លោកយ៉ូអែល(Joel) និងអ្នកស្រីឡូរិន(Lau-ren) បានសម្រេចចិត្តផ្លាស់ប្តូរទីលំនៅ ពីរដ្ឋវ៉ាស៊ីតោន ទៅរដ្ឋមីឈីហ្គិនវិញ។ ដោយសារពួកគេចង់បង្កើតអនុស្សាវរីយជាលើកចុងក្រោយ ពួកគេក៏បានទៅទិញកាហ្វេនៅហាងកាហ្វេដែលពួកគេចូលចិត្តជាងគេ ហើយបានឈប់ឡាន នៅមុខបណ្ណាគារដែលពួកគេចូលចិត្តជាងគេ។ ពួកគេក៏បានចូលក្នុងបណ្ណាគារនោះ ដើម្បីទិញស្ទីកគ័រសម្រាប់បិទកាងក្រោយរថយន្ត ដែលនៅលើស្ទីកគ័រនោះ មានពាក្យស្លោកមួយឃ្លាដ៏ពេញនិយម របស់រដ្ឋដែលពួកគេកំពុងជម្រាបលានោះ ដែលពាក្យស្លោកនោះគឺ “ថ្ងៃនេះ ជាថ្ងៃរបស់ក្រុងអេឌម៉ាន់(Edmonds)”។
ពីសប្តាហ៍ក្រោមមក បន្ទាប់ពីពួកគេបានបើកបរបានចម្ងាយជាង៤ពាន់គីឡូម៉ែត្រហើយ ពួកគេក៏បានចូលក្នុងរដ្ឋមីឈីហ្គិន។ ដោយសារពួកគេឃ្លានបាយ និងចង់អបអរសាទរការធ្វើដំណើរមកដល់របស់ខ្លួនផងនោះ ពួកគេក៏បានឈប់ឡាន ដើម្បីសួររកភោជនីយដ្ឋានដែលនៅជិតនោះ។ ពួកគេត្រូវបើកបរត្រឡប់មកក្រោយវិញ អស់ចម្ងាយបីបួនគីឡូម៉ែត្រ ហើយក៏រកឃើញហាងកាហ្វេដ៏តូចមួយ ដ៏គួរឲ្យទាក់ទាញ។ អ្នកស្រីអេម៉ា ដែលជាអ្នកបម្រើក្នុងហាងនោះ មានចិត្តរំភើប ពេលដែលបានដឹងថា អ្នកទាំងពីរបានធ្វើដំណើរមកពីរដ្ឋវ៉ាស៊ីនតោន ដែលជាស្រុកកំណើតរបស់នាង ហើយនាងក៏បានសួរពួកគេថា “តើអញ្ជើញមកពីក្រុងណា?” ពួកគេក៏ឆ្លើយថា “ក្រុងអេឌម៉ាន់”។ នាងក៏ប្រាប់ពួកគេថា “ខ្ញុំក៏មកពីទីក្រុងនោះដែរ!” ដោយ សារលោកយ៉ូអែលក៏ចង់ចែកចាយក្តីអំណររបស់ខ្លួន នោះគាត់ក៏បានប្រគល់ស្ទីគ័រដែលនៅសល់ទៅនាង។ ពិតជាអស្ចារ្យណាស់ ស្ទីគ័រនោះក៏មានប្រភពមកពីបណ្ណាគាររបស់ម្តាយនាងផងដែរ! ដូចនេះ ស្ទីគ័រនោះបានចេញពីដៃរបស់ម្តាយនាង ហើយបានធ្វើដំណើរជាង៤ពាន់គីឡូម៉ែត្រ រហូតមកដល់ដៃនាង។ តើនេះជារឿងចៃដន្យឬ? ឬមួយក៏បទពិសោធន៍ទាំងនេះ ជាអំណោយដ៏ល្អ ដែលត្រូវបានរៀបចំដោយព្រះដ៏ល្អ ដែលចូលចិត្តលើកទឹកចិត្តកូនៗរបស់ទ្រង់? បទគម្ពីរសុភាសិតបានប្រាប់យើងថា “ផ្លូវដើររបស់មនុស្ស នោះស្រេចនៅព្រះយេហូវ៉ា ដូច្នេះ ធ្វើដូចម្តេចឲ្យមនុស្សយល់ផ្លូវខ្លួនបាន”(២០:២៤)។ យើងអាចឆ្លើយតប ដោយ “សរសើរព្រះនាមទ្រង់ ដ្បិតព្រះអម្ចាស់ទ្រង់ល្អ”(ទំនុកតម្កើង ១០០:៤-៥)។-Anne Cetas