នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩០៩ មានយុវជនវ័យក្មេងម្នាក់ បានបើកបរយន្តហោះដ៏ចម្លែកមួយគ្រឿង ដែលមានសណ្ឋានដូចខ្លែង ដែលមានរាងដូចប្រអប់ទ្រវែងដ៏ធំមួយ។ ពេលវាហោះឡើងខ្ពស់បានបន្តិច អាកាសយាន្តនិកម្នាក់នេះ ក៏បានបញ្ជាចង្កូត ដើម្បីឲ្យខ្លួនអាចបើកវារំលងពីលើកំពង់ផែក្រុងញូយ៉ក។ មនុស្សម្នាក៏បាននាំគ្នាសម្លឹងមើលទៅលើ ដោយការភ្ញាក់ផ្អើល។ នៅក្នុងកំពង់ផែនោះ នាវាទាំងឡាយបានបន្លឺសម្លេងស៊ីផ្លេរបស់ខ្លួន ដើម្បីអបអរសាទរ។ ហ្វូងមនុស្សដែលនៅក្បែររូបចម្លាក់សេរីភាពក៏បាននាំគ្នាស្រែកហូរ ពេលបានឃើញលោកវីលប័រ រ៉ាយ(Wilbur Wright) កំពុងហោះហើរនៅលើមេឃ។
លោកអរវីល(Orville) ជាបងប្អូនរបស់លោកវីលប័រ ដែលបានបើកបរយន្តហោះដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត មុនលោកវីលប័រប្រាំមួយឆ្នាំ។ គាត់បានបកស្រាយអំពីកត្តាដែលជំរុញចិត្តពួកគេឲ្យចង់ហោះហើរថា “ការមានបំណងចិត្តចង់ហោះហើរ គឺជាគំនិតដែលបន្សល់ទុកពីបុព្វបុរសរបស់យើង ដែលមានចិត្តច្រណែន សត្វបក្សីដែលចេះហោះហើរចុះឡើងៗ ដោយសេរី នៅក្នុងអាកាស យ៉ាងលឿន ដោយគ្មានអ្វីរារាំង តាមមហាវិថីខ្យល់ដែលគ្មានដែនកំណត់”។ បងប្អូនត្រកូលរ៉ាយទាំងពីរនាក់នេះ បានចំណាយពេលជាច្រើន នៅក្នុងការសិក្សាអំពីការហោះហើររបស់សត្វបក្សី មុនពេលរចនាយន្តហោះរបស់ខ្លួន ឲ្យចេញជារូបជារាង្គឡើង។ ក្នុងកណ្ឌលោកុប្បត្តិ មានសេចក្តីដែលចែងថា “កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី”(១:១) ហើយទ្រង់មានបន្ទូលថា “ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស”(ខ.២០)។ យើងអបអរសាទរចំពោះការច្នៃបង្កើតរបស់បងប្អូនត្រកូលរ៉ាយ។ ប៉ុន្តែ ព្រះអទិករដែលបានបង្កើតសត្វបក្សី ដែលចេះហោះហើរតាំងពីដើមមក ទ្រង់សមនឹងទទួលការសរសើរតម្កើងដ៏ខ្ពស់បំផុត សម្រាប់ការបង្កើតបក្សី និងស្នាព្រះហស្ថដទៃទៀត!-Dennis Fisher