នៅពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំបានទៅលេងជីដូនជីតារបស់ខ្ញុំ អស់រយៈពេលមួយឬពីរសប្តាហ៍ នៅក្នុងរដូវក្តៅ ជារៀងរាល់ឆ្នាំ។ កាលនោះ ពួកគាត់មានទីលំនៅ នៅតាមបណ្តោយផ្លូវ ដែលកាត់តាមផ្លូវរទេះភ្លើងមួយចំនួន។ នៅក្នុងយប់ដំបូង ដែលខ្ញុំស្នាក់នៅទីនោះ ជាញឹកញាប់ ខ្ញុំបានភ្ញាក់ពីដំណេកបួនប្រាំដង ដោយសារសម្លេងញ័ររណ្តំនៃទូរថភ្លើង និងសម្លេងស៊ីផ្លេដែលអ្នកបើករថភ្លើងបានបន្លឺឡើង។ ទោះជាយ៉ាងណាក្តី នៅថ្ងៃចុងក្រោយនៃការស្នាក់នៅរបស់ខ្ញុំ ខ្ញុំក៏បានស៊ាំនឹងសម្លេងរំខានទាំងអស់នោះ បានជាខ្ញុំអាចគេងលក់ពេញមួយយប់ ដោយមិនភ្ញាក់ដូចមុនទៀតទេ។ មានន័យថា ខ្ញុំឈប់ខ្វល់ពីសម្លេងនោះទៀតហើយ។
ប៉ុន្តែ មានរឿងរំខានមួយចំនួនដែលខ្ញុំមិនចង់ឈប់ខ្វល់ពីវា! ឧទាហរណ៍ ខ្ញុំចូលចិត្តការដែលស្វាមីរបស់ខ្ញុំយកកាហ្វេមួយពែងមកឱ្យខ្ញុំ ដោយមិនដឹងខ្លួន ខណះដែលខ្ញុំកំពុងជាប់ដៃជាមួយនឹងកុំព្យូទ័រ។ ហើយខ្ញុំក៏មានអំណរណាស់ ពេលមិត្តសំឡាញ់របស់ខ្ញុំទូរស័ព្ទមក ដោយខ្ញុំមិនបានរំពឹងទុកជាមុន។
ជួនពេលខ្លះ មានការល្បួងដែលនាំឱ្យយើងមិនខ្វល់អំពី “ការរំខានដ៏បរិសុទ្ធ” របស់ព្រះវិញ្ញាណបរិសុទ្ធ ជាហេតុធ្វើឲ្យយើងមិនស្តាប់តាមការបណ្តាលចិត្តរបស់ទ្រង់។ ពេលនោះ ទ្រង់ប្រហែលជាកំពុងអង្រួនយើងឱ្យភ្ញាក់ដឹងខ្លួនថា យើងចាំបាច់ត្រូវទូលសូមការអត់ទោសបាប ចំពោះអ្វីដែលយើងបាននិយាយ ឬប្រព្រឹត្ត។ ម្យ៉ាងទៀត ទ្រង់ប្រហែលជាកំពុងរំឭកយើងម្តងហើយម្តងទៀតថា ដើម្បីឲ្យយើងអធិស្ឋានឱ្យអ្នកណាម្នាក់ដែលកំពុងជួបវិបត្តិ។ ឬមួយទ្រង់កំពុងដាស់តឿនយើងថា យើងមិនទាន់បានផ្សាយដំណឹងល្អដល់មនុស្សជាទីស្រឡាញ់របស់យើង ឲ្យបានគ្រប់ជ្រុងជ្រោងនៅឡើយទេ។
ពេលដែលព្រះវិញ្ញាណបរិសុទ្ឋសណ្ឋិតក្នុងចិត្តយើងម្នាក់ៗ ទ្រង់បង្រៀន ដាស់តឿន លើកទឹកចិត្ត និងដឹកនាំយើងឲ្យដើរតាមសេចក្តីពិត(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នកកំពុងបើកចំហរចិត្ត ទទួលការរំខាននៃព្រះសូរសៀងរបស់ទ្រង់ឬទេ? —Cindy Hess Kasper