សាវ័កប៉ុលមានសេចក្តីប្រាថ្នាដ៏សំខាន់មួយ : គឺ ចង់ឲ្យជនរួមជាតិយូដារបស់គាត់ ទទួលយកព្រះមែស៊ី ដែលគាត់បានជួបដោយផ្ទាល់ កាលពីលើកមុន បានជាគាត់មានប្រសាសន៍ថា “ខ្ញុំមានសេចក្តីទុក្ខសោកជាខ្លាំង និងសេចក្តីព្រួយលំបាកក្នុងចិត្តជានិច្ច ដ្បិតខ្ញុំស្ទើរតែនឹងសូមឲ្យព្រះគ្រីស្ទដាក់បណ្តាសាខ្ញុំវិញ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងឯសាច់ឈាម”(រ៉ូម ៩:២-៣)។ ប៉ុន្តែ ចាប់ពីក្រុងមួយដល់ក្រុងមួយទៀត ជនរួមជាតិយូដារបស់គាត់ បានបដិសេធគាត់ និងមិនព្រមទទួលជឿព្រះ គ្រីស្ទដែលគាត់បានផ្សាយឡើយ។
ព្រះគម្ពីររ៉ូម គឺជាសំបុត្រដ៏ថ្លៃថ្លាបំផុតរបស់សាវ័កប៉ុល ដែលគាត់បានកំណត់យកបទគម្ពីរមួយវគ្គជាគោល(រ៉ូម ៩-១១) ដែលក្នុងនោះ គាត់មានការតយុទ្ធដោយបើកចំហរ ពេលដែលព្រះមិនទាន់បានឆ្លើយតប សេចក្តីអធិស្ឋានដ៏សំខាន់ក្នុងជីវិតគាត់។ គាត់បានទទួលស្គាល់ថា ការលំបាកដែលគាត់ជួបប្រទះនេះ បាននាំមកនូវផលប្រយោជន៍ដ៏សំខាន់មួយគឺ : ការដែលពួកសាសន៍ យូដាបដិសេធន៍ព្រះយេស៊ូវ បាននាំឲ្យសាសន៍ដទៃទទួលទ្រង់វិញ។ សាវ័កប៉ុលក៏បានសន្និដ្ឋានថា ព្រះមិនបានបដិសេធពួកសាសន៍យូដាទេ តែផ្ទុយទៅវិញ ពួកគេក៏មានឱកាសដូចពួកសាសន៍ដទៃផងដែរ។
ព្រះបានឱបក្រសោបយកមនុស្សជាតិ កាន់តែច្រើនឡើងៗ គឺមិនមែនកាន់តែតិចទៅៗ ឡើយ។ បទគម្ពីរដែលសាវ័កប៉ុលបាននិពន្ធ ក៏កាន់តែមានន័យឡើង ពេលដែលគាត់បង្អង់ ដើម្បីពិចារណាអំពីសេចក្តីដែលសំខាន់ជាង។ បន្ទាប់មក គាត់ក៏បានសរសេរបទគម្ពីរសរសើរតម្កើងព្រះថា “អើហ្ន៎ប្រាជ្ញា និងចំណេះដ៏បរិបូររបស់ព្រះជ្រៅណាស់តើ ឯព្រះដំរិះរបស់ទ្រង់ តើមានអ្នកណានឹងស្ទង់បាន ហើយផ្លូវទ្រង់ តើមានអ្នកណានឹងរកតាមបាន”(រ៉ូម ១១:៣៣)។
សេចក្តីអាថ៌កំបាំងដែលគេមិនទាន់យល់ និងសេចក្តីអធិស្ឋានដែលព្រះមិនទាន់ឆ្លើយតប នឹងត្រូវរលាយបាត់បន្តិចម្តងៗ ពេលដែលគេពិចារណា អំពីភាពអស្ចារ្យនៃផែនការណ៍ដែលព្រះមានអស់កល្បជានិច្ច។ នៅទីបំផុត សេចក្តីអធិស្ឋានដែលព្រះមិនទាន់ឆ្លើយតប បាននាំឲ្យខ្ញុំស្គាល់សេចក្តីអាថ៌កំបាំង ដែលបានធ្វើឲ្យសាវ័កប៉ុលស្ងប់ចិត្ត ពោលគឺឲ្យខ្ញុំដឹងថា ទស្សនវិស័យរបស់ខ្ញុំ និងទស្សនវិស័យរបស់ព្រះ គឺមានភាពខុសគ្នាស្រឡះ។-Philip Yancey