រឿង “អារក្ស និងលោកដានីយែល វែបស្ទ័រ(Daniel Webster)” គឺជារឿងខ្លី ដែលជាស្នាដៃនិពន្ធរបស់លោក ស្ទីហ្វិន វិនសិន បេណិត(Stephen Vincent Benet)។ រឿងនេះបានដំណាលថា លោកចាបេស ស្ទោន(Jabez Stone) ដែលជាកិសករម្នាក់នៅតំបន់ញូ អង់គ្លេស(New England) មាន “គ្រោះអាក្រក់”យ៉ាងខ្លាំង បានជាគាត់បានលក់វិញ្ញាណរបស់ខ្លួន ឲ្យទៅអារក្ស ដើម្បីឲ្យមានភាពសម្បូរសប្បាយ។ ទីបំផុត អារក្សក៏បានមកទាបំណុលពីលោកចាបេស។ ប៉ុន្តែ លោកដានីយ៉ែល វែបស្ទ័រ ដែលជាមេធាវីដ៏គួរឲ្យគោរពម្នាក់ ក៏ត្រូវបានសូមឲ្យមកជួយការពារក្តីគាត់។ បន្ទាប់ពីបានប្រកែកតវ៉ាយ៉ាងមានជំនាញ ជាច្រើនដំណាក់មក លោកវេបស្ទ័រក៏បានឈ្នះអារក្សនៅក្នុងរឿងក្តីនេះ ហើយលោកចាបេសក៏បានគេចផុតពីការរងទុក្ខអស់មួយជីវិត នៅក្នុងស្ថាននរក។
ជាការពិតណាស់ រឿងនិទាននេះ គឺគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ។ ប៉ុន្តែ ព្រះគម្ពីរបានកត់ទុក អំពីការបើកសម្តែងមួយ ដែលក្នុងនោះ សាតំាងបានចោទប្រកាន់អ្នកជឿព្រះម្នាក់ នៅចំពោះព្រះដែលជាចៅក្រមនៃស្ថានដ៏ខ្ពស់។ លោកយ៉ូស្វេ ដែលជាសម្តេចសង្ឃ ក៏ឈរនៅចំពោះព្រះ។ សម្តេចសង្ឃរូបនេះក៏បានស្លៀកពាក់យ៉ាងកខ្វក់ ជាសញ្ញាបញ្ជាក់អំពីអំពើបាប និងទោសកំហុសរបស់ខ្លួន។ ហើយសាតាំងកំពុងឈរនៅក្បែរនោះ ដើម្បីចោទប្រកាន់គាត់។ ប៉ុន្តែ ទេវតានៃព្រះអម្ចាស់បានស្តីបន្ទោសឲ្យវា ហើយមានបន្ទូលមក លោកយ៉ូស្វេថា “មើល អញបានលើកចោលអំពើទុច្ចរិតពីឯងចេញហើយ អញនឹងប្រដាប់ខ្លួនឯង ដោយសំលៀកបំពាក់ដ៏រុងរឿងវិញ”(សាការី ៣:៤)។
មានតែព្រះទេ ដែលអាចធ្វើឲ្យបាបជនមានភាពអាចទទួលយកបាន នៅចំពោះទ្រង់។ ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា “យើងមានព្រះដ៏ជាជំនួយ១អង្គហើយ ដែលទ្រង់គង់នៅចំពោះព្រះវរបិតា គឺជាព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏សុចរិត”(១យ៉ូហាន ២:១)។
តើអ្នកមានអារម្មណ៍ថា ខ្លួនមិនសក្តិសមនឹងចូលព្រះវត្តមានព្រះឬ? សូមចាំថា ក្នុងនាមជាគ្រីស្ទបរិស័ទ្ទ ព្រះលោហិតនៃព្រះសង្គ្រោះយើង បានលាងសម្អាតយើង ហើយព្រះគ្រីស្ទទ្រង់បានធ្វើជាដំណាងឲ្យយើង។-Dennis Fisher