ខណៈពេលលោកហ្គារី(Gary) កំពុងរង់ចាំតុលាការជំនុំជម្រះរឿងក្តីរបស់គាត់ នៅក្នុងបន្ទប់កាត់ក្តី គាត់បានស្តាប់ឮគេនិយាយគ្នា អំពីរឿងដ៏សោកសៅជាច្រើន របស់អ្នកដែលកំពុងតែបាត់បង់ផ្ទះសម្បែង។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សជាច្រើនបានធ្វើតាមនិតិវិធី ដែលខ្លួនហាក់ដូចជាបានយល់ច្បាស់។ ប៉ុន្តែ សម្រាប់ស្ត្រីម្នាក់ ឈ្មោះលីសលី(Lesley) មើលទៅគាត់ ហាក់ដូចជាកំពុងសុញ្ញគំនិតចំពោះរឿងនេះ។ លោកហ្គារីបានដឹងថា ស្ត្រីម្នាក់នេះមិនដឹងថាត្រូវដោះស្រាយ ដោយរបៀបណាទេ ឬទៅរកជំនួយនៅកន្លែងណាទេ។
ពេលនោះ គាត់បានព្យាយាមបញ្ឈប់សម្លេងនៅក្នុងចិត្តគាត់ ដែលកំពុងជំរុញឱ្យគាត់ជួយនាង ប៉ុន្តែ គាត់មិនអាចបញ្ឈប់វាបានទេ។ គាត់បានគិតអំពីមូលហេតុជាច្រើន ដែលគាត់មិនត្រូវលូកដៃចូលក្នុងរឿងរបស់គេ។ ទីមួយ គាត់មិនមានជំនាញ នៅក្នុងការទៅសន្ទនាជាមួយអ្នកដែលខ្លួនមិនស្គាល់ទេ។ ទីពីរ គាត់ភ័យខ្លាចគេយល់ច្រឡំអំពីបំណងរបស់គាត់។ ប៉ុន្តែ ក្រោយមក គាត់យល់ថា ការជម្រុញចិត្តនោះ គឺមកពីព្រះអម្ចាស់ទេ ហើយគាត់មិនចង់ប្រថុយនឹងការមិនស្តាប់បង្គាប់ឡើយ។
ពេលលោកហ្គារីបានឃើញអ្នកស្រីលីសលី កំពុងដើរចេញពីបន្ទប់កាត់ក្តី គាត់ក៏បាននិយាយទៅកាន់នាងថា “អ្នកស្រី ខ្ញុំបានឮទីបន្ទាល់របស់អ្នកស្រី នៅក្នុងបន្ទប់កាត់ក្តី ហើយខ្ញុំជឿថាព្រះអម្ចាស់ចង់ឱ្យខ្ញុំជួយអ្នកស្រី”។
ដំបូងឡើយ អ្នកស្រីលីសលីមានចិត្តសង្ស័យ ចំពោះលោកហ្គារី ប៉ុន្តែ គាត់ក៏បានផ្តល់ការធានាអំពីភាពស្មោះត្រង់របស់គាត់។ គាត់ក៏បានទូរស័ព្ទទៅមនុស្សមួយចំនួន ក្នុងពួកជំនុំប្រចាំតំបន់ ដើម្បីឱ្យនាងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលអាចផ្តល់ជំនួយ តាមសេចក្តីត្រូវការរបស់នាងបាន ដើម្បីកុំឲ្យនាងបាត់បង់ផ្ទះសម្បែង។
ព្រះអម្ចាស់ត្រាសហៅយើង ឱ្យមានតួនាទីដ៏សកម្ម(១យ៉ូហាន ៣:១៨)។ ពេលយើងដឹងថា ទ្រង់កំពុងបណ្តាលចិត្តយើងឱ្យជួយនរណាម្នាក់ នោះយើងគួរតែនិយាយប្រាប់អ្នកនោះថា “ខ្ញុំជឿថា ព្រះចង់ឱ្យខ្ញុំជួយអ្នក”។ —Julie Ackerman Link