កាលពីរបីឆ្នាំមុន អ្នកដឹកនាំការសិក្សាព្រះបន្ទូល ក្នុងក្រុមរបស់យើង បានលើកទឹកចិត្តឲ្យយើងទន្ទេញបទគម្ពីរ ឲ្យបានមួយជំពូក ហើយបានឱ្យយើងសូត្របទគម្ពីរនោះ ឲ្យក្រុមទាំងមូលស្តាប់។ ពេលនោះ ខ្ញុំក៏បានចាប់ផ្តើមប្រកែក និងត្អូញត្អែរនៅក្នុងចិត្តថា តើខ្ញុំត្រូវសូត្របទគម្ពីរមួយជំពូក នៅចំពោះមុនមនុស្សគ្រប់គ្នាឬ? ខ្ញុំមិនមែនជាមនុស្សពូកែទន្ទេញផង។ ខ្ញុំក៏ឈ្ងោកមុខចុះ ដោយនឹកស្រមៃឃើញថា ខ្លួនឯងកំពុងសូត្រខគម្ពីរ ហើយជាប់គាំងយ៉ាងយូរ ខណៈដែលគ្រប់គ្នាកំពុងមើលខ្ញុំ ទាំងរង់ចាំស្តាប់ពាក្យបន្ទាប់ ដែលខ្ញុំត្រូវសូត្រ។ ពីរបីថ្ងៃក្រោយមក ខ្ញុំមានការស្ទាក់ស្ទើរ នៅក្នុងការបើកព្រះគម្ពីរ រកមើលជំពូកណា ដែលត្រូវចិត្តខ្ញុំ ដើម្បីងាយស្រួលទន្ទេញ។ ខ្ញុំក៏ចេះតែបើករកមើល ទីបំផុតខ្ញុំក៏បានបើកដល់ក័ណ្ឌគម្ពីរភីលីពជំពូក៤។
ខ្ញុំក៏បានអានបទគម្ពីរនេះស្ងាត់ៗនៅក្នុងចិត្ត ត្រង់ខដែលចែងថា “កុំឱ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”(ខ.៦)។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងថាជំពូកណាត្រូវទន្ទេញ និងថែមទាំងបានដឹងពីរបៀបដែលខ្ញុំអាចដើរចេញពីការថប់បារម្ភ អំពីកិច្ចការដែលត្រូវធ្វើនោះទៀតផង។
ព្រះទ្រង់មិនចង់ឱ្យយើងរាល់គ្នាព្រួយបារម្ភ អំពីហេតុការណ៍ដែលនឹងកើតឡើង នៅពេលអនាគតឡើយ ពីព្រោះការថប់បារម្ភបង្ខាំងការអធិស្ឋានរបស់យើង។ លោកសាវ័កប៉ុលក៏បានរំឭកយើងផងដែរថា យើងមិនគួរមានការថប់បារម្ភឡើយ ផ្ទុយទៅវិញ យើងគួរអធិស្ឋានទូលសូមជំនួយពីព្រះអម្ចាស់វិញ។ ល្គឹកណាយើងប្រើវិធីសាស្រ្តនេះ ដើម្បីជម្នះការថប់បារម្ភ នោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត និងគំនិតរបស់យើងរាល់គ្នា(ខ.៧)។
មានគេនិយាយលេងថា “បើអ្នកអាចព្រួយបារម្ភបាន ចុះហេតុអ្វីអ្នកមិនអាចអធិស្ឋានបាន?” សំនួរនេះបានបញ្ផាក់យ៉ាងច្បាស់ថា ការព្រួយបារម្ភគ្មានប្រយោជន៍ដល់យើងរាល់គ្នាទាល់តែសោះ ប៉ុន្តែ ការអធិស្ឋានអាចនាំឲ្យយើងមានការប្រកបស្និទ្ធស្នាលជាមួយនឹងព្រះមួយអង្គ ដែលអាចរំដោះយើងឲ្យរួចពីការព្រួយបារម្ភគ្រប់យ៉ាង។ —Jennifer Benson Schuldt