ការស្គាល់ប្រវត្តិសាស្ត្រ

ពេល​ខ្ញុំ និង​ភរិយា​របស់​ខ្ញុំ កំពុង​ទស្សនា​ក្នុង​សារៈ​មន្ទីរ​នៃ​ចក្រ​ភព​អង់​គ្លេស យើង​មាន​ការ​ភ្ញាក់​ផ្អើល ​ចំពោះប្រ​វត្តិ​សាស្ត្រ និង​កេរ​ដំណែល ដែល​គេបាន​រក្សា​ទុក​នៅក្នុ​ងសា​រៈ​មន្ទី​ដ៏​ធំ​មួយ​នោះ នៅទី​​ក្រុង​ឡុង។ យើង​បាន​មើល​វត្ថុ​បុរាណ ដែល​មាន​អាយុ​កាល​ចាស់​ជាង​វត្ថុ​បុរាណ​នៅស​ហរ​ដ្ឋ​អាមេរិ​ករាប់​សតវត្សរ៍ ហើយ​ការនេះ​​បាន​រំឭក​ខ្ញុំ​ថា ការ​យល់​ដឹង​អំពី​ប្រវត្តិ​សាស្រ្ត ពិត​ជា​មាន​តម្លៃ​ណាស់​។ ប្រវត្តិ​សាស្ត្រផ្ត​ល់​ឲ្យ​យើង​នូវ​កំណត់​ត្រា អំ​ពីទស្សន​វិស្ស័យ អំពី​បរិបទ​​ជុំវិញ និង​អំពី​ផល​វិបាក​ផ្សេង​ៗ ដែល​​អាច​​ជួយ​យើង ឱ្យ​ចេះ​ធ្វើកា​រសម្រេច​ចិត្ត​ដ៏​ឆ្លាត​វៃ ពេល​យើង​បាន​រៀន​សូត្រ​អំពី​ជ័យ​ជម្នះ និង​បរ៉ា​ជ័យ​របស់​អ្នក​ជំនាន់​មុន។

សាវ័ក​ប៉ុល​ក៏​បាន​មើល​ឃើញ​តម្លៃ នៃ​ការ​ឱប​ក្រសោប​យក​មេរៀន​របស់​ប្រវត្តិ​សាស្ត្រ​ផង​ដែរ។ ដើម្បី​ធ្វើ​ការដាស់​តឿន អំពី​សេចក្តី​ហិន​វិនាស ដែល​កើត​ឡើង​ពី​ការ​សម្រេច​ចិត្ត​ខុស សាវ័​ក​ប៉ុល​បាន​និយាយ​អំពី​​ប្រវត្តិ​​របស់ពួ​ក​កូន​ចៅ​អ៊ីស្រាអែល និង​អំពី​ការ​វិល​វល់​ក្នុង​ទីរហោ​ស្ថាន ដែល​ជា​លទ្ឋ​ផ​ល​​នៃ​ការ​បដិសេធ​មិន​ព្រមទុក​ចិត្ត​លើ​ព្រះ និង​ចូល​ទឹក​ដីស​ន្យា(សូមមើល ជនគណនា ១៤)។ បន្ទាប់​មក​លោក​ប៉ុល​ក៏​បាន​ប្រាប់​អ្នក​ជឿ​ព្រះ ​នៅទី​ក្រុង​កូរិន​ថូស​ថា “រីឯ​កា​រ​ទាំង​នោះ​បាន​កើត​មក​ដល់ គេ​ទុក​ជា​គំរូ ហើយ​បាន​កត់​ទុក​សម្រាប់​ជា​សេចក្តី​ទូន្មាន​ប្រដៅ ដល់​យើង​រាល់​គ្នា​ ដែល​នៅ​ចុង​បំផុត​នៃ​អស់​ទាំង​កល្ប”(១​កូរិន​ថូស ១០:១១)។

ព្រះ​អ​ម្ចាស់​បាន​ប្រទាន​នូវ​ព្រះ​គម្ពីរ មក​យើង​រាល់​គ្នា ដើម្បី​ជួយ​ឲ្យ​យើង​បាន​រៀន​សូត្រ​ពី​ប្រវត្តិ​សាស្ត្ររ​បស់​រាស្ត្រ​ទ្រង់។ មេ​រៀន​ក្នុង​ព្រះ​គម្ពីរ ផ្តល់​ឲ្យ​យើង​នូវ​ឧទាហរណ៍ និង​គំរូ ក៏​ដូច​ជា​ការ​ដាស់តឿ​ន ដើម្បី​កុំ​ឲ្យ​យើង​ធ្វើ​ការ​សម្រេច​ចិត្ត តាម​និស្ស័យ​បាប​ទៀត ហើយ​ដើម្បី​ជួយ​ឲ្យ​យើង​រស់​នៅ​ដោយ​ប្រាជ្ញា។ ដូច​នេះ សូម​យើង​សួរ​ខ្លួន​ឯង​ថា តើ​យើង​នឹង​រៀន​សូត្រ​ពី​មេរៀន​នៃ​អតីត​កាល ឬ​ប្រព្រឹត្តខុ​ស​ដូច​អ្នក​ជំនាន់​មុន​ដែរ?-Bill Crowder

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles