លោកហល នីដហាម(Hal Needham)ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អ្នកដើរតួរជំនួស ក្នុងឈុតគ្រោះថ្នាក់! ជីវិតអ្នកសម្តែងហូលីវូត ក្នុងឈុតឡានបុកគ្នា ឈុតលោតពីលើយន្តហោះ ឈុតបាក់ឆ្អឹង ឈុតចម្អកឲ្យសេចក្តីស្លាប់ ។ លោកនីដហាមបាននិយាយឆ្លុះបញ្ចាំងអំពីការហ៊ានប្រថុយនឹងគ្រោះថ្នាក់ដោយពិពណ៌នាអំពីឈុតដែលគាត់ធ្លាប់សម្តែង ដូចជាឈុតវាយតប់គ្នានឹងកណ្តាប់ដៃធ្ងន់ៗ ឈុតប្រណាំងឡានក្នុងល្បឿនលឿន ឈុតដើរលើស្លាបយន្តហោះដែលកំពុងហោះហើរ ឈុតធ្លាក់ពីលើខ្នងសេះ ព្រមទាំងឈុតដុតខ្លួនឱ្យឆេះផងដែរ! គាត់បានប្រថុយជីវិត ក្នុងខ្សែភាពយន្ត ដើម្បីកម្សាន្តអារម្មណ៍ទស្សនិកជន និងដើម្បីក្លាយជាកំពូលអ្នកសម្តែងជំនួសក្នុងឈុតគ្រោះថ្នាក់ ក្នុងខ្សែភាពយន្តហូលីវូដ។
យ៉ាងណាមិញ សាវ័កប៉ុល និងលោកបាណាបាសក៏ “ជាមនុស្សដែលបានប្រថុយជីវិត”ដែរ(កិច្ចការ១៥:២៦)។ ប៉ុន្តែ ពួកគេមានបំណងផ្សេងពីលោកនីដហាម។ គោលដៅ របស់ពួកគេ គឺដើម្បីលើកតម្កើងព្រះនាមព្រះគ្រីស្ទ តាមរយៈការផ្សាយដំណឹងល្អ។ ក្នុងនាមជាបេសកជន ក្នុងចក្រភពរ៉ូម លោកប៉ុល បានប្រឈមមុខនឹងគ្រោះថ្នាក់ ដូចជា ការលិចសំពៅ ការត្រូវគេវាយដំ ការបៀតបៀន និងការជាប់គុក ហើយនៅមានទុក្ខលំបាកជាច្រើនទៀត(២កូរិនថូស ១១:២២-៣០)។ ប៉ុន្តែ សាវ័កប៉ុលមិនគ្រាន់តែសុខចិត្តប្រថុយជីវិត ដើម្បីធ្វើឲ្យគេស្គាល់ព្រះនាមព្រះគ្រីស្ទប៉ុណ្ណោះឡើយ។
មានគ្រីស្ទបរិស័ទជាច្រើនបានប្រថុយគ្រោះថ្នាក់ ដើម្បីចែកចាយដំណឹងល្អ។ ប៉ុន្តែ អ្នកខ្លះទៀតបែរជានៅស្ងាត់ស្ងៀមទៅវិញ ដោយសារខ្លាចគេបដិសេធ។ តើអ្នកធ្លាប់ធ្វើមិនដឹងមិនឮ ចំពោះឱកាសចែកចាយដំណឹងល្អដែរឬទេ? ព្រះបានប្រទានព្រះវិញ្ញាណបរិសុទ្ឋ ដើម្បីចម្រើនកម្លាំងដល់យើងរាល់គ្នា(កិច្ចការ ១:៨) ហើយបានប្រទានព្រះបន្ទូលទ្រង់ ឲ្យយើងយល់ច្បាស់ (រ៉ូម ១:១៦)។ ចូរទូលសូមឲ្យព្រះប្រទានចិត្តក្លាហាន ក្នុងការប្រកាស់ និងធ្វើបន្ទាល់ពីព្រះអង្គ សង្គ្រោះ។ ការហ៊ានប្រថុយជីវិតថ្វាយព្រះ គឺមានតម្លៃយ៉ាងប្រសើរបំផុត។ —Dennis Fisher