ក្នុងអំឡុងពេលសង្រ្គាមលោកលើកទី២ ចក្រភពអង់គ្លេស គឺជាតំណាងឲ្យខ្សែបន្ទាត់ចុងក្រោយ នៃការតស៊ូប្រឆាំងនឹងការឈ្លានពាននៃការសង្កត់សង្កិន របស់ពួកណា-ហ្ស៊ី នៅក្នុងទ្វីបអឺរ៉ុប។ ទោះជាយ៉ាងណាក៏ដោយ ខណៈពេលដែលចក្រភពអង់គ្លេស បានទទួលរងការវាយប្រហារឥតឈប់ឈរ ដែលអាចធ្វើឲ្យខ្លួនដួលរលំបាន ចក្រភពមួយនេះក៏កំពុងតែជួបការខ្វះខាតធនធាន សម្រាប់បន្តទប់ទុលការវាយប្រហារនោះ។
ហេតុនេះហើយ បានជាលោកនាយករដ្ឋមន្ត្រី វីនស្ទុន ឈើឈីល(Winston Churchill) បានអំពាវនាវទៅកាន់ពិភពលោក តាមការផ្សាយនៃវិទ្យុប៊ីប៊ីសីថា “សូមឲ្យឧបករណ៍មកយើង ហើយយើងនឹងបញ្ចប់កិច្ចការនេះ”។ គាត់ដឹងថា បើគ្មានជំនួយពីខាងក្រៅទេ នោះពួកគេមិនអាចទប់ទល់នឹងការវាយប្រហារ ដែលពួកគេកំពុងជួបប្រទះបានឡើយ។
ជីវិតរបស់មនុស្សក៏មានលក្ខណៈដូចនោះផងដែរ។ ជាញឹកញាប់ យើងមានការខ្វះខាត នៅក្នុងការប្រឈមមុខនឹងបញ្ហាដែលមានក្នុងជីវិតយើង ហើយយើងត្រូវការជំនួយ ពីខាងក្រៅខ្លួនយើង។ ក្នុងនាមជាផ្នែកមួយ នៃរូបកាយព្រះគ្រីស្ទ យើងអាចទទួលបានជំនួយនោះ ពីបងប្អូនប្រុសស្រីក្នុងព្រះគ្រីស្ទ(រ៉ូម ១២:១០-១៣) ហើយនោះជាការអស្ចារ្យណាស់។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត យើងត្រូវស្វែងរកជំនួយពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌។ យើងមានដំណឹងដ៏ល្អ និងអស្ចារ្យមួយ គឺថា ព្រះនៃយើងបានឲ្យយើងចូលមកចំពោះទ្រង់ ដោយទំនុកចិត្ត គឺដូចដែលមានសេចក្តីចែងមកថា “ដូច្នេះ ត្រូវឲ្យយើងរាល់គ្នា មកដល់បល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការចុះ”(ហេព្រើ ៤:១៦)។
ស្ថិតក្នុងពេលបែបនោះ ការអធិស្ឋាន គឺជាធនធានដ៏អស្ចារ្យបំផុតដែលយើងមាន ព្រោះការអធិស្ឋាននាំឲ្យយើងចូលទៅក្នុងព្រះវត្តមានព្រះ។ នៅក្នុងព្រះវត្តមានព្រះ យើងរកបានជំនួយដែលយើងត្រូវការ នៅក្នុងសេចក្តីមេត្តាករុណា និងព្រះគុណព្រះ។-Bill Crowder