ក្នុងវប្បធម៌ដែលចូលចិត្តធ្វើអ្វីៗលឿន ដែលច្រើនតែនាំឲ្យមនុស្សម្នា “ញាំអាហារទាំងប្រញាប់ប្រញាល់” មានមនុស្សតិចតួចណាស់ ដែលបានចំណាយពេលញាំអាហារសម្រាកកាយ ជាមួយញាតិមិត្ត យ៉ាងសប្បាយរីករាយ។ គេថែមទាំងបានកត់សំគាល់ថា ក្នុងសង្គមលោកខាងលិច សព្វថ្ងៃនេះ មានវិធីតែម្យ៉ាងគត់ ដើម្បីឲ្យគេអាចញាំអាហារដែលមានម្ហូប៧មុខ យ៉ាងសប្បាយរីករាយបាន គឺដោយប្រមូលអាហារទាំងអស់នោះ មកទ្រាប់នៅចន្លោះនំប៉័ងពីរបន្ទះ ហើយញាំវាដូចនំសាំងវិញអញ្ចឹង ទើបបានទាន់ពេលវេលា!
បន្ទាប់ពីជនជាតិអ៊ីស្រាអែលជាច្រើននាក់ ដែលត្រូវបាននិរទេសចូលចក្រភពបាប៊ីឡូន ត្រឡប់មកក្រុងយេរូសាឡិមវិញ ដើម្បីសាងសង់ព្រះវិហារ និងកំផែងនៃទីក្រុងមួយនេះឡើងវិញ ពួកគេបានជួបជុំគ្នា ដើម្បីស្តាប់លោកអែសរ៉ាអានបទគម្ពីរក្រឹត្យវិន័យ ដែលព្រះបានប្រទានតាមរយៈលោកម៉ូសេ (នេហេមា ៨:១)។ ពួកគេបានស្តាប់ព្រះបន្ទូលព្រះដែលគាត់បានអាន ជាច្រើនម៉ោង ហើយទន្ទឹមនឹងនោះ ក៏មានគ្រូបង្រៀនក្រឹត្យវិន័យពន្យល់ក្រឹត្យវិន័យ ដល់ពួកជន កំពុងដែលពួកជនឈរនឹងនៅកន្លែងរបស់គេ “ពួកអ្នកទាំងនោះបានអានមើល ក្នុងគម្ពីរក្រឹត្យវិន័យរបស់ព្រះ ព្រមទាំងស្រាយន័យសេចក្តីឲ្យគេបានយល់បទដែលអានមើលនោះផង”(ខ.៨)។
ពេលដែលពួកគេទួញយំ ដោយសារមានការខ្វះខាត លោកអែសរ៉ា និងលោកនេហេមាដែលជាអភិបាលក្រុង បានប្រាប់ពួកគេថា ពេលនេះមិនមែនជាពេលទួញសោកទេ តែជាពេលអរសប្បាយ ហើកក៏បានប្រាប់ពួកគេ ឲ្យធ្វើពីធីបរិភោគអាហារ ហើយចែកអាហារដល់អ្នកដែលគ្មានអ្វីទទួលទាន “ដ្បិតអំណរនៃព្រះអម្ចាស់ ជាកម្លាំងរបស់ពួកគេរាល់គ្នាហើយ”(ខ.១០)។ បន្ទាប់មក “ពួកជនក៏នាំគ្នាទៅបរិភោគភោជន៍ ព្រមទាំងជូនជំនូនដល់គេ ហើយតាំងចិត្តអរសប្បាយឡើងជាខ្លាំង ដោយព្រោះបានយល់ន័យសេចក្តីទាំងប៉ុន្មាន ដែលបានថ្លែងប្រាប់ដល់ខ្លួន”(ខ.១២)។
ពិធីញាំអាហារខាងវិញ្ញាណ ដែលព្រះបានរៀបចំឲ្យយើង ក្នុងព្រះបន្ទូលទ្រង់ គឺជាមូលហេតុដែលយើងត្រូវមានអំណរដ៏អស្ចារ្យ សមនឹងឲ្យយើងចំណាយពេលបរិភោគយ៉ាងឆ្ងាញ់ពិសារ។–David McCasland