខ្ញុំមិនអាចការពាររឿងក្តីរបស់អ្នកបានទេ”។ គាត់ក៏បានលះបង់អាជីពផ្នែកច្បាប់ ហើយបានចូលបម្រើព្រះ។ ក្រោយមក ព្រះក៏បានប្រើគាត់ ដោយអំណាចចេស្តាទ្រង់ ដើម្បីនាំអ្នកដទៃឲ្យទទួលជឿព្រះគ្រីស្ទ។
ព្រះអម្ចាស់ក៏បានត្រាស់ហៅសាវ័កប៉ុល ឲ្យដោះសារអំពីបុព្វហេតុរបស់ទ្រង់ផងដែរ។ គឺដូចដែលគាត់បានចែងថា “ខ្ញុំបានតាំងឡើង សំរាប់ដោះសារពីដំណឹងល្អ”(ភីលីព ១:១៧)។ ពាក្យដើមដែលបកប្រែមកថា “ដោះសារ” ត្រូវបានប្រើនៅក្នុងសម័យបុរាណ ក្នុងការជជែកការពាររឿងក្តី ដោយមេធាវី ក្នុងតុលាការ។ អ្នកជឿទាំងអស់ ត្រូវបានត្រាសហៅ ឲ្យចែកចាយអំពីដំណឹងល្អដ៏អស្ចារ្យ នៃព្រះគុណរបស់ព្រះ ដែលជួយសង្គ្រោះ។ “ដូច្នេះ យើងខ្ញុំជាទូតដំណាងព្រះគ្រីស្ទ ហាក់ដូចជាព្រះទ្រង់អង្វរដោយសារយើងខ្ញុំ គឺយើងខ្ញុំអង្វរគេជំនួសព្រះគ្រីស្ទថា ចូរឲ្យបានជាមេត្រីនឹងព្រះចុះ”(២កូរិនថូស ៥:២០)។
នេះជាអភ័យឯកសិទ្ធិដ៏អស្ចារ្យ ដែលព្រះបានប្រើយើងឲ្យនាំអ្នកដទៃ ឲ្យទទួលជឿព្រះគ្រីស្ទ!-Dennis Fisher